ក្រុមគ្រូបង្រៀននៅឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្អូញត្អែរពីការលំបាកទាក់ទិនការសិក្សារបស់សិស្ស បន្ទាប់ពីបន្ទប់រៀនខ្វះជញ្ជាំង ខ្វះសម្ភារៈ ខ្វះបង្គន់ និងបណ្ណាល័យ។ បញ្ហានេះ ក្រុមគ្រូបង្រៀនអំពាវនាវឲ្យក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យលទ្ធភាពតម្រូវការសិក្សារបស់សិស្ស ខណៈចំនួនសិស្សកាន់តែកើនឡើង។
គ្រូបង្រៀននៃសាលាបឋមសិក្សាកាំងដែក ឃុំកោះស្រឡាយ បារម្ភពីផលប៉ះពាល់ការសិក្សារបស់សិស្ស បន្ទាប់ពីបន្ទប់សិក្សាមិនគ្រប់គ្រាន់ ផ្លូវធ្វើដំណើរលំបាក និងកង្វះសម្ភារៈសិក្សា ដែលជាឧបសគ្គចម្បងប៉ះពាល់ការទទួលបានសេវាអប់រំរបស់សិស្ស ដែលនឹងរុញច្រានឲ្យពួកគេបោះបង់ការសិក្សា។
គ្រូបង្រៀននៃសាលាបឋមសិក្សាកាំងដែក លោក ស៊ុន បូវណ្ណ ឲ្យដឹងថា សាលារៀនដែលលោកបង្រៀនសព្វថ្ងៃ កសាងដោយពលរដ្ឋនៅមូលដ្ឋានប្រក់ស័ង្កសីរាងរោងដោល ខ្វះជញ្ជាំងមិនអាចបង្រៀនរដូវភ្លៀងបាន។ ចំណែកសិស្សកាន់តែកើនឡើង បន្ទប់ចង្អៀតណែន និងរៀនផ្គួបចូលគ្នារវាងថ្នាក់ទី១ និងថ្នាក់ទី២ ហើយថ្នាក់ទី៣ ផ្គួបនឹងថ្នាក់ទី៤ ថ្នាក់ទី៥ ផ្គួបថ្នាក់ទី៦។ លោកថា សាលាបឋមសិក្សាកាំងដែក មានសិស្សសរុបពីថ្នាក់ទី១ ដល់ទី៦ មានចំនួន ២៦០នាក់។ លោកបន្តថា ការបង្រៀនផ្គួបបែបនេះ បណ្ដាលឲ្យអារម្មណ៍សិស្សមិនមូល និងរញ៉េរញ៉ៃ ធ្វើឲ្យប៉ះពាល់ការសិក្សារបស់ពួកគេ៖ « បង្រៀនលំបាកដែរ ពេលភ្លៀងជួបផលលំបាក។ ណាមួយវាខ្វះផ្លូវដើរ ហើយសាលាអត់គ្រប់គ្រាន់។ យើងលំបាកក្នុងការបង្រៀន។ យើងខ្វះខាតសម្ភារៈច្រើន »។

ក្រុមគ្រូបង្រៀនប៉ាន់ស្មានថា សិស្ស ៥០ភាគរយអាចបោះបង់ការសិក្សា ដោយសារមធ្យោបាយធ្វើដំណើរលំបាក សិស្សខ្លះឆ្លងទឹកទន្លេ ហើយសិស្សមួយចំនួនបង្ខំចិត្តស្នាក់នៅបណ្ដោះអាសន្ននៅផ្ទះក្នុងបរិវេណសាលារៀន។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន ធ្លាប់បញ្ជាក់ថា តំបន់ដាច់ស្រយាល ក្រសួងបានកំណត់ទិសដៅជាអាទិភាព ហើយក្រសួងកំពុងដំណើរការអភិវឌ្ឍតាមកម្រិតកញ្ចប់ថវិកាជាតិ។ លោកថា យន្តការនេះ គឺជាយន្តការស្នើសុំតាមរយៈមន្ទីរអប់រំ យុវជន និងកីឡាខេត្តទាំងអស់ ហើយក្រសួងនឹងពិនិត្យទៅតាមតំបន់អាទិភាពចាំបាច់ជាងគេ។
