ស្ថានភាព​រស់​នៅ​លំបាក​របស់​ពលរដ្ឋ​សហគមន៍​ស្ពាន​ឆេះ​ខេត្ត​ព្រះសីហនុ

ប្រជា​សហគមន៍​ស្ពាន​ឆេះ ក្នុង​ខេត្ត​ព្រះសីហនុ កំពុង​ត្រដរ​រស់​ក្រោម​ជម្រក​តង់​នៅ​លើ​ចិញ្ចើម​ថ្នល់ ដោយ​ខ្វះខាត​ទាំង​ស្បៀង​អាហារ ការ​សិក្សា និង​ថ្នាំ​សង្កូវ។ អ្នក​ភូមិ​ទាំង​នេះ​សង្ឃឹម​ថា ក្រោយ​ការ​បោះ​ឆ្នោត​នេះ រដ្ឋាភិបាល​ថ្មី​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ពួក​គេ​ឱ្យ​បាន​ចប់​សព្វគ្រប់។

0:00 / 0:00

កំពុង​អង្គុយ​លើ​ក្ដារ​ពុក ចោល​ភ្នែក​មើល​ឡាន​ដែល​កំពុង​បរ​កាត់​ផ្លូវ ជ្រី ធឹម វ័យ ១៩​ឆ្នាំ បាន​ឱ្យ​ដឹង​ថា នាង​បាន​សម្រេច​ចិត្ត​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៦ ចាប់​តាំង​ពី​គ្រួសារ​នាង​មាន​បញ្ហា​ជម្លោះ​ដី​ធ្លី​មក ដើម្បី​មក​ជួយ​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ហើយ​គោល​បំណង​ធំ​បំផុត​របស់​នាង គឺ​ចង់​ឱ្យ​ប្អូនៗ​នាង​មាន​ឱកាស​ទៅ​រៀន​បាន​ខ្ពង់​ខ្ពស់​ដូច​គេ កុំ​ឱ្យ​លំបាក​ដូច​នាង​ទៀត។

កញ្ញា ធឹម ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​បី​នាក់ ដែល​រស់​នៅ​ជាមួយ​ឪពុក​ពោះ​ម៉ាយ​ចាស់​ជរា ដោយ​ម្តាយ​នាង​ទើប​តែ​ស្លាប់​កាល​ពី ៤​ខែ​មុន ដោយ​ជំងឺ​ប្រចាំ​កាយ។ ធឹម ប្រាប់​ថា នាង​ធ្វើ​ការងារ​គ្រប់​មុខ​ទាំងអស់​ឱ្យ​តែ​បាន​ប្រាក់ មិន​ថា​កម្មករ​សំណង់ អ្នក​លាង​ចាន អ្នក​សម្អាង​បន្ទប់ អ្នក​ស៊ី​ឈ្មួញ​បក​បង្គា ឬ​យូគី។ ក៏ប៉ុន្តែ ទោះ​បី​ជា​ខិតខំ​យ៉ាង​នេះ​ក្តី គ្រួសារ​នាង​នៅ​តែ​រក​មិន​គ្រប់​ដដែល បាន​ព្រឹក​ខ្វះ​ល្ងាច។

គ្រួសារ​នាង​ស្ថិត​នៅ​ក្នុង​ចំណោម​ជាង ១៧៣​គ្រួសារ ដែល​មាន​បញ្ហា​វិវាទ​ដី​ធ្លី​នៅ​សហគមន៍​ស្ពាន​ឆេះ ជិត​ឆ្នេរ​អូរត្រេះ ខេត្ត​ព្រះសីហនុ។

កាល​ពី​ថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ​២០០៧ ប្រជាពលរដ្ឋ​ចំនួន ១០៧​គ្រួសារ នៅ​ភូមិ​៦ សង្កាត់​លេខ​៤ ខេត្ត​ព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​រឹបអូស​ដី​ធ្លី​សរុប ១៦​ហិកតារ ដោយ​សម្អាង​ថា ពលរដ្ឋ​ទាំង​នេះ​រស់​នៅ​លើ​ដី​ដែល​មាន​ម្ចាស់​កម្មសិទ្ធិ​រួច​ហើយ។

ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​នោះ មាន​កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់ ដោយ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ និង​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​ពួក​គាត់។ ពលរដ្ឋ​ចំនួន ១៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​​គុក ដោយសារ​តែ​ការ​ប្រឆាំង​តវ៉ា។

អ្នក​ដែល​រង​គ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​នេះ ក៏​បាន​នាំ​គ្នា​មក​បោះ​តង់​តាំង​ទី​លំនៅ​លើ​ចិញ្ចើម​ថ្នល់ ដែល​ស្ថិត​នៅ​ប្រមាណ ៥០​ម៉ែត្រ ពី​ទីតាំង​ចាស់ ដើម្បី​រង់ចាំ​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ។

