ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​បារម្ភ​អំពី​សុវត្ថិភាព​នៅពេល​ប្រើប្រាស់​ស្ពាន​យោល​ដែល​ចាស់​ទ្រុឌទ្រោម

ដោយ ម៉ែន សុធីរ
2016.12.29
ស្ពាន​យោល ក្រចេះ ៨៥៥ ពលរដ្ឋ​ជិះ​ម៉ូតូ​ឆ្លង​កាត់​ស្ពាន​យោល​នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr
RFA/Men Sothyr

ពលរដ្ឋ​រស់​នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ត្អូញត្អែរ​ពី​ស្ថានភាព​ស្ពាន​យោល​មួយ​កន្លែង​ថា មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដំណើរ​ជា​ហូរហែ ហើយ​កុមារ និង​មនុស្ស​ចាស់​គឺ​ជា​អ្នក​ដែល​ប្រឈម​ខ្លាំង។ អ្នក​ភូមិ​ថា ស្ពាន​មួយ​ខ្សែ​នេះ​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ច្រើន​ឆ្នាំ​កន្លង​ទៅ ក៏ប៉ុន្តែ​ពួកគេ​កំពុង​ខ្វល់ខ្វាយ​ពី​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​លើ​ស្ពាន​នេះ។

​ពលរដ្ឋ​រស់​នៅ​ឃុំ​កំពង់ចាម អំពាវនាវ​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ សុំ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​កសាង​ស្ពាន​យោល​មួយ​ខ្សែ​ឋិត​នៅ​មូលដ្ឋាន​ពួកគេ​រស់​នៅ ដើម្បី​ធានា​សុវត្ថិភាព​ពលរដ្ឋ និង​សម្រាល​ជីវភាព​រស់​នៅ​របស់​ពួកគេ។  អ្នក​ភូមិ​ថា ពួកគេ​ប្រថុយ​គ្រោះថ្នាក់ ដោយ​ឆ្លង​ស្ពាន​នេះ​ទាំង​បង្ខំ​ចិត្ត ព្រោះ​តែ​ពុំ​មាន​ជម្រើស​ផ្សេង។

ពលរដ្ឋ​រស់​នៅ​ភូមិ​ទន្សោងធ្លាក់ ឃុំ​កំពង់ចាម លោក វ៉ន ត្រៃ  សម្លឹង​ឃើញ​ថា ស្ពាន​យោល​នេះ​រង​ការ​ខូចខាត​ច្រើន​កន្លែង មាន​បង្គោល​ថ្ម និង​បង្គោល​ឈើ​ខ្លះ​ពុក ហើយ​ខ្សែ​យោល​ក៏​មាន​ច្រែះចាប់ និង​ដាច់​ច្រើន​កន្លែង​ដែរ។ លោក​ថា ស្ពាន​នេះ​នឹង​ការ​ដាច់ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដំណើរ ប្រសិនបើ​រដ្ឋាភិបាល​មិន​ពន្លឿន​កសាង​ស្ពាន​នេះ​ទេ៖ «ប្រជាពលរដ្ឋ​គាត់​មក​ពី​នោះ​មក ដល់​កន្លែង​ស្ពាន​មក​ដល់​អកស៊ើ (ជ្រុល) ដល់​ក្រឡាប់​ម៉ូតូ​ធ្លាក់​ក្នុង​ទន្លេ ក្នុង​អូរ​ហ្នឹង​រួច​មនុស្ស​ធ្លាក់​តាម​ក្រោយ និង​មាន​ក្ដារ​មួយ​បន្ទះ​ធ្លាក់​ជង់​ប៊ិះ​មនុស្ស​ទៀត»

​ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ភូមិ​យាវ ឃុំ​កំពង់ចាម គឺ​លោក ឌី ផល្លិត  កត់​សម្គាល់​ថា អ្នកភូមិ​មួយ​ចំនួន​បាន​ដឹក​កសិផល និង​ឈើ​ប្រណិត​ឆ្លង​ស្ពាន​នេះ​តាម​ម៉ូតូ ក៏​ជា​ផ្នែក​មួយ​បណ្ដាល​ឲ្យ​ស្ពាន​នេះ​រង​ការ​ខូចខាត​ដែរ។ លោក​ថា ស្ពាន​នេះ​យោល​ខ្លាំង​នៅ​គ្រា​ដែល​មាន​អ្នក​ដំណើរ​ជិះ​ម៉ូតូ​ឆ្លងកាត់​ម្តងៗ ហើយ​អ្នក​ដំណើរ​ឆ្លង​ស្ពាន​នេះ​ក៏​មិន​អាច​ជិះ​ម៉ូតូ​ជៀស​គ្នា​បាន​ដែរ។

លោក​រំឭក​ថា អ្នកភូមិ​បាន​រៃអង្គាស​ថវិកា​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​អ្នក​ដំណើរ​ជួសជុល​បណ្ដើរៗ​ដែរ ក៏​ប៉ុន្តែ​ពួកគេ​នៅ​តែ​​​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ខណៈ​ស្ពាន​នេះ​មាន​សភាព​យ៉ាប់យ៉ឺន​ខ្លាំង៖ «ស្ពាន​វា​បាក់​បែង​អ្នកដំណើរ​ដើរ​អត់​កើត ជិះ​ម៉ូតូ​ក៏​អត់​កើត កាលនោះ​ក្មេងៗ​រៀន​ក៏​អត់​បាន ខ្ញុំ​សុំ​យោបល់​ពី​គេ​ដែរ​អាច​ជួយ​លុយ​បាន​ទេ។ ខ្ញុំ​អោយ​គេ​ដឹក​ឈើ​មក​ធ្វើ​រួច​មក​សុំ​លុយ​គេ​តាម​ក្រោយ»