ប្រធានកម្រងឃុំកោះស្រឡាយ នៃការិយាល័យអប់រំស្រុកសៀមបូក លោក នុប បូរ៉ាត ទទួលស្គាល់ថា សេវាអប់រំនៅកោះស្រឡាយ តាំងពីថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យ គឺមានស្ថានភាពលំបាក ដែលកំពុងប៉ះពាល់តម្រូវការសិក្សារបស់សិស្សមានជាអាទិ៍ កង្វះទីចាត់ការ ខ្វះអគារសិក្សា ខ្វះបង្គន់អនាម័យ និងខ្វះបណ្ណាល័យ ជាដើម។ បញ្ហានេះ លោកអំពាវនាវឲ្យអង្គការមិនមែនរដ្ឋាភិបាល ចុះពិនិត្យលទ្ធភាពតម្រូវការសិក្សាជាក់ស្តែង និងផ្តល់ជំនួយផ្សេងៗ ដើម្បីរួមចំណែកពង្រឹងគុណភាពវិស័យអប់រំ៖ « សាលានៅកម្រង ៩០ភាគរយអត់មានជញ្ជាំងទេ។ ភ្លៀងពីលិចមក ធ្លាយដល់កើត បង្គន់អនាម័យខូចអស់ហើយ កង្វះថ្នាក់វិទ្យាល័យ ហើយកង្វះគ្រូទៀត។ និយាយរួម គ្រូបរិញ្ញាបត្រ គឺខ្វះតែម្តង »។
ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី មើលឃើញថា ការវាយតម្លៃផលប៉ះពាល់ជាក់ស្តែងអំពីបញ្ហាខ្វះសាលារៀននៅតំបន់ដាច់ស្រយាលរបស់ស្ថាប័នពាក់ព័ន្ធ ហាក់មិនគ្រប់ជ្រុងជ្រោយ និងមិនបានបំពេញតម្រូវការអភិវឌ្ឍន៍ផ្អែកតាមកំណើនសិស្ស។ អ្នកស្រីថា បញ្ហានេះអាចនឹងជំរុញឲ្យគុណភាពអប់រំចុះខ្សោយ ដែលនឹងរុញច្រានឲ្យសិស្សានុសិស្សងាយនឹងបោះបង់ការសិក្សា៖ « សិស្សនៅតាមមូលដ្ឋាននៅតែខ្លះនេះ ពាក់ព័ន្ធមន្ត្រីជំនាញមិនយកចិត្តទុកដាក់ »។
ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ផ្តល់ទស្សនៈថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងអប់រំ គួរចាប់យកទិសដៅវិមជ្ឈការវិស័យអប់រំ ទើបអាចស្រោចស្រង់ស្ថានភាពដែលកំពុងប៉ះពាល់ និងស្រោចស្រង់គម្លាតនៃការអភិវឌ្ឍនៅទីប្រជុំជន និងជនបទបាន។ លោកមើលឃើញថា ក្រសួងបានទម្លាក់កញ្ចប់ថវិកាអភិវឌ្ឍន៍ គឺផ្អែកតាមផែនការកំណត់ មានចំណុចខ្លះ កញ្ចប់ថវិកានោះមិនអាចបំពេញតម្រូវការជាក់ស្តែងទេ ដោយសារការលើកផែនការ គឺអនុលោមតាមអ្វីដែលថ្នាក់លើកំណត់៖ « ប្រសិនធ្វើផែនការវិស័យអប់រំ អាចដាក់បញ្ចូលសេចក្តីត្រូវការទាំងឡាយរបស់សាលារៀនហ្នឹង។ ដូចជាសេចក្តីត្រូវការហ្នឹងអីខ្លះ សិស្សត្រូវការអី ? ធ្វើបែបហ្នឹងគឺកម្រិតសាលារៀន គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា។ ប្រសើរជាងចាំតែថ្នាក់លើទម្លាក់ឲ្យដូចសព្វថ្ងៃ »។
នៅឃុំកោះស្រឡាយ មានសាលាបឋមសិក្សាចំនួន៥ និងមានអនុវិទ្យាល័យ-វិទ្យាល័យមួយផ្គួបចូលគ្នាចំនួន ១អគារ។ ក្រុមអង្គការសង្គមស៊ីវិល ស្នើឲ្យក្រសួងអប់រំ អនុវត្តគោលការណ៍គ្រឹះ ៣យ៉ាង ដើម្បីពង្រឹងគុណភាពអប់រំ មានជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរៀនសូត្រល្អ ឱកាសរៀនសូត្រប្រសើរជាងមុន និងអត្រាបោះបង់ការសិក្សារបស់សិស្សថយចុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
