ប្រជាពលរដ្ឋ និងអាជីវកររស់នៅទីរួមខេត្តកំពង់ធំ ត្អូញត្អែរចំពោះបញ្ហាដាច់ភ្លើងអគ្គិសនីស្ទើរជារៀងរាល់ថ្ងៃ។ មិនតែប៉ុណ្ណោះ ពួកគាត់លើកឡើងថា ការដាច់ភ្លើងជាញឹកញាប់ ក៏បណ្ដាលឲ្យគីឡូភ្លើងកើនឡើងទៀតផង។ យ៉ាងណា ខាងអ្នកបច្ចេកទេសអគ្គិសនីលើកឡើងថា ដោយសារអគ្គិសនីខេត្តកំពង់ធំ គឺចរន្តអគ្គិសនីតភ្ជាប់បន្តពីខេត្តកំពង់ចាម កាលណាអគ្គិសនីមកពីខេត្តកំពង់ចាម មានបញ្ហា បណ្ដាញទទួលបន្តក៏មានបញ្ហាដូចគ្នា។
មិនមែនជារឿងថ្មីទេសម្រាប់ពលរដ្ឋរស់នៅទីរួមខេត្តកំពង់ធំ ចំពោះបញ្ហាដាច់ភ្លើងអគ្គិសនីប្រើប្រាស់នោះ។ មិនថាយប់ ឬថ្ងៃ ភ្លើងអគ្គិសនី គឺផ្តល់ជូនអតិថិជនរបស់ខ្លួនមិនបានគ្រប់គ្រាន់ទេ។
ភ្លើងអគ្គិសនីដាច់ស្ទើររាល់ថ្ងៃ ហើយសម្រាប់ថ្ងៃខ្លះ ដាច់ជិតដប់ដងក្នុងមួយថ្ងៃ ឬលើសពីនេះប្រៀបដូចអំពិលអំពែក ស្ទើរតែធ្វើឲ្យអ្នកប្រើប្រាស់ភ្លើង ដើរទៅបិទបារ៉ែតភ្លើងសឹងតែមិនទាន់។ បន្ថែមពីនេះទៀត នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (facebook) ថែមទាំងប្រសិទ្ធិនាមឲ្យខេត្តកំពង់ធំ បែបចំអកថា គឺជាខេត្តលេខមួយខាងដាច់ភ្លើងទៀតផង។
ប្រជាពលរដ្ឋបម្រើការងារនៅទីរួមខេត្តកំពង់ធំ លោក រស់ គឹមសៀង និយាយថា ការដាច់ភ្លើងរាល់ថ្ងៃនេះ លោកមិនសូវជឿថាជាការដាច់ទេ ប៉ុន្តែអាចជាការបិទច្រើនជាង។ លោកបន្តថា ភ្លើងចេះតែដាច់ធ្វើឲ្យការងាររបស់ពួកលោកត្រូវរាំងស្ទះ និងអាចខូចសម្ភារៈប្រើប្រាស់ ដូចជាទូរទស្សន៍ វិទ្យុ ជាដើម៖ «ការងារវាប៉ះពាល់ហើយ អ្នកចង់ប្រើកុំព្យូទ័រអីអាក់ខានការងារ ការងារមិនរលូន»។
ពលរដ្ឋមួយរូបទៀត អ្នកស្រី អ៊ី សុខគា ឲ្យដឹងដែរថា ប្រសិនបើខែណាមិនសូវភ្លើងដាច់ គឺអ្នកស្រីត្រូវចំណាយប្រមាណ ៤ម៉ឺនរៀលសម្រាប់ថ្លៃភ្លើងក្នុងមួយខែ ប៉ុន្តែប្រសិនបើខែណាភ្លើងឧស្សាហ៍ដាច់វិញ គឺត្រូវចំណាយពី ៥ម៉ឺន ទៅ ៦ម៉ឺនរៀល។ អ្នកស្រីថា ពេលបង់ប្រាក់លើសថ្ងៃ គឺត្រូវបានខាងអគ្គិសនីពិន័យជាប្រចាំ ប៉ុន្តែនៅពេលភ្លើងមិនគ្រប់គ្រាន់សម្រាប់ពលរដ្ឋ មិនដែលឮគេនិយាយទេ។
ជុំវិញបញ្ហាទាំងនេះ ប្រធានផ្នែកបច្ចេកទេសអគ្គិសនីខេត្តកំពង់ធំ របស់ក្រុមហ៊ុន ខេម ជីលបូ អេឡិកទ្រិក ផៅវ័រ (CAM Chilbo Electric Power) លោក យឹម សាន់នី មានប្រសាសន៍ថា ដោយសារអគ្គិសនីខេត្តកំពង់ធំ ទទួលបន្តពីអគ្គិសនីខេត្តកំពង់ចាម ដែលត្រូវចំណាយកម្លាំងភ្លើងរត់រាប់គីឡូម៉ែត្រ។ លោកបន្តថា តាមបច្ចេកទេសអគ្គិសនី គឺគេតម្រូវឲ្យរត់ចម្ងាយមិនឲ្យលើសពី ៥០គីឡូម៉ែត្រទេ តែសម្រាប់ខេត្តកំពង់ធំ គឺជិត ១០០គីឡូម៉ែត្រ ហើយតំបន់ខ្លះលើសពីនេះ ព្រោះចង់ឲ្យពលរដ្ឋអាចប្រើប្រាស់ភ្លើងអគ្គិសនីដែលមានតម្លៃសមរម្យ។ កាលណាអគ្គិសនីចេញពីកន្លែងមេជួបបញ្ហា គឺរាល់កន្លែងដែលទទួលបន្ត គឺត្រូវជួបបញ្ហាដូចគ្នា