ការ​បង្កើត​ក្រម​ប្រតិបត្តិ​ធនាគារ​គាំ​ទ្រ​ដល់​ការ​បង្កើត​តម្លាភាព​ហិរញ្ញវត្ថុ

ដោយ អាន ស៊ីថាវ
2015.02.16
ជា ចាន់តូ ៦២០ លោក ជា ចាន់តូ អគ្គទេសាភិបាល​​​ធនាគារ​ជាតិ​​នៃ​កម្ពុជា ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ក្រម​ប្រតិបត្តិ​សេវា​ធនាគារ នៅ​ថ្ងៃ​ទី ១៦ កុម្ភៈ ២០១៥។
RFA

ក្រម​ប្រតិបត្តិ​សេវា​ធនាគារ​នៅ​កម្ពុជា បាន​បង្កើត​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ដើម្បី​ដោះ​ស្រាយ និង​សម្របសម្រួល​ជម្លោះ​នៅ​ក្នុង​ប្រតិបត្តិ​សេវា​ហិរញ្ញវត្ថុ។ អ្នក​ជំនាញ​ហិរញ្ញវត្ថុ និង​ស្ថាប័ន​គ្រប់គ្រង​​ប្រព័ន្ធ​ធនាគារ​នៅ​​កម្ពុជា យល់​ឃើញ​ថា ការ​បង្កើត​ក្រម​ប្រតិបត្តិ​សេវា​ធនាគារ​នេះ នឹង​ជួយ​លើក​កម្ពស់ ការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ ដល់​អតិថិជន​ប្រកប​ដោយ​តម្លាភាព និង​លើក​ទឹក​ចិត្ត ឲ្យ​អតិថិជន​ក្នុង​ការ​សន្សំ​ប្រាក់។

គោល​បំណង​នៃ​​ការ​បង្កើត​ក្រុម​​ប្រតិបត្តិ​សេវា ធនាគារ​គឺ​ធានា​ការ​លើក​កម្ពស់​ប្រតិបត្តិ​ល្អ នៅ​ក្នុង​វិស័យ​ធនាគារ តាម​រយៈ​ការ​ដាក់​ចេញ សម្រាប់​ស្ថាប័ន​ហិរញ្ញវត្ថុ ការ​បង្កើត​​តម្លា​​ភាព​នៅ​ក្នុង​វិស័យ​ធនាគារ និង​ការ​ជំរុញ​វប្បធម៌​នៃ​ការ​ដោះ​ដូរ​ឲ្យ​បាន​ត្រឹម​ត្រូវ។

អគ្គទេសាភិបាល​​​ធនាគារ​ជាតិ​​នៃ​កម្ពុជា លោក ជា ចាន់តូ មាន​ប្រសាសន៍​ នៅ​កំឡុង​ពេល​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ក្រម​​ប្រតិបត្តិ​សេវា​ធនាគារ នៅ​ថ្ងៃ​ទី​​១៦​កុម្ភៈ ថា ក្រម​​ប្រតិបត្តិ​នេះ គឺ​ជា​​វិធីសាស្ត្រ​​បង្កើន​​​ទំនុកទុកចិត្ត​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​​ទាំង​អស់ និង​ការ​គាំ​ទ្រ​ដល់​ការ​វិនិយោគ និង​កំណើន​សេដ្ឋកិច្ច។ ផ្ទុយ​ទៅ​វិញ លោក ជា ចាន់តូ បាន​បញ្ជាក់​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ ប្រសិន​បើ​អតិថិជន មិន​ទុក​ចិត្ត​ប្រព័ន្ធ​ធនាគារ ឬ​សេវា​ហិរញ្ញវត្ថុ៖ «ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា បាន​​រីក​ចម្រើន រហូត​ដល់​បច្ចុប្បន្ន ដោយ​សារ​តែ​យើង​ខិត​ខំ ប្រឹងប្រែង​អស់​រយៈ​ជា​ច្រើន​ឆ្នាំ តែ​មាន​​បច្ច័យ​​អាក្រក់​មួយ​កើត​ឡើង វា​នឹង​​ប៉ះពាល់​វិស័យ​ហិរញ្ញវត្ថុ​​​យ៉ាង​ឆាប់​រហ័ស»