អ្នក​ភូមិ​ទាំង​នេះ​បាន​រំឭក​ថា កាល​ពី​ទសវត្ស​ឆ្នាំ​១៩៩០ នៅ​ទី​កន្លែង​នេះ​សុទ្ធ​តែ​ព្រៃ គ្មាន​មនុស្ស​រស់​នៅ​ទេ ហើយ​ក្រោយ​មក​ក៏​មាន​​ប្រជាជន​ពីរ​បី​គ្រួសារ មក​ឆ្ការ​ព្រៃ​សង់​ខ្ទម​នៅ​លើ​ដី​កំពុង​មាន​ទំនាស់​នេះ ដើម្បី​ដេក​ចាំ​នេសាទ។ តែ​ក្រោយៗ​មក អ្នក​ដែល​គ្មាន​ដី​ក៏​បាន​នាំ​គ្នា​បន្ត​មក​រស់​នៅ​នៅ​ទី​នេះ​ទៀត ដែល​កាល​ណោះ​​មាន​ប្រហែល ១៧​គ្រួសារ ហើយ​ក្រោយ​មក​អ្នក​ទាំង​នេះ​ខ្លះ​បាន​រៀប​ការ​មាន​កូន​ត​ចៅ ធ្វើ​ឱ្យ​តំបន់​នេះ​ក្លាយ​ជា​ភូមិករ​មួយ។

ពួក​គាត់​លើក​ឡើង​ថា ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​មិន​បណ្ដេញ​ពួក​គាត់​កាល​ពី​មក​ចូល​នៅ​ភ្លាមៗ រហូត​ដល់​ពួក​គាត់​បាន​សង់​ផ្ទះ និង​រៀប​ចំ​គ្រួសារ​បាន​ហើយ ទើប​មក​ដេញ​ពួក​គាត់។

លោក ឯក វិធាន តំណាង​សហគមន៍​ស្ពាន​ឆេះ បាន​សន្និដ្ឋាន​ថា វិវាទ​ដី​ធ្លី​បាន​ចាប់​កើត​មាន​នៅ​ពេល​ដី​នៅ​តំបន់​នេះ​មាន​ហាង​ឆេង ដោយ​មាន​ជនជាតិ​បរទេស​មក​សុំ​​ជួល ឬ​ចង់​ទិញ ព្រោះ​ដី​នៅ​កន្លែង​នេះ​ស្ថិត​នៅ​ជិត​​ឆ្នេរ​សមុទ្រ។

លោកស្រី ឃុន សារុន ចៅ​សង្កាត់​លេខ​៤ បាន​ពន្យល់​ថា តាម​ពិត ទីតាំង​ដី​ទំនាស់​នេះ​មាន​ម្ចាស់​កាន់​ប្លង់​កម្មសិទ្ធិ​ត្រឹម​ត្រូវ តែ​ប្រជាជន​ទាំង​នេះ​មក​រស់​នៅ​លើ​ដី​នេះ​ដោយ​ខុស​ច្បាប់។

អ្នក​ភូមិ​នៅ​ក្នុង​សហគមន៍​ស្ពាន​ឆេះ​នេះ កំពុង​រស់នៅ​ក្នុង​ខ្ទម​ប្រក់​ស្បូវ ប្រក់​តង់ ឬ​ស័ង្កសី នៅ​ខាង​ឆ្វេង​ដៃ​ផ្លូវ​តម្រៀប​ជួរ​មុខ​ក្រោយ​គ្នា ខាង​មុខ​ដី​ឡូត៍​របស់​ឯកជន​ដែល​ព័ទ្ធ​របង​ថ្ម​យ៉ាង​រឹងមាំ ទុក​ចោល​នៅ​តាម​ដង​ផ្លូវ​​​ឆ្ពោះ​ទៅ​ឆ្នេរ​អូរត្រេះ។

គ្មាន​សាលា​រៀន គ្មាន​ទឹក​ស្អាត គ្មាន​បង្គន់​អនាម័យ គ្មាន​​​​មណ្ឌល​សុខភាព ទាំង​នេះ​ជា​ក្តី​កង្វល់​របស់​អ្នក​ភូមិ។ អ្នក​ភូមិ​ប្រើ​ទឹក​​​អណ្ដូង​រួម​គ្នា​ដែល​មាន​តែ​មួយ​ក្នុង​ភូមិ​សម្រាប់​ងូត បោក​គក់ និង​​លាង​ចាន​ឆ្នាំង ហើយ​ដួស​ទឹក​អូរ​មក​ដាំ​ផឹក។ ចង្កៀង​ប្រេង​កាត ជា​មធ្យោបាយ​បំភ្លឺ​នា​ពេល​រាត្រី បើ​ទោះ​ជា​មាន​បណ្ដាញ​អគ្គិសនី​អូស​កាត់​កន្លែង​ពួក​គាត់​ក្តី ព្រោះ​គាត់​គ្មាន​ប្រាក់​ត​ភ្លើង និង​បង់​ថ្លៃ​ភ្លើង​នោះ​ទេ។