​ស្ពាន​យោល​មួយ​ខ្សែ ឋិត​នៅ​ភូមិ​យាវ ឃុំ​កំពង់ចាម ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​២០០០ ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ និង​សហគមន៍​មូលដ្ឋាន។ ស្ពាន​នេះ​មាន​ប្រវែង​ទទឹង​ជាង ២​ម៉ែត្រ (២.៣) និង​ជម្រៅ​ជាង ៣០​ម៉ែត្រ គិត​ត្រឹម​ផ្ទៃ​ទឹក​ខែ​ប្រាំង។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អភិបាល​ស្រុក​សំបូរ លោក សូម សារិត មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​មាន​ផែនការ​កសាង​ស្ពាន​នេះ​ដែរ តែ​ដោយសារ​ទំហំ​ស្ពាន​នេះ​មាន​ប្រវែង​វែង មិន​អាច​ប្រើប្រាស់​កញ្ចប់​ថវិកា​មូលនិធិ​ឃុំ​មក​កសាង​ឡើង​វិញ​បាន​ទេ ហើយ​កន្លង​ទៅ​អាជ្ញាធរ​ស្រុក​ក៏​បាន​លើក​សំណើ​ទៅ​ថ្នាក់​លើ​ដើម្បី​ពិចារណា​ដែរ។

លោក​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​មាន​កញ្ចប់​ថវិកា​មួយ​ចំនួន​សម្រាប់​ទ្រទ្រង់ ជួសជុល​ស្ពាន​នេះ​ឡើង​វិញ ដោយ​ពុំ​មែន​ជា​ថវិកា​របស់​រដ្ឋ​នោះ​ទេ គឺ​ជា​ថវិកា​របស់​សប្បុរសជន៖ «យើង​បាន​ពិចារណា​ជាមួយ​អ្នក​ដែល​មាន​ធនធាន​ដើម្បី​រួម​ចំណែក​ក្នុង​ការ​ជួសជុល​ស្ពាន​ហ្នឹង​រួច​ហើយ តែ​ស្ថានភាព​វស្សា​មិន​អាច​ធ្វើ​បាន​ទេ និង​ជួសជុល​បាន​ទេ រង់ចាំ​រាំង​បន្តិច»

​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ  យល់​ថា បញ្ហា​នេះ​លោក​មិន​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​ទៅ​តាម​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ប្រសិនបើ​ការ​ទម្លាក់​កញ្ចប់​ថវិកា​របស់​រដ្ឋាភិបាល​ទៅ​ថ្នាក់ក្រោម​ជាតិ​នៅ​តែ​មាន​ការ​រឹតត្បិត​នៅ​ឡើយ។  លោក​យល់​ថា ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​គួរ​តែ​រៀបចំ​ជា​ញត្តិ​ស្នើ​ទៅ​សាលា​ខេត្ត និង​រដ្ឋាភិបាល​ដើម្បី​រក​វិធានការ​ដោះស្រាយ​ជា​បន្ទាន់ ខណៈ​កញ្ចប់​ថវិកា​ជាតិ​ដែល​រដ្ឋាភិបាល​មិន​ទាន់​បែង​ចែង​មាន​រហូត​ដល់ ១៧​ភាគរយ​ក្នុង​ចំណោម​ថវិកា​ជាតិ​សរុប​ចំនួន ៥​ពាន់​លាន​ដុល្លារ ហើយ​ថវិកា​ដែល​មិន​ទាន់​បែងចែក​ទាំង​នោះ​ហើយ ដែល​អាច​យក​ទៅ​ប្រើប្រាស់​តម្រូវ​ការ​បន្ទាន់ ឬ​តម្រូវ​ការ​អាទិភាព​នៅ​មូលដ្ឋាន៖ «ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង​គាត់​សកម្ម ហើយ​រួម​ជាមួយ​ប្រជាពលរដ្ឋ គេ​អាច​លើក​សំណើ​ហ្នឹង​មក​សុំ​រដ្ឋាភិបាល​បាន ដើម្បី​យក​ទៅ​ដោះស្រាយ ជាពិសេស​គឺ​អ្វី​មួយ​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ដូចជា​ខ្វះ​ស្ពាន»

អ្នក​ភូមិ​ឲ្យ​ដឹង​ទៀត​ថា គិត​ចាប់​ពី​ឆ្នាំ​២០១៤ រហូត​ដល់​ឆ្នាំ​២០១៦ ពលរដ្ឋ​ជួប​គ្រោះថ្នាក់​ដោយ​ធ្លាក់​លើ​ស្ពាន​យោល​នោះ មាន​ចំនួន ៨​នាក់ ក្នុង​នោះ​មាន​សិស្ស​ម្នាក់​បាន​សន្លប់​នៅ​គ្រា​ដែល​ជិះ​ម៉ូតូ​ធ្លាក់​លើ​ស្ពាន​នោះ។ ក្រៅ​ពី​នោះ​ក៏​មាន​មនុស្ស​មួយ​ចំនួន​រង​គ្រោះថ្នាក់​បាក់​ដៃ និង​របួស​ជើង ព្រម​ទាំង​ខូចខាត​ទ្រព្យ​សម្បត្តិ ដូចជា​ម៉ូតូ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។