យុវជនងាយរងគ្រោះដែលរស់នៅតំបន់បណ្ដេញចេញ សំណង់អានាធិបតេយ្យដែលជាយុវជនក្រីក្រមួយចំនួន នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញសម្រាប់អាជីពផ្ទាល់ខ្លួន តាមរយៈជំនួយឧបត្ថម្ភរបស់ស្ថានទូតអាមេរិក នូវថវិកាជិត ២ម៉ឺនដុល្លារ។
ប្រធានអង្គការយុវជនខ្មែរ និងអភិវឌ្ឍន៍សង្គម ហៅកាត់ជាភាសាអង់គ្លេសថា ខេ.វាយ.អេស.ឌី (KYSD) លោក ឈួន បូរិទ្ធ បានឲ្យដឹងនៅថ្ងៃទី២៤ ឧសភា ថា ភាពគ្មានការងារធ្វើរបស់យុវជន អាចរួមចំណែកឲ្យបង្កភាពវឹកវរនៅក្នុងសង្គម ដូចជា អំពើហិង្សា បទឧក្រិដ្ឋ និងឥរិយាបថប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត។ លោកថា ដោយមើលឃើញស្ថានភាពរបស់យុវជនមានការលំបាក ពីភាពគ្មានការងារធ្វើ អង្គការនេះបានជោគជ័យលើការសរសេរគម្រោងស្នើសុំថវិកាខ្នាតតូចរយៈពេល ១ឆ្នាំ ពីស្ថានទូតអាមេរិក សម្រាប់ឆ្នាំ២០១៣ សម្រាប់គម្រោងស្ដីពីការផ្ដល់អំណាចដល់យុវជន ដើម្បីជីវភាពរស់នៅប្រកបដោយស្ថិរភាព ដែលធ្វើការជាមួយយុវជនចំនួន ៥០នាក់។
លោក ឈួន បូរិទ្ធ បញ្ជាក់ថា តាមគម្រោងនេះ លោកជឿថានឹងរួមចំណែកដល់យុវជនឲ្យជៀសផុតពីការធ្វើចំណាកស្រុក៖ «យុវជន ៥០នាក់នោះ គឺជាយុវជនដែលយើងកំណត់ថា ជាជនដែលងាយរងគ្រោះ យុវជនដែលបោះបង់ចោលសាលា យុវជនដែលមិនបានចូលរៀនក្នុងសាលា ហើយនិងយុវជនដែលត្រូវគេបណ្ដេញចេញសំណង់អានាធិបតេយ្យណាមួយ ប៉ុន្តែគេមិនសូវយកចិត្តទុកអី គឺយើងផ្ដល់ឱកាសឲ្យគាត់ដែរ។ ខាងខ្ញុំនឹងចាប់ផ្ដើមរើសមើលតំបន់ណាដែលគិតថាមានសក្ដានុពល ដូចជាបញ្ហារឿងយុវជននៅបឹងកក់ យុវជនដីក្រហម យុវជនរើសសំរាម ឬយុវជនដែលនៅជាយៗក្រុង ពួកយើងនឹងប្រកាសរើស ហើយយើងនឹងចុះធ្វើការប្រមូលព័ត៌មានជាមួយគាត់ផ្ទាល់តែម្ដង»។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក នៅថ្ងៃទី២៤ ឧសភា បានឲ្យដឹងថា គម្រោងនេះមានបំណងកែលំអស្ថានភាពសេដ្ឋកិច្ចទៅអនាគត និងការអភិវឌ្ឍសង្គមសម្រាប់យុវជនក្រីក្រនៅតាមតំបន់ក្រុង ដែលមានអាយុពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ត្រូវចិញ្ចឹមជីវិតខ្លួនឯង និងក្រុមគ្រួសាររបស់គេ ឬឱកាសតិចតួចដោយសារផលវិបាកនៃការអភិវឌ្ឍតំបន់ក្រុង។ ហើយគម្រោងអង្គការនេះ នឹងផ្ដល់ការបណ្ដុះបណ្ដាលលើជំនាញការងារ ការរកការងារ និងការអប់រំផ្នែកសហគ្រិន។
ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវមួយចំនួនបានរកឃើញថា យុវជនកម្ពុជា មានឱកាសតិចតួចណាស់ ដើម្បីចាប់យកការងារនៅពេលខាងមុខ ដោយសារតែយុវជនកម្ពុជា ជាច្រើនដែលបញ្ចប់ការសិក្សានៅតាមសកលវិទ្យាល័យមួយចំនួន មិនទទួលបានការងារធ្វើឡើយ។
ផ្អែកលើការស្រាវជ្រាវដោយទីភ្នាក់ងារស្រាវជ្រាវទីផ្សារការងារ ដែលហៅកាត់ថា អេច.អ.អ៊ីន (Hrinc) បានបង្ហាញថា សម្រាប់ពេល ៦ឆ្នាំ ចន្លោះឆ្នាំ២០០៩ ដល់២០១៤ ចំនួននិស្សិតកម្ពុជា បញ្ចប់ថ្នាក់បរិញ្ញាបត្រប្រមាណជាង ២០ម៉ឺននាក់ ប៉ុន្តែទទួលបានការងារប្រមាណ ៨ម៉ឺននាក់ប៉ុណ្ណោះ។ ម៉្យាងវិញទៀត ភាពគ្មានការងារធ្វើក្នុងចំណោមយុវជនកម្ពុជា បានកើនឡើងរៀងរាល់ឆ្នាំ ១៥ម៉ឺននាក់។
ការស្រាវជ្រាវរបស់លោក កែម ឡី បានបង្ហាញថា សព្វថ្ងៃនេះមានយុវជនជាង ៤លាននាក់ ក្នុងចំណោមយុវជនទាំងនេះមានចន្លោះពី ៥ ទៅ ៦% ទេ ដែលបានចូលរៀននៅថ្នាក់មហាវិទ្យាល័យ។ យុវជនមានអាយុពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ មានចំនួន ២២% គ្មានការងារធ្វើ។ ដោយឡែកយុវជនដែលបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យនោះ មានតែ ២០% ទេ ដែលមានការងារធ្វើត្រូវនឹងជំនាញរបស់ខ្លួនដែលរៀននោះ ចំនួន ៨០% ទៀត ធ្វើការមិនត្រូវនឹងជំនាញរបស់ខ្លួនទេ។ បញ្ហានេះ ដោយសារតែទីផ្សារការងារចង្អៀត និងខ្វះព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
