ការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ គឺជាភាពជោគជ័យមួយនៃការអភិវឌ្ឍប្រទេស។ បច្ចុប្បន្ន ថ្នាក់ដឹកនាំប្រទេសប្រទេសកម្ពុជា បានអះអាងថា កម្ពុជាមានសន្តិភាព មានការទាក់ទាញការវិនិយោគបរទេសយ៉ាងច្រើនកុះករមកបើកការរកស៊ីក្នុងប្រទេស។ ភាពជោគជ័យនេះ បានជំរុញឲ្យសេដ្ឋកិច្ចកម្ពុជា មានកំណើន ៧% ដែលជាអត្រាខ្ពស់ជាងគេនៅក្នុងតំបន់។ ប៉ុន្តែស្ថាប័នស្រាវជ្រាវមួយចំនួនរកឃើញថា កំណើនសេដ្ឋកិច្ចមិនឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍពិតប្រាកដឡើយ នៅពេលដែលកម្ពុជា មានកំណើនក្រុមអ្នកងាយរងគ្រោះ គម្លាតខុសគ្នាខ្លាំងរវាងអ្នកមាននិងអ្នកក្រ និងការបង្កើតការងារថ្មីមានតិចតួច។
កម្ពុជាជាប្រទេសតូចមួយដែលទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ជិត ១០% នៅរយៈពេលប្រមាណ ២០ឆ្នាំជាប់ៗគ្នារហូតដល់បច្ចុប្បន្ន។ កំណើនសេដ្ឋកិច្ចនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា លើការកសាងស្ដារ និងអភិវឌ្ឍប្រទេសឡើងវិញ។ ថ្នាក់ដឹកនាំប្រទេសកម្ពុជា បានអះអាងថា ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាកត្តាទាក់ទាញអ្នកវិនិយោគបរទេស ចូលមកបណ្ដាក់ទុននៅក្នុងវិស័យសំខាន់ៗ ដូចជាកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។
ការព្យាករដោយយោងតាមទិន្នន័យស្ថិតិផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានជាតិស្ថិតិនៅក្នុងឆ្នាំ២០១៣ បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា មានកំណើន ៧,៦% នៃទំហំសេដ្ឋកិច្ច ជាង ១៥ពាន់លានដុល្លារអាមេរិក និងចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋកម្ពុជា ម្នាក់ៗបានកើន រហូតដល់ចំនួន ១ពាន់ដុល្លារអាមេរិក។
ប៉ុន្តែការរកឃើញស្ថាប័នស្រាវជ្រាវមួយចំនួនបានអះអាងផ្ទុយពីនេះ ដោយផលពីកំណើនសេដ្ឋកិច្ចបានផ្ដល់ទៅក្រុមអ្នកមានអំណាច ឬឈ្មួញធំទាំងក្នុងស្រុកនិងបរទេស។ ក្រៅពីនេះ វិស័យកសិកម្ម និងឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ ដែលរាជរដ្ឋាភិបាលបានចាត់ទុកថា ជាមូលដ្ឋានសំខាន់ជំរុញកំណើនសេដ្ឋកិច្ចនោះ មិនឆ្លើយតបទៅនឹងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាឡើយ។
ក្នុងនោះ ប្រជាពលរដ្ឋដែលធ្វើកិច្ចការលើវិស័យកសិកម្ម បានចាត់ទុកជាក្រុមប្រជាពលរដ្ឋដែលរស់នៅលើបន្ទាត់ភាពក្រីក្រតែបន្តិចប៉ុណ្ណោះ ដោយសារតែគ្រួសារភាគច្រើនបំផុតមិនដីធ្វើកសិកម្មតិច និងចំនួនបន្ទុកក្នុងគ្រួសារច្រើន។ ចំពោះអ្នកធ្វើកិច្ចការនៅវិស័យសំលៀកបំពាក់វិញ ក៏ជួបប្រទះនឹងភាពខ្វះខាតជីវភាព ដោយសារកម្រិតប្រាក់បៀវត្សដែលផ្ដល់ឲ្យពួកគេមិនអាចរស់បាន បើប្រៀបធៀបនឹងថ្លៃទំនិញទីផ្សារ។
បញ្ហានេះ រាជរដ្ឋាភិបាលហាក់ដោះស្រាយបានតិចតួច ដើម្បីផ្ដល់ការងារដោយភាពសមរម្យ ស្របពេលដែលកម្ពុជា អះអាងថា មានកំណើនសេដ្ឋកិច្ចខ្ពស់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី២៦ មិថុនា ថា ប្រទេសកម្ពុជា មានការងារច្រើនដែលត្រូវការកម្លាំងពលកម្ម ប៉ុន្តែអ្វីដែលជាការលំបាកសម្រាប់កម្ពុជានោះ គឺខ្វះការផ្សព្វផ្សាយ។