បន្ថែម​លើ​នេះ ប្រធាន​សមាគម​​ធនាគារ​កម្ពុជា លោក ពុង ខៀវសែ មាន​ប្រសាសន៍​ថា ក្រម​ប្រតិបត្តិ​សេវា​ធនាគារ​នេះ បាន​ចំណាយ​ពេល​វេលា​ចំនួន ពីរ​ឆ្នាំ​ក្នុង​ការ​ចង​ក្រង និង​តាក់​តែង​វិធាន​ការ​ទាំង​ឡាយ ដើម្បី​ធានា​ការ​អនុវត្តន៍​ប្រតិបត្តិការ​នៃ​ការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ ប្រកប​ដោយ​តម្លាភាព និង​ការ​កំណត់​អត្រា​ការប្រាក់​លើ​កម្ចី និង​ឥណទាន។

លោក ពុង ខៀវសែ ប្រធាន​សមាគម​​ធនាគារ​កម្ពុជា និង​អគ្គនាយក​ក្រុមហ៊ុន​អូស៊ីអាយស៊ី (OCIC) វិនិយោគ​កោះពេជ្រ ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ក្រម​ប្រតិបត្តិ​សេវា​ធនាគារ នៅ​ថ្ងៃ​ទី ១៦ កុម្ភៈ ២០១៥។
លោក ពុង ខៀវសែ ប្រធាន​សមាគម​​ធនាគារ​កម្ពុជា និង​អគ្គនាយក​ក្រុមហ៊ុន​អូស៊ីអាយស៊ី (OCIC) វិនិយោគ​កោះពេជ្រ ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ក្រម​ប្រតិបត្តិ​សេវា​ធនាគារ នៅ​ថ្ងៃ​ទី ១៦ កុម្ភៈ ២០១៥។
RFA/An Sithav

លោក ពុង ខៀវសែ បញ្ជាក់​ទៀត​ថា ក្រម​ប្រតិបត្តិ​នេះ បាន​ចែង​អំពី​វិធាន​នៃ​ការ​ដោះស្រាយ​វិវាទ ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល ក្នុង​ការ​ដាក់​​ពាក្យ​បណ្ដឹង ពី​សំណាក់​អតិថិជន ចំពោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ការ​សម្រប​សម្រួល​រវាង​ភាគី​ជម្លោះ​ជា​ដើម៖ «ប្រព័ន្ធ​ធនាគារ​មួយ​ដែល​មាន​ប្រសិទ្ធភាព លុះ​ត្រា​តែ​មាន​ការ​សហការ​គ្នា​ល្អ រវាង​ម្ចាស់​ស្ថាប័ន​ហិរញ្ញវត្ថុ និង​អតិថិជន​របស់​ខ្លួន»

ទោះ​ជា​ជា​យ៉ាង​ណា​ក៏​ដោយ អតិថិជន​ជា​ពិសេស ប្រជាពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន នៅ​តែ​មិន​មាន​​ការ​​ទុក​ចិត្ត​ប្រព័ន្ធ​ធនាគារ ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ។ តាម​ការ​ប៉ាន់ស្មាន​ដោយ​​មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ ដែល​ហៅ​កាត់​ថា អាយអ៊ិមអេហ្វ (IMF) បាន​បង្ហាញ​ថា បរិមាណ​លុយ​ដែល​នៅ​ក្រៅ​ប្រព័ន្ធ​ធនាគារ​​បច្ចុប្បន្ន មាន​ប្រមាណ​៥០% បើ​ធៀប​នឹង​ទំហំ​សេដ្ឋកិច្ច​ជាតិ។

ម៉្យាង​វិញ​ទៀត​ គិត​ត្រឹម​ឆ្នាំ​២០១៤ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្លូវការ ដែល​បាន​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​កម្ពុជា​​មាន​ចំនួន៤៥​ស្ថាប័ន និង​បាន​ផ្ដល់​ប្រាក់​កម្ចី ចំនួន ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក ដល់​ប្រជាពលរដ្ឋ​ប្រមាណ​១​លាន​៧​សែន​នាក់ នៅ​ទូទាំង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។