ពលរដ្ឋ​នៅ​ក្រចេះ​បារម្ភ​អំពី​ការ​ផ្ទុះ​អាវុធ​រវាង​អាជ្ញាធរ​និង​ឈ្មួញ​ឈើ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ បារម្ភ​ពី​សុវត្ថិភាព និង​សន្តិសុខ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​មួយ​ប្រាវ​រវាង​ឈ្មួញ​ដឹក​ឈើ​ប្រណីត ​និង​អាជ្ញាធរ​ជំនាញ​ដែល​​ចុះ​បង្ក្រាប​បទល្មើស​នៅ​ចំណុច​ឃុំ​ស្វាយជ្រះ កាល​ពី​យប់​ថ្ងៃ​២៤ កក្កដា បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង​របួស។ ព្រះរាជអាជ្ញា​បញ្ជាក់​ថា ការ​បាញ់​នោះ​គឺ​ចេញ​ពី​ក្រុម​ឈ្មួញ​ឈើ​មក​លើ​សមត្ថកិច្ច ហើយ​ខ្ទាត​គ្រាប់​ត្រូវ​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​នៅឃុំ​ស្វាយជ្រះ ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ម្នាក់ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា លោក​បារម្ភ​ទៅ​នឹង​សុវត្ថភាព​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ ​ដោយសារ​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ គឺ​មាន​ករណី​បាញ់​បោះ​ជា​ច្រើន​បាន​កើត​ឡើង​រវាង​ឈ្មួញ​ឈើ​និង​សមត្ថកិច្ច​ ដែល​ថែម​ទាំង​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​មិន​ដឹង​អី​ត្រូវ​រង​គ្រោះ​ដែរ​នោះ។

ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​២៤ កក្កដា​ គឺ​មាន​ការ​ផ្ទុះ​អាវុធ​រវាង​សមត្ថកិច្ច​និង​ឈ្មួញ​ឈើ​ប្រណីត​ដែល​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​របួស៖ «វា​បាញ់​ពី​ហ្នឹង​ទៅ​ប្លាត​ទៅ​ត្រូវ​ម្ចាស់​ផ្ទះ​គេ​ហ្នឹង ទើប​កូន​មួយ ដំបូង ត្រូវ​កូន​បៅ​នៅ​ម៉ោង ១២​កន្លះ​យប់​ហ្នឹង ដល់​ពេល​បាញ់​ហើយ​ក៏​គេ​បិទ​មាត់​ឈឹង អត់​មាន​នរណា​រក​អ្នក​ដៃ​ដល់ អ្នក​បាញ់​​ហ្នឹង​អត់​ឃើញ»

ប្រភព​ដដែល​បន្ត​ថា កន្លង​មក​ក៏​ធ្លាប់​មាន​ករណី​ផ្ទុះ​អាវុធ​កើត​មាន​ជា​ញឹកញាប់​​ គឺ​នៅ​ពេល​ដែល​ឈ្មួញ​ឈើ​ប្រណីត ឬ​អ្នក​ដឹក​ជន្លង់ម្រេច មិន​បា​ន​បង់ប្រាក់​ជូន​មន្រ្តី​សមត្ថកិច្ច​ទាំង​នោះ គឺ​ត្រូវ​បាន​សមត្ថកិច្ច​ជិះ​តាម ឬ​បាញ់​គំរាម​តែម្តង។ ប្រជាពលរដ្ឋ​ដដែល​បារម្ភ​ថា ប្រសិន​បើ​ករណី​នេះ​នៅ​កើត​មាន​ឡើង​ទៀត​នោះ វា​នឹង​បង្ក​ការ​លំបាក​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​យប់ប្រលប់​មិន​ខាន​ឡើយ។