«សំឡេង»
ទោះបីជាការមានការលើកឡើងបែបនេះ ប៉ុន្តែការស្រាវជ្រាវរបស់សម្ព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា ធ្លាប់បានរកឃើញថា ការបង្កើតការងារថ្មីរៀងរាល់ឆ្នាំមានចំនួនតែ ៦ម៉ឺននាក់ប៉ុណ្ណោះ ដែលតិចជាងចំនួនអ្នកដែលស្វែងរកការងារធ្វើជាក់ស្ដែងប្រមាណ ៣ដង។
បច្ចុប្បន្នការស្រាវជ្រាវថ្មីមួយរបស់វិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជា ដែលហៅកាត់ថា (CDRI) បានចេញរបាយការណ៍ថ្មីកាលពីខែមិថុនា ឆ្នាំ២០១៤ រកឃើញថា កំណើនសេដ្ឋកិច្ចកម្ពុជា មួយភាគរយបានបង្កើតការងារចំនួន ១.៣៦% នៃប្រជាពលរដ្ឋកម្ពុជាសរុប។ តួលេខនេះ បញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន បានបង្កើតការងារថ្មីចំនួន ១.៤លាននាក់ក្នុងមួយឆ្នាំ។
របាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកដែលទទួលបានការងារថ្មីទាំងនោះ អ្នកធ្វើការងារនៅវិស័យសេវាកម្មមានឱកាសច្រើន អាចងើបចេញពីភាពក្រីក្រខ្លាំងជាងវិស័យឧស្សាហកម្ម និងវិស័យកសិកម្ម។
តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៣ បានបង្ហាញថា វិស័យសេវាកម្មដែលចូលរួមដល់កំណើនសេដ្ឋកិច្ចកម្ពុជា មានកំណើន ៨% ឧស្សាហកម្មកំណើន ៩% និងកសិកម្ម ៤%។
ស្របពេលជាមួយគ្នានេះ ស្ថាប័នអភិវឌ្ឍអន្តរជាតិនានាបានព្រមានថា ប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះបានទទួលផលពីកំណើនសេដ្ឋកិច្ច ដែលធ្វើឲ្យមានគម្លាតខុសគ្នាខ្លាំងរវាងអ្នកមាននិងអ្នកក្រនៅកម្ពុជា។ ម៉្យាងវិញទៀត គម្លាតរវាងអ្នកកាន់កាប់ដីធ្លីវិញ ក៏បានប៉ះពាល់ប្រសិទ្ធភាពអភិវឌ្ឍវិស័យកសិកម្ម ក្នុងនោះប្រជាពលរដ្ឋប្រមាណ ៨០% មានដីតិចជាងមួយហិកតារ ស្របពេលដែលមនុស្ស ២០% មានដីច្រើនជាង ៥០០ហិកតារ។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា គម្លាតរវាងអ្នកមាននិងអ្នកក្រខ្លាំងបែបនេះ នឹងបង្កើតឲ្យមានសង្គមវណ្ណៈ ដែលបណ្ដាលមកពីរាជរដ្ឋាភិបាលខ្វះសមត្ថភាព។
«សំឡេង»
ស្របពេលជាមួយគ្នានេះ ធនាគារពិភពលោកប្រចាំកម្ពុជា ក៏ធ្លាប់បានអះអាងថា បើទោះបីជាកម្ពុជា បានកាត់បន្ថយភាពក្រីក្រច្រើនក៏ដោយ ប៉ុន្តែមិនមែនមានន័យថា ក្រុមប្រជាពលរដ្ឋកម្ពុជា ទាំងនោះ មានជីវភាពធូរធារនោះទេ។ ប្រជាពលរដ្ឋចំនួន ៣លាននាក់ នឹងធ្លាក់ចូលទៅក្នុងក្រុមអ្នកក្រីក្រីវិញ ប្រសិនបើគាត់បាត់បង់ចំណូលប្រមាណ ១ពាន់រៀលក្នុងមួយថ្ងៃ។
ស្ថាប័នដដែលនេះ ក៏បានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា គួរតែកែប្រែគោលនយោបាយអភិវឌ្ឍន៍ប្រទេស និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋរងគ្រោះ ជាជាងគាំទ្រដល់ក្រុមឈ្មួញ ឬអ្នកមានអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