លោក យាង រ៉េន វ័យ ៣០​ឆ្នាំ បាន​ត្អូញត្អែរ​ថា គ្រួសារ​លោក​​ជួប​ប្រទះ​នឹង​បញ្ហា​ជាច្រើន ពិសេស​បញ្ហា​សុខភាព។

អ្នកស្រី ស៊ុត ឌីន ស្ត្រី​មេម៉ាយ​អាយុ ៥៥​ឆ្នាំ បាន​រៀប​រាប់​ឱ្យ​ដឹង​ថា ផ្ទះ​មាន​តម្លៃ​ណាស់​សម្រាប់​ជីវិត គ្មាន​ផ្ទះ គឺ​គ្មាន​ភាព​កក់ក្តៅ។

ទាក់ទង​បញ្ហា​នេះ ចៅ​សង្កាត់​លេខ​៤ លោកស្រី ឃុន សារុន បាន​ឆ្លើយ​តប​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មាន​ផែន​ការ​រៀបចំ​ដី​សម្បទាន​សង្គម​កិច្ច​ជូន​អ្នក​ភូមិ ឱ្យ​ទៅ​រស់​​នៅ​ក្នុង​សង្កាត់​ទំនប់រលក ស្រុក​ស្ទឹងហាវ ដែល​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​ចំនួន ២០​គុណ​នឹង ៣០​ម៉ែត្រ។ ប៉ុន្តែ លោកស្រី​​មិន​បញ្ជាក់​ថា នឹង​ផ្ដល់​ជូន​ពលរដ្ឋ​នៅ​ពេល​ណា​នោះ​ទេ។

ប្រជាជន​ដែល​កំពុង​មាន​បញ្ហា​ដីធ្លី កំពុង​រំពឹង​ទៅ​លើ​បទ​អន្តរាគមន៍​របស់​អាជ្ញាធរ​នេះ ដោយ​ពួក​គាត់​និយាយ​ថា ពួក​គាត់​មិន​ទទូច​ចង់​បាន​តែ​ទីតាំង​នៅ​កន្លែង​ចាស់​នោះ​ទេ ពោល​គឺ​កន្លែង​ណា​ក៏​បាន​ឱ្យ​តែ​ប្រកប​របរ​រក​ស៊ី​រស់​បាន។

លោក បួន ណារិទ្ធិ មន្ត្រី​សម្រប​សម្រួល​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា លីកាដូ (Licadho) ថ្លែង​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ គួរ​ឆាប់​អនុវត្ត​​​ផែន​ការ​រៀបចំ​ដី​សម្បទាន​សង្គម​កិច្ច​ជូន​អ្នក​ភូមិ ដើម្បី​បញ្ចប់​​ទំនាស់​នេះ​ឱ្យ​បាន​ឆាប់។

គោលការណ៍​គ្រឹះ​នៃ​កម្មវិធី​នយោបាយ​ដីធ្លី​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ គឺ​បន្ត​អនុវត្ត​កំណែ​ទម្រង់​ដីធ្លី ការ​បែង​ចែក​ដី​ធ្លី​ដើម្បី​ធានា​ការពារ​​សិទ្ធិ​លើ​ដី​ប្រជាជន ព្រម​ទាំង​ការ​គ្រប់គ្រង​ដី​រដ្ឋ​ប្រកប​ដោយ​តម្លាភាព សមធម៌ ចីរភាព និង​ប្រសិទ្ធភាព និង​បន្ត​អនុវត្ត​គោល​នយោបាយ​មិន​យក​ពន្ធ​លើ​ដី​កសិកម្ម​របស់​កសិករ ដែល​បង្ក​បង្កើន​ផល​ជា​លក្ខណៈ​គ្រួសារ។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ មាន​គោល​នយោបាយ​មិន​យក​ពន្ធ​លើ​ដី​កសិកម្ម ផ្តល់​ដី​ដល់​កសិករ​ឲ្យ​មាន​ដី​ធ្វើ​កសិកម្ម​គ្រប់​គ្រាន់ តាម​រយៈ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ដល់​ប្រជាជន ហើយ​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​មិន​បាន​ផ្តល់​ផល​ចំណេញ​​ដល់​ជាតិ ព្រម​ទាំង​រៀបចំ​គម្រោង​អភិវឌ្ឍន៍​​ទាក់ទង​ដី​ធ្លី ដោយ​ធ្វើ​ការ​ពិគ្រោះ​​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​​ដែល​ពាក់ព័ន្ធ ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​រដ្ឋាភិបាល ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​ទទួល​បាន​ផល​­­­­​ចំណេញ​ទាំងអស់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។