អាជ្ញាធរ​ខេត្ត​ក្រចេះ​រង​ការ​ចោទ​ថា​មិន​អនុវត្ត​តាម​នាយក​រដ្ឋមន្ត្រី​ដោះស្រាយ​ជម្លោះ​ដីធ្លី

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ ៥​គ្រួសារ នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន កាសូទីន (Casotin) ចោទ​ប្រកាន់​អាជ្ញាធរ​ខេត្ត ថា​ពុំ​បាន​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​របស់​នាយក​រដ្ឋមន្ត្រី​កាល​ពី​ពេល​កន្លង​ទៅ ដែល​ថា​ឱ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ដែល​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន។

ចំណែក​អាជ្ញាធរ​ខេត្ត​វិញ​បញ្ជាក់​ថា ខាង​ខេត្ត​កំពុង​ប្រជុំ​បច្ចេកទេស ដើម្បី​រៀបចំ​ដោះស្រាយ​បញ្ហា​នេះ​ទៅ​តាម​នីតិវិធី និង​ត្រូវ​ពិនិត្យ​ដល់​ទីតាំង​ដី​ម្តង​ទៀត មុន​ធ្វើ​ការ​ស្នើសុំ​ទៅ​រដ្ឋាភិបាល។

តំណាង​ពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ស្វាយជ្រះ លោក ថុន មករា ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១ កញ្ញា អាជ្ញាធរ​ខេត្ត​បាន​កោះ​ហៅ​ពួក​គាត់ ៥​គ្រួសារ ប្រជុំ​ដោះស្រាយ​បញ្ហា​ដីធ្លី​ប្រមាណ​ជាង ២០​ហិកតារ ដែល​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន កាសូទីន ប៉ុន្តែ​ការ​ដោះស្រាយ​នោះ​មិន​បាន​លទ្ធផល​អ្វី​ឡើយ ក្រៅ​ពី​ប្រាប់​ប្រជាពលរដ្ឋ​ឱ្យ​ព្រម​ទទួល​យក​គោល​នយោបាយ​ជា​ប្រាក់​ពី​ក្រុមហ៊ុន​ចំនួន ៤០០​ដុល្លារ ក្នុង​ដី​មួយ​ហិកតារ។ លោក​បន្ត​ថា អាជ្ញាធរ​ធ្វើ​ដូច​នេះ គឺ​ខុស​ពី​ការ​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តម្រូវ​ឱ្យ​កាត់​ផ្ទៃ​ដី​ដែល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ។

លោក ថុន មករា៖ «ខ្ញុំ​មាន​ឯកសារ​គ្រប់គ្រាន់​បញ្ជាក់​ថា ខ្ញុំ​រស់នៅ​មុន​បទបញ្ជា​០១ ព្រោះ​អី​ខ្ញុំ​មាន​ឯកសារ​មាន​ប្លង់​ដែល​និស្សិត​វាស់វែង​មុន​បទបញ្ជា​០១។ តែ​ខាង​អាជ្ញាធរ​ខេត្ត​ហ្នឹង គេ​បាន​កាត់​ទិន្នន័យ​ផ្ទៃ​ដី​របស់​ខ្ញុំ​ចោល។ ខ្ញុំ​ទាមទារ​ទិន្នន័យ​ដី​ខ្ញុំ​មក​វិញ។ គេ​បាន​ចេញ​ប្លង់​ឱ្យ​ខ្ញុំ ប៉ុន្តែ​ចេញ​មិន​បាន​គ្រប់​ចំនួន​ទេ។ ដី​ពួក​ខ្ញុំ ៥​គ្រួសារ​ហ្នឹង ក្នុង​មួយ​គ្រួសារ​បាន ៥​ហិកតារ គេ​ចេញ​បាន​តែ ១​ហិកតារ​ជាង​ទេ​ក្នុង​មួយ​គ្រួសារ»

ប្រភព​ដដែល​បន្ត​ថា អាជ្ញាធរ​ខេត្ត​មិន​គោរព​តាម​ការ​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នោះ​ហើយ ដែល​ធ្វើ​ឱ្យ​ប្រសាសន៍​ថ្នាក់​ដឹក​នាំ​ប្រែ​ក្លាយ​ជា​គ្មាន​ប្រសិទ្ធភាព។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អភិបាល​រង​ខេត្ត​ក្រចេះ ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​ដីធ្លី លោក ខ័ណ្ឌ ចំណាន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ធ្លាប់​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ម្តង​ហើយ​នៅ​លើ​ដី​ដែល​ពួក​គាត់​អាស្រ័យ​ផល ប៉ុន្តែ​ដី​ដែល​ពួក​គាត់​ទាមទារ​នោះ គឺ​ជា​ដី​ដែល​ពួក​គាត់​កាន់​កាប់​ក្រោយ​បទបញ្ជា​០១ របស់​រដ្ឋាភិបាល ទើប​មិន​មាន​ក្នុង​ប្លង់។ ចំណែក​រឿង​ដែល​អាជ្ញាធរ​លើក​ឡើង​ពី​បញ្ហា​គោល​នយោបាយ​ជា​សំណង គឺ​ដោយសារ​តែ​កន្លង​មក ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​នោះ គឺ​មាន​អ្នក​ទទួល​យក​សំណង​រួច​ហើយ។ ដូច្នេះ លោក​គ្រាន់​តែ​សួរ​បញ្ជាក់​បន្ថែម​លើ​បញ្ហា​នេះ​តែ​ប៉ុណ្ណោះ។

