ស្ថាប័នពាក់ព័ន្ធវិស័យការងារ អ្នកច្បាប់ តំណាងសហជីព និយោជក ក្រុមហ៊ុនអ្នកបញ្ជាទិញ ក្រុមប្រឹក្សាភិបាលអាជ្ញាកណ្ដាល និងក្រសួងការងារ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ បានបិទបញ្ចប់សន្និសីទពិភាក្សាគ្នាអំពីយន្តការធ្វើឲ្យប្រព័ន្ធដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលឲ្យប្រសើរឡើង។ វិវាទការងាររវាងកម្មករ និងនិយោជកនៅពេលនេះ ត្រូវបានភាគីពាក់ព័ន្ធវាយតម្លៃខុសគ្នាក្រោយពេលមានច្បាប់សហជីព។
អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក សេង សក្កដា ថ្លែងនៅល្ងាចថ្ងៃទី២៨ កុម្ភៈ ថា សន្និសីទនេះ គឺជាការពិគ្រោះយោបល់ និងផ្ដល់បទពិសោធន៍ពីប្រទេសនានា អំពីប្រព័ន្ធដោះស្រាយវិវាទការងារ ដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល ជាពិសេសពង្រីកដោះស្រាយដល់វិវាទបុគ្គល៖ «»។
នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល លោក ម៉ែន និម្មិត បង្ហាញលទ្ធផលពីសន្និសីទរយៈពេល ២ថ្ងៃថា ការពិភាក្សាអំពីការធ្វើឲ្យប្រព័ន្ធដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលឲ្យប្រសើរឡើង បានផ្ដោតលើការពង្រីកវិសាលដោះស្រាយពីវិវាទរួមទៅដល់វិវាទបុគ្គល ការពង្រីកសាខាក្រុមប្រឹក្សាអាជ្ញាកណ្ដាលទៅតាមបណ្ដាខេត្ត ការបង្កើតយន្តការប្ដឹងឧទ្ធរណ៍ និងការធ្វើឲ្យក្រុមប្រឹក្សានេះដំណើរការបន្តដោយស្ថិរភាព។ ចំណុចពិភាក្សាទាំងនេះ នឹងត្រូវភាគីពាក់ព័ន្ធយកទៅពិចារណា ហើយទន្ទឹមគ្នានេះ លោក ម៉ែន និម្មិត ក៏បង្ហាញដែរថា បញ្ហាប្រឈមរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺត្រូវពង្រឹងសមត្ថភាពថែមទៀត ដើម្បីដើរទាន់ច្បាប់ស្ដីពីនីតិវិធីជម្រះក្ដីវិវាទការងារ ដែលនឹងចេញនៅចុងឆ្នាំ២០១៧ នេះ ជាពិសេស នៅពេលពង្រីកវិសាលភាពដោះស្រាយវិវាទបុគ្គល៖ «»។
ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល អ្នកស្រី ឈីវ ភិរម្យ មានប្រសាសន៍ថា យន្តការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល ចាប់តាំងពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៦ ទទួលបានជោគជ័យ ៧៥% ក្នុងចំណោមវិវាទជាង ២ពាន់វិវាទ។ អ្នកស្រីបន្ថែមថា ក្រោយពេលសភាចេញច្បាប់ស្ដីពីសហជីព កាលពីខែឧសភា ឆ្នាំ២០១៦ បានធ្វើឲ្យសំណុំរឿងវិវាទថយចុះជាង ៣០សំណុំរឿង៖ «»។
ទោះជាសហជីពទុកចិត្ត និងគាំទ្រនីតិវិធីក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្ដី ក៏ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ថ្លែងថា ការថយចុះចំនួនកូដកម្មនេះ មិនមែនមានន័យថា វិវាទការងារថយចុះទេ ប៉ុន្តែយន្តការបញ្ជូនវិវាទទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយ មិនសូវបានទៅដល់ដូចមុន ព្រោះការរឹតត្បិតរបស់ច្បាប់សហជីព៖ «»។
រីឯប្រធានប្រតិបត្តិសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោក ស ម៉ូរ៉ា មានប្រសាសន៍ថា គ្រប់ភាគីទទួលស្គាល់ឯករាជភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ទន្ទឹមគ្នានេះ ភាគីពាក់ព័ន្ធក៏បារម្ភដែរអំពីស្ថិរភាពឯករាជរបស់ស្ថាប័ននេះ៖ «»។
លោកបន្តថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ជាស្ថាប័នត្រីភាគី គឺភាគីនិយោជក ភាគីរដ្ឋាភិបាល និងភាគីកម្មករ។ ប្រភពថវិកាសម្រាប់ទ្រទ្រង់ដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបច្ចុប្បន្ន បានមកពីវិភាគទានភាគីទាំងបី ហើយសំខាន់ពឹងផ្អែកលើប្រាក់ជំនួយពីដៃគូអន្តរជាតិ។ បញ្ហាប្រឈមខ្លាំង គឺនៅពេលណាក្រុមម្ចាស់ជំនួយកាត់បន្ថយថវិកា ហើយភាគីសហជីពកម្មករ ក៏ទទួលបន្ទុកខ្លាំងពេលដែលប្រាក់ឈ្នួលរបស់កម្មករត្រូវកាត់បង់ពន្ធ និងបង់លើរបបធានាសន្តិសុខសង្គមនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