ក៏ប៉ុន្តែដោយសារនៅខេត្តកំពង់ចាម គេមានអនុស្ថានីយអគ្គិសនីមួយនៅទីនោះ ទើបបានជាមិនសូវមានបញ្ហាចោទឡើងដូចនៅខេត្តកំពង់ធំ។ លោកថា ដោយសារភ្លើងអគ្គិសនីដាច់ខ្លាំងពេក ទើបខាងក្រុមហ៊ុនលោកសម្រេចដំឡើងម៉ាស៊ីនភ្លើងផ្ទាល់ខ្លួនមួយកន្លែង ទុកគ្រាន់ជំនួសពេលដាច់ ប៉ុន្តែចំនួនអ្នកប្រើប្រាស់ច្រើន ចំណែកខាងម៉ាស៊ីនអគ្គិសនីដែលដំឡើង គឺអាចបំពេញតម្រូវការប្រជាពលរដ្ឋបានប្រមាណ ៧០ភាគរយប៉ុណ្ណោះ។ លោកបញ្ជាក់ថា ការដាច់ភ្លើង គឺមិនអាចធ្វើឲ្យគីឡូភ្លើងកើនឡើងឡើយ៖ «នាឡិកាវិលវា ១.២៥០ជុំអីនោះទើបបានម៉ាគីឡូវ៉ាត់ម៉ោង អ៊ីចឹងទៅម៉ាវ៉ាប់ៗមិនបានកន្លះជុំផងបង យើងថាម៉ាជុំចុះ»។
ចំពោះតម្លៃអគ្គិសនីក្នុងមួយគីឡូវ៉ាត់ម៉ោង គឺតម្លៃ ១.២០០រៀល។
ប្រធានផ្នែកបច្ចេកទេសដដែល ក៏ស្នើឲ្យពលរដ្ឋយោគយល់ចំពោះការដាច់ភ្លើង ពីព្រោះខាងអគ្គិសនីក៏បានខិតខំដោះស្រាយចំពោះបញ្ហានេះដែរ។ លោកឲ្យដឹងទៀតថា ប្រសិនបើពលរដ្ឋនៅតែមានបញ្ហា ឬចម្ងល់ជុំវិញបញ្ហាទាំងនេះ ពួកគេទាក់ទងទៅខាងមន្ទីររ៉ែ និងថាមពលខេត្ត ព្រោះខាងអគ្គិសនីកម្ពុជា បានប្រគល់សិទ្ធិដើម្បីចាត់ចែងការងារពាក់ព័ន្ធរឿងអគ្គិសនី។
យ៉ាងណាក៏ដោយចុះ កាលពីពេលកន្លងទៅ អភិបាលខេត្តកំពង់ធំ បានផ្ញើលិខិតមួយទៅអគ្គិសនីកម្ពុជា ដើម្បីឲ្យជួយដោះស្រាយលើបញ្ហាដាច់ភ្លើងនេះ។ អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន មានប្រសាសន៍ថា ក្រោយពេលធ្វើលិខិតទៅ ខាងអគ្គិសនីកម្ពុជា បានបញ្ជូនតំណាងរបស់ខ្លួនមកពិភាក្សាជាមួយអាជ្ញាធរ រួមនឹងខាងក្រុមហ៊ុនផង។ ការពិភាក្សាគ្នា គឺឃើញដូចការលើកឡើងរបស់តំណាងក្រុមហ៊ុន ពីព្រោះការតភ្ជាប់បណ្ដាញអគ្គិសនីបន្តពីខេត្តកំពង់ចាម គឺត្រូវជួបបញ្ហានេះ ប៉ុន្តែដើម្បីចែករំលែកឲ្យពលរដ្ឋផ្សេងមានឱកាសប្រើភ្លើងអគ្គិសនីដែលមានតម្លៃថោក ជាដើម៖ «បាទ! យើងប្រឹងប្រែងតាំងពីកាលត្រួតពិនិត្យកិច្ចសន្យា រហូតដល់ការចុះថ្លៃចុះអីហ្នឹង គឺយើងមិនបានព្រងើយកន្តើយជាមួយនឹងការរអាក់រអួលហ្នឹងទេ ព្រោះយើងក៏ជាអតិថិជន ហើយខូចខាតសម្បត្តិរបស់រដ្ឋក៏ច្រើនដែរ»។
អភិបាលខេត្តកំពង់ធំ ឲ្យដឹងទៀតថា ការប្រជុំពិភាក្សាគ្នានោះសម្រេចឲ្យក្រុមហ៊ុនអគ្គិសនីជាង ១០ ដាក់ឧបករណ៍ម្យ៉ាងសម្រាប់ការពារចរន្តអគ្គិសនីរបស់ខ្លួន នៅពេលមានបញ្ហាកើតឡើង ជៀសវាងបណ្ដាលឲ្យប៉ះពាល់ដល់ចរន្តអគ្គិសនីនៅតំបន់ផ្សេង រួមនឹងដំណោះស្រាយមួយចំនួនទៀត។ ចុងក្រោយ អាជ្ញាធរអគ្គិសនីកម្ពុជា គ្រោងនឹងដំឡើងអនុស្ថានីយមួយនៅខេត្តកំពង់ធំ នៅឆ្នាំ២០១៦ តែម្តង។ តាមគម្រោង នឹងអាចបានដំណើរការភ្លើងអគ្គិសនីនៅឆ្នាំ២០១៧ ហើយបញ្ហាដាច់ភ្លើងទាំងឡាយ នឹងត្រូវបញ្ចប់ លើកលែងតែមានបញ្ហាធម្មជាតិធំៗតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
