ពលរដ្ឋ​នៅ​ក្រចេះ​ស្នើ​ពន្លឿន​ចាត់​ការ​លើ​ពាក្យ​បណ្ដឹង​ប្ដឹង​ប្រជា​ការពារ​ភូមិ​និង​ប៉ូលិស​ប៉ុស្តិ៍

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បាន​ដាក់​ពាក្យ​ប្ដឹង​ប្រជា​ការពារ​ភូមិ​តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៤ ពី​បទ​ប្រើប្រាស់​កាំភ្លើង​ខុស​ច្បាប់​បាញ់​មក​លើ​កូន​គាត់ បណ្ដាល​ឱ្យ​របួស ប៉ុន្តែ​តុលាការ​មិន​ទាន់​ដាក់​ទោស​លើ​ជនល្មើស​នៅ​ឡើយ។ ចំណែក​មន្ត្រី​តុលាការ​សាលា​ដំបូង​ខេត្ត​ក្រចេះ បញ្ជាក់​ថា សំណុំ​រឿង​មួយ​នេះ​មាន​ភាព​ស្មុគស្មាញ។ ដូច​នេះ តុលាការ​ត្រូវ​ការ​ស៊ើប​អង្កេត​បន្ត​ទៀត ជុំវិញ​បញ្ហា​មួយ​នេះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ជា​ដើម​បណ្ដឹង​នៅ​តែ​រង់ចាំ​ចំណាត់​ការ​របស់​តុលាការ ក្នុង​ការ​សម្រេច​ចំពោះ​ពាក្យ​បណ្ដឹង​របស់​គាត់ ដែល​បាន​ដាក់​ចូល​សាលា​ដំបូង​ខេត្ត​ក្រចេះ កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៤។ ពាក្យ​បណ្ដឹង​នោះ គឺ​ប្ដឹង​កង​ការពារ​ភូមិ​ម្នាក់ និង​ប៉ូលិស​ប៉ុស្តិ៍ ពី​បទ​យក​កាំភ្លើង​បាញ់​កូន​ប្រុស​ខ្លួន​ចំនួន​ពីរ​គ្រាប់​កាល​ពី​ខែ​មេសា។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​បុស្ស ឃុំ​ដំរីផុង អ្នកស្រី បួន វ៉េន ឱ្យ​ដឹង​ថា អ្នកស្រី​បាន​រង់ចាំ​មើល​ចំណាត់​ការ​របស់​តុលាការ​ជា​យូរ​មក​ហើយ ចំពោះ​ករណី​បាញ់​កូន​ប្រុស​អ្នកស្រី ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​លទ្ធផល​អ្វី​សម្រាប់​អ្នកស្រី​នៅ​ឡើយ។ អ្នកស្រី​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​២០១៤ ឃើញ​ប៉ូលិស​ប៉ុស្តិ៍ និង​ប្រជា​ការពារ​ភូមិ បាន​ចាប់​កូន​ប្រុស​អ្នកស្រី ដោយ​ចោទ​ប្រកាន់​ថា បាន​បង្ក​ការ​រំខាន​ដល់​ការ​រាំរែក​មួយ​ក្នុង​វត្ត នៅ​ឃុំ​កំពង់ដំរី។ ខណៈ​កំពុង​ចាប់​កូន​អ្នកស្រី ឈ្មោះ ផាន សុខ ក៏​មាន​កូន​ប្រុស​អ្នកស្រី​ម្នាក់​ឈ្មោះ ផាន ផល ត្រូវ​ជា​ប្អូន បាន​ចូល​ទៅ​ជួយ​បង​ប្រុស ក៏​ត្រូវ​បាន​ប្រជា​ការពារ​ភូមិ លោក យន់ សំអូន ទាញ​កាំភ្លើង​ពី​ប៉ូលិស​ប៉ុស្តិ៍ មក​បាញ់​ចំនួន​បី​គ្រាប់ គឺ​មួយ​គ្រាប់​បាញ់​បង្អើល និង​ពីរ​គ្រាប់​ទៀត គឺ​ត្រូវ​ចំ​ជើង​កូន​របស់​អ្នកស្រី។

