បច្ចុប្បន្ននេះ ទោះបីគេមើលឃើញថា ប្រទេសកម្ពុជា មានសុខសន្តិភាពហើយក៏ដោយ ប៉ុន្តែបញ្ហាជីវភាពរបស់កងទ័ពនៅតែជួបការលំបាកខ្លាំងដដែល។ សុំស្ដាប់ប្រវត្តិរបស់ទាហានមួយរូបដែលកាន់កាំភ្លើងជាច្រើនឆ្នាំមកហើយដើម្បីការពារជាតិ និងបម្រើជាតិ តែមានជីវភាពលំបាកខ្វះខាតគ្មានការយកចិត្តទុកដាក់។
លោក ប៊ុន មឿន អាយុ ៥៩ឆ្នាំ រស់នៅភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បច្ចុប្បន្នកំពុងបម្រើការជាកងទ័ពនៅកងវរសេនាតូច ៥៣៥។ លោក មឿន បានចូលបម្រើកងទ័ពខ្មែរក្រហមតាំងពីឆ្នាំ១៩៧២ ក្នុងសម័យខ្មែរក្រហមច្បាំងគ្នា កងទ័ពសាធារណៈរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់។ រហូតដល់ឆ្នាំ១៩៩៦ កងទ័ពខ្មែរក្រហមទាំងនោះត្រូវបានប្រកាសធ្វើសមាហរណកម្មចុះចូលមកក្នុងរដ្ឋាភិបាលកម្ពុជា។
យុទ្ធជន ប៊ុន មឿន ឲ្យដឹងថា បច្ចុប្បន្នរូបលោកត្រូវបានគេចាត់តាំងឲ្យប្រចាំការនៅបន្ទាយនៃកងវរសេនាតូច ៥៣៥ ២៤ម៉ោង លើ ២៤ម៉ោង ហើយការត្រៀមនេះ គឺត្រៀមរហូតដើម្បីរង់ចាំក្រែង មានសភាពការណ៍អ្វីមួយកើតឡើង នៅគ្រាប្រទេសកម្ពុជា កំពុងជាប់គាំងខាងផ្នែកនយោបាយនៅក្រោយការបោះឆ្នោត។
ការការពារនៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃ នោះទេ ពុំមានជាឧបសគ្គរបស់លោក មឿន នោះឡើយ ប៉ុន្តែឧបសគ្គគឺរឿងប្រាក់ខែកងទ័ពមានចំនួនតិចតួច។
លោកថា ប្រាក់ខែពីមុនមកអាចបើកបាន ១៨ម៉ឺនរៀល លុះក្រោយមករដ្ឋាភិបាលឧបត្ថម្ភបន្ថែមបានឡើង ២៣ម៉ឺនរៀល។ ប្រាក់ខែនេះ នៅមានចំនួនតិចតួចមិនយកទៅចិញ្ចឹមប្រពន្ធកូនរស់បាននោះឡើយ៖ «ពិបាកណាស់ទាហានឥឡូវ តាំងពីបោះឆ្នោតមកអត់ឲ្យទៅណា ប្រមូលចូលបន្ទាយក្នុងរយៈពេលបីខែ ចាំរៀបចំរដ្ឋាភិបាលរួច អត់មានសិទ្ធិដើរហើរទៅណាមកណាហ្នឹង លួចដើរមួយភ្លែតៗ និងភ័យខ្លាចទៅវិញ គេដាក់ទណ្ឌកម្មស្អីទៀតទៅ»។
កន្លងមកមានបទបញ្ជានៅក្នុងអង្គភាពដាក់វិន័យនិងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះកូនទាហានណាដែលពុំបានគោរពទៅតាមបទបញ្ជារបស់អង្គភាព។ ទណ្ឌកម្មទាំងនោះមានដូចជាការបង្ខំឲ្យជីកត្រង់សេជាដើម។