អភិបាល​ស្រុក​ស្នួល លោក គង់ គឹមនី មាន​ប្រសាសន៍​ថា បញ្ហា​នេះ​លោក​ក៏​បាន​ស្នើ​ទៅ​ព្រះរាជ​អាជ្ញា​ខេត្ត​ក្រចេះ និង​មន្ត្រី​ជំនាញ​ ឱ្យ​ធ្វើ​យ៉ាង​ម៉េច​បញ្ចៀស​នូវ​ការ​ផ្ទុះ​អាវុធ​នានា​នៅ​កន្លែង​ដែល​ប្រជាពលរដ្ឋ​រស់​នៅ​និង​តាម​ផ្លូវ​សាធារណៈ​ជាដើម «មើល​ទៅ​កុំ​ឱ្យ​មាន​ប្រជាពលរដ្ឋ​ណា៎! ឱ្យ​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​បន្តិច កុំ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច។ ការ​បង្ក្រាប​វាតែ​ងតែ​មាន​មាន​ជះ​ទៅ​ជះ​មក ប៉ះ​ទៅ​ប៉ះ​មក​ហើយ។ អ៊ីចឹង​ខ្ញុំ​ក៏​បាន​ទាក់ទង​ទៅ​គាត់​ហើយ ហើយ​លោក​អភិបាល​ខេត្ត​ក៏​បាន​សម្របសម្រួល​បញ្ហា​ហ្នឹង​ហើយ ដើម្បី​កុំ​ឱ្យ​បងប្អូន​​ភិតភ័យ​ត​ទៅ​ទៀត»

ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ក្រចេះ ដែល​ទើប​តែ​ផ្លាស់​មក​ពី​ខេត្ត​សៀមរាប បាន​ប្រហែល ២​ខែ លោក ទី សុវិនថាល់ មាន​ប្រសាសន៍​ថា ការ​ផ្ទុះ​អាវុធ​ដែ​ល​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង​របួស​នោះ គឺ​កើត​ចេញ​ពី​ក្រុម​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ដែល​បាន​បាញ់​សំដៅ​មក​សមត្ថកិច្ច​ ហើយ​ប្លាត​គ្រាប់​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ។

លោក​បន្ត​ថា សមត្ថកិច្ច​ព្យាយាម​មិន​ឱ្យ​តបត​នោះ​ទេ ប៉ុន្តែ​ជន​ល្មើស​គំរាម​ថា នឹង​ទៅ​ហៅ​គ្នា​បន្ថែម​ទៀត​នោះ ក៏​ខាង​សមត្ថកិច្ច​បាញ់​ឡើង​លើ​ដើម្បី​ជា​សញ្ញា​ហៅ​កម្លាំង​បន្ថែម​នោះ​ដែរ៖ «ចំពោះ​ការ​បាញ់​ហ្នឹង​ផុស​ចេញ​ពី​ការ​ទប់​​កំហឹង​មិន​បាន​​របស់​បុគ្គល​​សមត្ថកិច្ច។ ចំពោះ​​ខ្ញុំ​អត់​បញ្ជា​ដាច់​ខាត គឺ​ខ្ញុំ​មិន​បញ្ជា​ឱ្យ​បាញ់​ទេ តស៊ូ​អត់ធ្មត់​លុះត្រា​ដល់​កម្រិត​យើង ធ្វើ​ឱ្យ​គ្នា​យើង​របួស អា​ហ្នឹង​បាន​តតាំង​ហើយ»

លោក​អះអាង​ថា អ្នក​ដែល​បាញ់​នោះ គឺ​ជា​អ្នក​រក​ស៊ី​ឈើ​ដុះ​ស្លែ​ម្នាក់​នៅ​ខេត្ត​ក្រចេះ ដែល​មាន​រហស្សនាម​ថា ធីបាញ់ ជិះរថយន្ត​ឡិចស៊ិស ៤៧០ ពណ៌​ខ្មៅ ដែល​បាន​រត់​គេច​ខ្លួន​បាត់​ទៅ រីឯ​​មនុស្ស​ពីរ​នាក់​អម​ដោយ​​រថយន្ត​ពីរ​គ្រឿង រួម​នឹង​ឈើ​ផង​នោះ ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​​ឱ្យ​ខាង​មន្ត្រី​ជំនាញ​ចាត់ការ​តាម​នីតិវិធី។ ចំណែក​ស្ត្រី​ដែល​រង​របួស​ គឺ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ហើយ។

យ៉ាងណា​ក៏ដោយ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ សុំ​អំពាវ​នាវ​ដល់​រាជរដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​លុប​បំបាត់​ឱ្យ​ខាង​តែ​បាន​នូវ​រាល់​ករណី​បាញ់​បោះ​ពី​សំណាក់​អ្នក​មាន​អំណាច ឬ​ជន​ទុច្ចរិតឱ្យ​បាន ពិសេស​ស្រាវជ្រាវ​រក​ប្រភព​អាវុធ​ដែល​ឈ្មួញ​ទាំង​នោះ​បាន​​ប្រើប្រាស់​ហើយ​សមត្ថកិច្ច​គប្បី​ប្រើប្រាស់​អាវុធ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។