អ្នកស្រី និង​គ្រួសារ នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង ពីព្រោះ​មក​ដល់​ពេល​នេះ ជន​ប្រព្រឹត្តិ​បទល្មើស​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន ឬ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​ណា​នោះ​ទេ៖ «កូន​ខ្ញុំ​ទៅ​បុណ្យ​មែន ប៉ុន្តែ​មិន​ទាន់​មាន​វ៉ៃ​កាប់​ចាក់​គ្នា​នោះ​ទេ ខ្ញុំ​ទៅ​ដល់​សួរ​អស់​ហើយ អ្នក​ស្រុក​គេ​ឯណោះ​ថា​មិន​ទាន់​មាន​វ៉ៃ​គ្នា​ទេ តើ​ហេតុ​អ្វី​បាន​ជា​ប៉ូលិស និង​អា សំអូន ស្រុក​ខ្ញុំ​នេះ​មក​ព័ទ្ធ​បាញ់​ដូច្នោះ។ ដូច​ប្រើស! អ្នកស្រី​វា​ហួស​ចិត្ត​ពេក​ហើយ​លោក​រាល់​ថ្ងៃ​នេះ»

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​ពាក្យ​បណ្ដឹង គឺ​បាន​ប្ដឹង​ទៅ​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដំរីផុង និង​ប្រជា​ការពារ​ភូមិ​រូប​នោះ ហើយ​ក៏​បាន​ទាមទារ​ជំងឺ​ចិត្ត ព្រម​ទាំង​ថ្លៃ​ព្យាបាល​របួស​ចំនួន ២​ម៉ឺន​ដុល្លារ និង​ទាមទារ​ឱ្យ​តុលាការ​ចាប់​ជន​ដៃដល់​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដំរីផុង និង​ប្រជា​ការពារ​ភូមិ​នោះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា។

ទាក់ទង​នឹង​បញ្ហា​នេះ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក ហាក់ ហ៊ាន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ មិថុនា ថា ករណី​នេះ គឺ​មាន​ភាព​ពិបាក​បន្តិច​ត្រង់​ថា ដើម​បណ្ដឹង​មាន​ច្រើន រីឯ​ជន​សង្ស័យ​ក៏​មាន​ច្រើន ដូចនេះ ខាង​តុលាការ គឺ​ត្រូវ​ការ​ស៊ើប​អង្កេត​បន្ត​ទៀត ដើម្បី​ឱ្យ​កាន់​តែ​ច្បាស់៖ «អ៊ីចឹង​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង ហើយ​គាត់​ក៏​បាន​រាយការណ៍​មក​ប៉ុស្តិ៍ ហើយ​ប៉ុស្តិ៍​ក៏​ទៅ​ដោយ​មាន​ប្រជា​ការពារ​ភូមិ​ទៅ​ជាមួយ​ផង។ ដល់​ពេល​ចុះ​ទៅ​ឃើញ​ស្ថានភាព​ហ្នឹង មិន​ស្រួល គាត់​ក៏​ហៅ​អ្នក​ដែល​គេ​ប្ដឹង​ហ្នឹង។ ពេល​ហៅ​មក​ក៏​មាន​បញ្ហា​ប្រទ្រូសប្រទ្រាស់​គ្នា​ទៅ​ខាង​ណោះ​ទៅ​វ៉ៃ​ប៉ូលិស ខាង​បី​នាក់​ដែល​លោក​ប្ដឹង​នោះ​ណា ហើយ​ប៉ូលិស​ប៉ុស្តិ៍​គាត់​ក៏​ក្រវេញ​កាំភ្លើង​ទៅ បាន​ប្រជា​ការពារ​ភូមិ។ ដល់​បាន​កាំភ្លើង​ក៏​បាញ់ មិន​មែន​បាញ់​ត្រូវ​ប្រជាពលរដ្ឋ​ភ្លាម​ទេ គឺ​នីតិវិធី​ដែល​គាត់​បាញ់​ហ្នឹង គឺ​បាញ់​ឡើង​លើ ហើយ​ក៏​គាត់​បាញ់​ផ្ចុច​ដី ឃើញ​ត្រូវ​ប្រអប់​ជើង​មួយ​គ្រាប់ និង​កំភួន​ជើង អា​ហ្នឹង​ហើយ​ដែល​ខ្ញុំ​ចង់​ស៊ើប​ឱ្យ​ច្បាស់​លាស់»