លោក ខ័ណ្ឌ ចំណាន៖ «អ៊ីចឹង​ថ្ងៃ​ហ្នឹង​ខាង​ភាគី លោក ថុន មករា ហ្នឹង គាត់​បាន​ទារ​គោល​នយោបាយ ៤០០​ដែរ ប៉ុន្តែ​គ្រាន់​តែ​ភាគី​ម្ខាង​ទៀត​គាត់​ថា គាត់​ប្រុង​តែ​ឱ្យ​ហើយ ប៉ុន្តែ​វា​ល្ងាច និង​មិន​មាន​លុយ ហើយ​ដល់​ពេល​ស្អែក​ឡើង គាត់​ថា​ទៅ​រក តែ​រក​អត់​ឃើញ។ អ៊ីចឹង​ខ្ញុំ​គ្រាន់​តែ​បញ្ជាក់​ទេ បញ្ជាក់​ដោយសារ​តែ​ពាក់ព័ន្ធ​ពី​ហ្នឹង​មក ថា​តើ​បន្ត​ទៀត​ឬ​យ៉ាង​ម៉េច? ហើយ​បាន លោក ថុន មករា គាត់​ថា​គាត់​លែង​និយាយ​ពី​រឿង​គោល​នយោបាយ​ទៀត​ហើយ»

លោក​បន្ថែម​ថា អាជ្ញាធរ​មិន​បាន​គេចវេស ឬ​ពន្យារ​ពេល​ក្នុង​ការ​ដោះស្រាយ​នោះ​ទេ ប៉ុន្តែ​ដោយសារ​ជាប់​ដៃ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​តំបន់​ផ្សេងៗ។ តែ​យ៉ាង​ណា លោក​បញ្ជាក់​ថា បញ្ហា​នេះ​ខាង​អាជ្ញាធរ​ខេត្ត​បាន​ប្រជុំ​បច្ចេកទេស ហើយ​គ្រោង​នឹង​ប្រជុំ​ធ្វើ​ការ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​សប្ដាហ៍​ក្រោយ។

ចំណែក​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស ដើម្បី​តម្លាភាព និង​សន្តិភាព និង​ជា​ប្រធាន​គណៈកម្មាធិការ​ឯករាជ្យ​ប្រឆាំង​អើ​ពុក​រលួយ អ្នកស្រី ម៉ម ស៊ីថា មាន​ប្រសាសន៍​ថា ករណី​រឿង​ប្រជាពលរដ្ឋ ៥​គ្រួសារ ក៏​មិន​ខុស​អី​ទៅ​នឹង​រឿង​ប្រជាពលរដ្ឋ​ជិត ៤០០​គ្រួសារ នៅ​ឃុំ​ស្នួល នោះ​ដែរ។ អ្នកស្រី​បន្ត​ថា ពេល​និស្សិត​វាស់វែង​ហើយ ប៉ុន្តែ​បែរ​ជា​ចេញ​ចំនួន​ដី​មិន​គ្រប់​លើ​ប្លង់​ទៅ​វិញ ដោយ​អះអាង​ថា ប៉ះពាល់​លើ​ក្រុមហ៊ុន កាសូទីន ក្រោយ​មក​អាជ្ញាធរ​ប្រាប់​ថា ប៉ះពាល់​លើ​ដី​របស់​រដ្ឋ ប៉ុន្តែ​ចុង​ក្រោយ ដី​ពលរដ្ឋ​ទាំង ៥​គ្រួសារ បែរ​ជា​ប៉ះពាល់​ជាមួយ​ភាគី​ឯកជន​ដែល​ជា​អ្នក​មាន​ទៅ​វិញ។ អ្នកស្រី​បន្ត​ថា រឿង​នេះ អាជ្ញាធរ​ខេត្ត​តែង​តែ​មាន​លេស​ក្នុង​ការ​ដោះស្រាយ​ជូន​ពួក​គាត់ ក្រោម​ហេតុផល​មិន​ចេះ​មិន​ចេះ​ហើយ។

អ្នកស្រី ម៉ម ស៊ីថា៖ «អ៊ីចឹង​ការ​ដែល​មិន​ដោះស្រាយ​ទៅ​តាម​អនុសាសន៍ គឺ​ជា​រឿង​របស់​ខេត្ត ដោយ​គេ​យក​លេស​អ៊ីចេះ​លេស​អ៊ីចុះ។ ចា៎! ខ្ញុំ​មើល​ទៅ​ថា​ប្រហាក់ប្រហែល​គ្នា ដោយ​គេ​អះអាង​ថា រឿង​របស់​គាត់ គឺ​ជា​រឿង​របស់​ខេត្ត មិន​ពាក់ព័ន្ធ​ទៅ​នឹង​ដី​សាធារណៈ​របស់​រដ្ឋ តែ​វា​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ដី​របស់​ខេត្ត។ អ៊ីចឹង​ការ​ខេត្ត​ដោះស្រាយ ដោះស្រាយ​យ៉ាង​ណា? យើង​អត់​បាន​ដឹង ព្រោះ​វា​រឿង​អះអាង​របស់​គេ។ អូន​ណា៎!»

អ្នកស្រី​បញ្ជាក់​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ​ទៀត​នោះ មាន​ន័យ​ថា អាជ្ញាធរ​ខេត្ត​កំពុង​ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​កាន់​តែ​ចម្រូងចម្រាស​ឡើង​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។