កម្មកររោងចក្រ គ័នថេក ខេមបូឌា ខបភើរ៉េហ្សិន (Kauntech Cambodia Cooperation Limited) ឬ ខេថេក (Ktec) នៅស្រុកត្រាំកក់ ខេត្តតាកែវ ជាង ១០នាក់ទៀត បានដួលសន្លប់នៅព្រឹកថ្ងៃទី១ មេសា។ មន្ត្រីជំនាញសង្ស័យថា ការសន្លប់នេះ គឺដោយសារអាកាសធាតុក្ដៅខ្លាំងផង រួមផ្សំនឹងរោងចក្រនេះមិនបានបំពាក់ប្រព័ន្ធខ្យល់អុកស៊ីហ្សែនផង ទើបធ្វើឲ្យកម្មករសន្លប់ដូច្នេះ។
កម្មការិនីរោងចក្រដែលដួលសន្លប់នោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជននៅក្បែររោងចក្រនោះ។
បើតាមប្រភពពីកម្មការិនីដែលសុំមិនបញ្ចេញឈ្មោះ មូលហេតុដែលបណ្ដាលឲ្យកម្មករដួលសន្លប់នោះ គឺបណ្ដាលមកពីធាតុអាកាសក្ដៅខ្លាំង និងរោងចក្រមិនមានប្រព័ន្ធខ្យល់អុកស៊ីហ្សែន៖ «នៅតែខ្សោយអ៊ីចឹង អ្នកទាំងអស់គ្នាហ្នឹងនៅតែរាងខ្សោយៗអ៊ីចឹង អត់មានកង្ហារអត់មានអីក្ដៅ ប៉ុន្តែខ្លះធ្វើការកើត អ្នកអត់ធ្វើការកើតគេឲ្យទៅផ្ទះ តែអត់ដឹងមូលហេតុអីទេដឹងតែខ្សោយអស់កម្លាំង»។
នេះជាថ្ងៃទីពីរហើយដែលកម្មកររោងចក្រ ខេថេក ដួលសន្លប់ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា។ កាលពីថ្ងៃទី៣១ មីនា កន្លងទៅនេះ កម្មកររោងចក្រនេះជាង ៣០នាក់ បានដួលសន្លប់ដូចគ្នា តែបានធូរស្រាលឡើងវិញហើយមកទល់ថ្ងៃទី១ មេសា។
ចំណែកមន្ត្រីបេឡាជាតិនៃរបបសន្តិសុខសង្គមសាខាខេត្តតាកែវ លោក សួន វណ្ណៈ ដែលចុះទៅជួយអន្តរាគមន៍សង្គ្រោះកម្មករនោះ បានយល់ស្របអំពីមូលហេតុនៃការសន្លប់នេះ គឺដោយសារធាតុអាកាសក្ដៅខ្លាំង និងខ្វះប្រព័ន្ធខ្យល់មែន។ ក៏ប៉ុន្តែលោកថា រឿងសំខាន់មួយទៀតនោះ គឺអារម្មណ៍របស់កម្មករនៅតែស្រមើស្រមៃរឿងកម្មករជាង ៣០នាក់បានសន្លប់ស្រស់ៗ កាលពីថ្ងៃទី៣១ មីនា នៅឡើយ ដែលធ្វើឲ្យអារម្មណ៍កម្មករពេលចូលធ្វើការថ្ងៃបន្ទាប់នៅតែតក់ស្លុត៖ «ព្រោះថាធម្មតាអាករណីសន្លប់អ៊ីចេះ គឺកំសួលវារយៈពេលមួយអាទិត្យ រយៈពេលពី ៣ថ្ងៃទៅមួយអាទិត្យ បានកម្មករស្ងប់អារម្មណ៍វិញ។ ហើយថ្ងៃរសៀលនេះខាងខ្ញុំបានស្នើសុំជាមួយសហជីពហ្នឹង គឺស្នើសុំឲ្យខាងរោងចក្ររៀបចំពិធីសែនព្រេនអី ព្រោះយើងដឹងហើយប្រពៃណីខ្មែរយើង កម្មករគាត់មានអាជំនឿហ្នឹង អ៊ីចឹងខាងរោងចក្រគាត់ឯកភាព ហើយពេលខ្ញុំរៀបចេញមកមិញនេះឃើញគាត់ទិញជ្រូកខ្វៃអីហ្នឹងចូលទៅហើយ»។
ទាក់ទងទៅនឹងការខ្វះប្រព័ន្ធខ្យល់អុកស៊ីហ្សែននេះ តំណាងកម្មកររោងចក្រ លោក មន សំណាង ឲ្យដឹងថា បើទោះបីជារោងចក្រមិនទាន់បានបំពាក់ប្រព័ន្ធខ្យល់អុកស៊ីហ្សែនមែន តែថៅកែរោងចក្របានឲ្យក្រុមជាងសង់បង្អួចធំៗនៅតាមជញ្ជាំងរោងចក្រយ៉ាងធំទូលាយ ដើម្បីបើកផ្លូវឲ្យខ្យល់ធម្មជាតិចេញចូលជំនួស៖ «វាពិបាកនិយាយដោយសារ... ប៉ុន្តែឥឡូវវាធ្លាក់ខ្យល់ហើយ វាមានប្រភពខ្យល់ ប៉ុន្តែប្រព័ន្ធកង្ហារ គឺយើងនិយាយទៅ គ្រប់បែបយ៉ាងព្រិល គឺយើងមានជុំវិញទាំងអស់ ខាងលើ គឺបង្អួច គឺយើងបើក ខាងលើ គឺយើងមានកម្ពស់ខាងទទួលខ្យល់ គឺមានកម្ពស់មួយម៉ែត្រកន្លះទទួលខ្យល់ ពេលខ្លះអាកាសធាតុស្ងប់ខ្យល់ ពេលខ្លះក៏មានខ្យល់»។
រោងចក្រ ខេថេក ជារោងចក្រផលិតគ្រឿងអេឡិចត្រូនិកមានទីតាំងជាប់ផ្លូវជាតិលេខ៣ ក្បែរស្ទឹងស្លាគូ ឋិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ លើទីតាំងធំល្វឹងល្វើយមិនមានដើមឈើទេ។ រោងចក្រនេះមានកម្មករជាង ៤០០នាក់ ទើបចាប់ផ្ដើមដំណើរការថ្មីៗដោយមិនទាន់បានរៀបចំប្រព័ន្ធបរិស្ថានបានត្រឹមត្រូវនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