លោក ប៊ុន មឿន ពោលថា ជីវិតជាកងទ័ពដែលលះបង់ជីវិត លះបង់ឪពុកម្ដាយប្រពន្ធកូនដើម្បី ការពារមាតុភូមិ ជួបការលំបាកយ៉ាងខ្លាំង។ ការហូបចុកមួយថ្ងៃៗ មានតែពីរពេលប៉ុណ្ណោះ។ នៅពេលព្រឹក កងទាហានត្រូវរង់ចាំរហូតដល់ម៉ោង ១១ ទើបបានបាយទទួលទាន៖ «ចាំដល់ម៉ោងហេវបាយចង់ងាប់ហើយ ព្រឹកឡើងអត់លុយទិញអីហូប។ ម្ហូបគេមានដែរ រដ្ឋាភិបាលគេបើកសាច់បើកអីអ៊ីចឹង មានបាយមានម្ហូបមួយមុខ មានសម្ល មានឆាល្ហុង ឬក៏សម្លសម្លក់អ៊ីចឹងទៅ មានតែប៉ុណ្ណឹងឯង មិនបានពីរមុខទេ បានប៉ុណ្ណឹងពេកផង ចេះតែហូបទៅ»។
បាយនិងម្ហូបនៅពេលព្រឹកមានដូចគ្នាទៅបាយនិងម្ហូបសម្រាប់ពេលល្ងាច។ អាហារទាំងនេះមិនគ្រប់គ្រាន់ឡើយសម្រាប់ការស្រេកឃ្លានរបស់កងទាហានទាំងនោះ ប៉ុន្តែពួកគេទាំងនោះចេះតែគ្នាទ្រាំទទួលទានឲ្យតឹងពោះ។ ងាកទៅមើលប្រាក់ខែរបស់កងទ័ពវិញមានចំនួនតិចតួចបំផុត មិនអាចទ្រទ្រង់ជីវភាពក្រុមគ្រួសារបាននោះឡើយ។
លោក មឿន ពោលថា ប្រាក់ខែ ២៣ម៉ឺនរៀលក្នុងមួយខែ ត្រូវយកទៅឧបត្ថម្ភសម្រាប់ឲ្យកូនបានរៀនសូត្រ និងមួយចំនួនទៀតជួយក្នុងជីវភាពគ្រួសារ៖ «អត់គ្រប់គ្រាន់ទេ មិនហ៊ានចាយខ្លួនឯង សុខចិត្តឲ្យបានកូនរៀន។ ឮសូរតែគេផ្សាយថា ដំឡើងប្រាក់ខែទាហាន ប៉ុន្តែមិនដឹងថ្ងៃណា»។
ដោយសារតែប្រាក់ខែមិនគ្រប់គ្រាន់ដូច្នេះ នៅពេលម៉ោងឈប់សម្រាកពីបន្ទាយ លោក ប៊ុន មឿន បានឆ្លៀតពេលមកជួយធ្វើចម្ការនៅឯផ្ទះជាមួយក្រុមគ្រួសារ។ ទោះបីខំប្រឹងឆ្លៀតពេលមកធ្វើចម្ការក៏ដោយ ប៉ុន្តែជីវភាពរបស់លោកនៅតែមានការខ្វះខាតដដែល ហើយពេលខ្លះ អាជីពជាអ្នកកងទ័ពបានពឹងផ្អែកទៅប្រពន្ធទាំងស្រុង ដែលបានខំប្រឹងប្រែងលក់ដូរបន្លែបង្ការនៅផ្សារបានលុយកាក់ខ្លះយកមកផ្គត់ផ្គង់ជីវភាពក្នុងក្រុមគ្រួសារ។ ប៊ុន មឿន បានចូលធ្វើទាហានស្ទើរមួយជីវិតទៅហើយរហូតមកដល់ឆ្នាំ២០១៣ នេះ។ រស់ជាតិល្វីងជូរចត់ក្នុងភ្នក់សង្គ្រាម លោកបានជួបប្រទះទាំងអស់។ ការច្បាំងគ្នាឃើញមានស្លាប់ របួសផ្ទាល់ភ្នែក។
លោក ប៊ុន មឿន៖ «កន្លងមកតាមការខកចិត្ត វាខក ប៉ុន្តែមិនដឹងធ្វើម៉េច យើងខំប្រឹងតស៊ូដែរវាមិនមានសក្ដិមានយសអីនឹងគេ អ៊ីចឹងបានក្នុងចិត្តអត់មានស៊ីសំណូកសូកប៉ាន់ យកសក្ដិយកយសអីទេចំណាស់នេះហើយនោះ ចង់បានថា គ្រប់អាយុចូលនិវត្តន៍ទៅ ខ្ញុំនឹងមកធ្វើស្រែធ្វើចម្ការចិញ្ចឹមជីវិតដើម្បីប្រពន្ធកូនខ្ញុំជួបជុំគ្នា»។
ឃួន ថា អាយុ ២៩ឆ្នាំ ត្រូវជាកូនប្រុសច្បងរបស់លោក ប៊ុន មឿន ថ្លែងថា ចាប់ពីខ្លួនធំដឹងក្ដីមក គាត់មានការអាណិតអាសូរឪពុកយ៉ាងខ្លាំង។ ប្រាក់ខែទាហានមានតិចតួចចាយមិនគ្រប់គ្រាន់ឡើយ។ ដោយមើលឃើញពីស្ថានភាពលំបាករបស់ឪពុកដូច្នេះ គាត់បានជួយធ្វើការងារនៅចម្ការដើម្បីជួយដល់ជីវភាពគ្រួសារ។
