KYSD នឹង​ជ្រើស​យុវជន​ក្រីក្រ​មួយ​ចំនួន​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ

ការ​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ជំនាញ និង​ការងារ គឺ​ជា​តម្រូវ​ការ​ចាំបាច់​របស់​យុវជន​ក្នុង​ពេល​បច្ចុប្បន្ន។ បញ្ហា​នេះ ត្រូវ​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការ​ក្នុង​វិស័យ​លើក​កម្ពស់​យុវជន​កម្ពុជា បាន​រៀបចំ​គម្រោង​ជ្រើស​រើស​យុវជន​ងាយ​រងគ្រោះ ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ជំនាញ​មួយ ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ។ កម្មវិធី គឺ​មាន​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ផ្ដល់​ជំនួយ។

0:00 / 0:00

យុវជន​ងាយ​រងគ្រោះ​ដែល​រស់នៅ​តំបន់​បណ្ដេញ​ចេញ សំណង់​អានាធិបតេយ្យ​ដែល​ជា​យុវជន​ក្រីក្រ​មួយ​ចំនួន នឹង​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​សម្រាប់​អាជីព​ផ្ទាល់​ខ្លួន តាម​រយៈ​ជំនួយ​ឧបត្ថម្ភ​របស់​ស្ថានទូត​អាមេរិក នូវ​ថវិកា​ជិត ២​ម៉ឺន​ដុល្លារ។

ប្រធាន​អង្គការ​យុវជន​ខ្មែរ និង​អភិវឌ្ឍន៍​សង្គម ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ខេ.វាយ.អេស.ឌី (KYSD) លោក ឈួន បូរិទ្ធ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ឧសភា ថា ភាព​គ្មាន​ការងារ​ធ្វើ​របស់​យុវជន អាច​រួម​ចំណែក​ឲ្យ​បង្ក​ភាព​វឹកវរ​នៅ​ក្នុង​សង្គម ដូចជា អំពើ​ហិង្សា បទ​ឧក្រិដ្ឋ និង​ឥរិយាបថ​ប្រកប​ដោយ​គ្រោះថ្នាក់​ផ្សេង​ទៀត។ លោក​ថា ដោយ​មើល​ឃើញ​ស្ថានភាព​របស់​យុវជន​មាន​ការ​លំបាក ពី​ភាព​គ្មាន​ការងារ​ធ្វើ អង្គការ​នេះ​បាន​ជោគជ័យ​លើ​ការ​សរសេរ​គម្រោង​ស្នើសុំ​ថវិកា​ខ្នាត​តូច​រយៈពេល ១​ឆ្នាំ ពី​ស្ថានទូត​អាមេរិក សម្រាប់​ឆ្នាំ​២០១៣ សម្រាប់​គម្រោង​ស្ដីពី​ការ​ផ្ដល់​អំណាច​ដល់​យុវជន ដើម្បី​ជីវភាព​រស់នៅ​ប្រកប​ដោយ​ស្ថិរភាព ដែល​ធ្វើ​ការ​ជាមួយ​យុវជន​ចំនួន ៥០​នាក់។

លោក ឈួន បូរិទ្ធ បញ្ជាក់​ថា តាម​គម្រោង​នេះ លោក​ជឿ​ថា​នឹង​រួម​ចំណែក​ដល់​យុវជន​ឲ្យ​ជៀស​ផុត​ពី​ការ​ធ្វើ​ចំណាក​ស្រុក៖ «យុវជន ៥០​នាក់​នោះ គឺ​ជា​យុវជន​ដែល​យើង​កំណត់​ថា ជា​ជន​ដែល​ងាយ​រងគ្រោះ យុវជន​ដែល​បោះបង់​ចោល​សាលា យុវជន​ដែល​មិន​បាន​ចូល​រៀន​ក្នុង​សាលា ហើយ​និង​យុវជន​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​សំណង់​អានាធិបតេយ្យ​ណា​មួយ ប៉ុន្តែ​គេ​មិន​សូវ​យក​ចិត្ត​ទុក​អី គឺ​យើង​ផ្ដល់​ឱកាស​ឲ្យ​គាត់​ដែរ។ ខាង​ខ្ញុំ​នឹង​ចាប់​ផ្ដើម​រើស​មើល​តំបន់​ណា​ដែល​គិត​ថា​មាន​សក្ដានុពល ដូច​ជា​បញ្ហា​រឿង​យុវជន​នៅ​បឹងកក់ យុវជន​ដី​ក្រហម យុវជន​រើស​សំរាម ឬ​យុវជន​ដែល​នៅ​ជាយៗ​ក្រុង ពួក​យើង​នឹង​ប្រកាស​រើស ហើយ​យើង​នឹង​ចុះ​ធ្វើ​ការ​ប្រមូល​ព័ត៌មាន​ជាមួយ​គាត់​ផ្ទាល់​តែ​ម្ដង»