លោក​បន្ថែម​ទៀត​ថា កន្លង​មក​ខាង​ព្រះរាជ​អាជ្ញា​បាន​កោះ​ហៅ​ដើម​បណ្ដឹង និង​ជន​សង្ស័យ​ចូល​បំភ្លឺ​ចំនួន​ពីរ​ដង​រួច​មក​ហើយ ប៉ុន្តែ​ខាង​ភាគី​ជន​សង្ស័យ​មិន​ទាន់​បាន​ចូល​នោះ​ទ ហើយ​ព្រះរាជ​អាជ្ញា​គ្រោង​នឹង​កោះ​ហៅ​ជា​ថ្មី​ម្តង​ទៀត។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ជន​សង្ស័យ​នៅ​តែ​មិន​ចូល​ទៀត ខាង​ព្រះរាជ​អាជ្ញា​នឹង​ចាត់​ឱ្យ​ចៅក្រម​ចេញ​ស៊ើប​អង្កេត​បញ្ហា​នេះ ដើម្បី​ដាក់​បន្ទុក ឬ​ដោះ​បន្ទុក​យ៉ាង​ណា​នោះ គឺ​ធ្វើ​តាម​នីតិវិធី។

មន្ត្រី​ផ្នែក​អង្កេត​នៃ​សមាគមន៍​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) នៅ​ខេត្ត​ក្រចេះ លោក ហេង ភារៈ យល់​ថា ករណី​នេះ គឺ​ខាង​ជន​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​យូរ​មក​ហើយ ចំណែក​ឯ​ភស្តុតាង និង​សាក្សី ជន​រងគ្រោះ​ក៏​មាន​គ្រប់គ្រាន់​សម្រាប់​ដាក់​បន្ទុក​ជន​សង្ស័យ​ហើយ​ដែរ។ ដូចនេះ ខាង​តុលាការ​គប្បី​ពន្លឿន​នីតិវិធី​ឱ្យ​បាន​ឆាប់ ចំពោះ​បញ្ហា​នេះ៖ «យើង​ឃើញ​ថា មាន​តាំង​ពី​រូបថត មាន​តាំង​ពី​ជន​រងគ្រោះ​រង​របួស ហើយ​សាក្សី​ជាច្រើន​បាន​ចង្អុល​បង្ហាញ​ថា កាំភ្លើង​ហ្នឹង​ជា​កាំភ្លើង​របស់​មេ​ប៉ុស្តិ៍ ហើយ​មាន​សន្តិសុខ​ភូមិ​ហ្នឹង​ជា​អ្នក​ជន​ដៃ​ដល់។ អ៊ីចឹង​អ្វី​ដែល​យើង​រក​ឃើញ​នេះ ព្រះរាជ​អាជ្ញា​គួរ​តែ​មាន​ការ​ពិចារណា​ពន្លឿន​នីតិវិធី​រឿង​ហ្នឹង ព្រោះ​ថា មាន​ភស្តុតាង​គ្រប់គ្រាន់ ហើយ​និង​វា​មិន​ចាំបាច់​ទៅ​រក​អី​វែង​ឆ្ងាយ​ទៀត​ទេ»

លោក​បញ្ជាក់​ថា ប្រសិន​បើ​តុលាការ​នៅ​តែ​ពន្យារ​នីតិវិធី​ចំពោះ​បញ្ហា​នេះ ក្រោម​ហេតុផល​ថា​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៀត​នោះ វា​អាច​ធ្វើ​ឱ្យ​ជន​រងគ្រោះ​មាន​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​របស់​ពួក​គាត់​កាន់​តែ​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។