លោក ឃួន ថា៖ «ព្រោះគាត់ទៅបន្ទាយ ខ្ញុំធ្វើចម្ការបាញ់ថ្នាំបាញ់អីអ៊ីចឹងទៅ មើលគោជួយជំនួសដៃជំនួសជើង ដាំបាយដាំទឹកអ៊ីចឹងទៅ។ ពេលគាត់ទៅបាត់កន្លះខែ មួយខែអ៊ីចឹង គាត់និយាយថា នៅកន្លែងអង្គភាពអត់មានអីហូប ខ្ញុំថា ចំណាស់នេះបើគាត់ថា គាត់នៅផ្ទះល្អជាងដែរ ព្រោះគាត់ធ្វើតាំងពីដើមមកអត់មានអីទេ គាត់ធ្វើមេក្រុមធ្លាក់មកយុទ្ធជន»។
លោក ស្រី ប៉ុល គឺន អាយុ ៤៣ឆ្នាំ ត្រូវម្ដាយនិងជាភរិយារបស់លោក ប៊ុន មឿន បញ្ជាក់ថា ដោយសារប្តីលោកស្រីធ្វើជាទាហាន បានធ្វើឲ្យគ្រួសារគាត់ជួបការលំបាកយ៉ាងខ្លាំង។ ប្រាក់ខែរបស់ប្ដីបើកមកចិញ្ចឹមគ្រួសារមិនគ្រប់គ្រាន់ទេ។ កន្លងទៅនេះ លោកស្រីមានបំណងចង់ឲ្យប្ដីរបស់ខ្លួនលាឈប់បម្រើការងារពីកងទ័ព។
លោកស្រីថា ប្ដីរបស់គាត់បម្រើកងទ័ពអស់រយៈពេលច្រើនឆ្នាំមកហើយ គឺស្ទើរពេញមួយជីវិតទៅហើយ៖ «ណាមួយកូនរៀន ដល់ជីវភាពប្រាក់ខែតិចអ៊ីចឹងបានអង្ករតែមួយការុង ហើយខ្ញុំលំបាកខ្លាំងណាស់ រកស៊ីចិញ្ចឹមក្រុមគ្រួសារមិនគ្រប់គ្រាន់ គឺខ្ញុំខឹងតែជាមួយគាត់។ ខ្ញុំប្រាប់ថា ឈប់ធ្វើទៅទាហាន។ ...មកជួយធ្វើប្រពន្ធបានពីរថ្ងៃ បីថ្ងៃ គេថា គាត់ហ្នឹងសេរី ដល់អ៊ីចឹងគាត់ខ្លាចគេកាត់ឈ្មោះ គាត់សុខចិត្តចោលការងារផ្ទះហើយ»។
លោកស្រី បន្តថា លោកស្រីចង់ឲ្យប្ដីរបស់ខ្លួននៅបម្រើជាតិតទៅមុខទៀតដែរ ប្រសិនបើរដ្ឋាភិបាលដំឡើងប្រាក់ខែកងទ័ពឲ្យបានគ្រប់គ្រាន់នោះ។ បច្ចុប្បន្ន ប្ដីរបស់លោកស្រីមានការលំបាកយ៉ាងខ្លាំង ហើយពេលខ្លះគាត់ឆ្លៀតមកជួយធ្វើការងារនៅផ្ទះបានបន្តិចបន្តួច បន្ទាប់មកងាកទៅប្រចាំការនៅបន្ទាយវិញ។
លោកស្រីថា ក្នុងនាមជាភរិយា លោកស្រីបានធ្វើពលីកម្មយ៉ាងច្រើនដើម្បីប្ដីនិងកូន។ នៅផ្ទះលោកស្រីបានដាំដំណាំបន្លែបង្ការ បានផលយកទៅលក់នៅផ្សារ បានលុយយកមកចិញ្ចឹមកូន។ ដោយមើលឃើញការលំបាកដូច្នេះ កន្លងទៅនេះ លោកស្រីបានប្រាប់ប្ដីថា ឲ្យឈប់បម្រើកងទ័ពតទៅទៀត។ បម្រើកងទ័ពពុំមានការរីកចម្រើនទេ ប្រាក់ខែច្រើនឆ្នាំមកហើយ នៅមានតិចតួចមិនអាចជួយទ្រទ្រង់ដល់ជីវភាពក្នុងក្រុមគ្រួសារបាននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