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក នៅ​ថ្ងៃ​ទី​២៤ ឧសភា បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​មាន​បំណង​កែលំអ​ស្ថានភាព​សេដ្ឋកិច្ច​ទៅ​អនាគត និង​ការ​អភិវឌ្ឍ​សង្គម​សម្រាប់​យុវជន​ក្រីក្រ​នៅ​តាម​តំបន់​ក្រុង ដែល​មាន​អាយុ​ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ ត្រូវ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​របស់​គេ ឬ​ឱកាស​តិចតួច​ដោយសារ​ផល​វិបាក​នៃ​ការ​អភិវឌ្ឍ​តំបន់​ក្រុង។ ហើយ​គម្រោង​អង្គការ​នេះ នឹង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​លើ​ជំនាញ​ការងារ ការ​រក​ការងារ និង​ការ​អប់រំ​ផ្នែក​សហគ្រិន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​រក​ឃើញ​ថា យុវជន​កម្ពុជា មាន​ឱកាស​តិចតួច​ណាស់ ដើម្បី​ចាប់​យក​ការងារ​នៅ​ពេល​ខាង​មុខ ដោយសារ​តែ​យុវជន​កម្ពុជា ជា​ច្រើន​ដែល​បញ្ចប់​ការ​សិក្សា​នៅ​តាម​សកលវិទ្យាល័យ​មួយ​ចំនួន មិន​ទទួល​បាន​ការងារ​ធ្វើ​ឡើយ។

ផ្អែក​លើ​ការ​ស្រាវជ្រាវ​ដោយ​ទី​ភ្នាក់ងារ​ស្រាវជ្រាវ​ទីផ្សារ​ការងារ ដែល​ហៅ​កាត់​ថា អេច.អ.អ៊ីន (Hrinc) បាន​បង្ហាញ​ថា សម្រាប់​ពេល ៦​ឆ្នាំ ចន្លោះ​ឆ្នាំ​២០០៩ ដល់​២០១៤ ចំនួន​និស្សិត​កម្ពុជា បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ប្រមាណ​ជាង ២០​ម៉ឺន​នាក់ ប៉ុន្តែ​ទទួល​បាន​ការងារ​ប្រមាណ ៨​ម៉ឺន​នាក់​ប៉ុណ្ណោះ។ ម៉្យាង​វិញ​ទៀត ភាព​គ្មាន​ការងារ​ធ្វើ​ក្នុង​ចំណោម​យុវជន​កម្ពុជា បាន​កើន​ឡើង​រៀង​រាល់​ឆ្នាំ ១៥​ម៉ឺន​នាក់។

ការ​ស្រាវជ្រាវ​របស់​លោក កែម ឡី បាន​បង្ហាញ​ថា សព្វថ្ងៃ​នេះ​មាន​យុវជន​ជាង ៤​លាន​នាក់ ក្នុង​ចំណោម​យុវជន​ទាំង​នេះ​មាន​ចន្លោះ​ពី ៥ ទៅ ៦% ទេ ដែល​បាន​ចូល​រៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ។ យុវជន​មាន​អាយុ​ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ មាន​ចំនួន ២២% គ្មាន​ការងារ​ធ្វើ។ ដោយឡែក​យុវជន​ដែល​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​នោះ មាន​តែ ២០% ទេ ដែល​មាន​ការងារ​ធ្វើ​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន​ដែល​រៀន​នោះ ចំនួន ៨០% ទៀត ធ្វើ​ការ​មិន​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន​ទេ។ បញ្ហា​នេះ ដោយសារ​តែ​ទីផ្សារ​ការងារ​ចង្អៀត និង​ខ្វះ​ព័ត៌មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។