ក៏ប៉ុន្តែ គោលនយោបាយជួយជ្រោមជ្រែងនេះ ត្រូវបានប្រជាពលរដ្ឋខ្លះនិយាយថា វាមិនទាន់ធ្វើឱ្យជីវភាពអ្នកភូមិបានប្រសើរនៅឡើយ ដោយសារតែនៅមានវិបត្តិធំប្រចាំថ្ងៃមួយទៀត គឺការប្រើប្រាស់ថាមពលអគ្គិសនីមានតម្លៃខ្ពស់។
តើមានផលវិបាកយ៉ាងណាខ្លះចំពោះអ្នកភូមិទីនោះ នៅពេលដែលប្រឈមមុខនឹងការរកប្រាក់មកប្រើប្រាស់ថាមពលអគ្គិសនីប្រចាំថ្ងៃមិនបាន?
ក្រុមប្រជាពលរដ្ឋជាច្រើន ដែលរស់នៅក្នុងភូមិស្រអែម និងភូមិធម្មជាតិសម្ដេចតេជោ នៃឃុំស្រអែម ស្រុកជាំក្សាន ខេត្តព្រះវិហារ បានត្អូញត្អែរថា ពួកគេកំពុងពិបាកចិត្តជាខ្លាំង ដោយសារតែភ្លើងអគ្គិសនីមានតម្លៃខ្ពស់ ឯការរកចំណូលប្រចាំថ្ងៃមិនសូវបានគ្រប់គ្រាន់។
ក្រុមអ្នកភូមិទីនោះចង់ឱ្យអាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាល ផ្ដោតការយកចិត្តទុកដាក់ទៅលើការជួយបញ្ចុះតម្លៃអគ្គិសនីពីក្រុមហ៊ុនឯកជន ប្រសិនជាអាចធ្វើទៅបាន។
ស្ត្រីអ្នកភូមិធម្មជាតិសម្ដេចតេជោ ម្នាក់ គឺអ្នកស្រី ពេញ គន្ធា។ អ្នកស្រីបានមានប្រសាសន៍ថា គាត់ពិបាកចំពោះការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំថ្ងៃ។ ស្ត្រីដដែលបានបញ្ជាក់ថា បច្ចុប្បន្ននេះតំបន់ដែលគាត់រស់នៅ គឺទំនិញសព្វសារពើក៏ថ្លៃ សូម្បីតែទឹកប្រើប្រាស់ក៏ទិញគេ ហើយបន្ថែមលើភ្លើងអគ្គិសនីតម្លៃខ្ពស់ទៀត គឺពិបាកក្នុងការរស់នៅយ៉ាងខ្លាំង៖ «ស្អីក៏ថ្លៃទាំងអស់ ថ្លៃជាងនៅក្នុងទៀតនោះ។ ពិបាកភ្លើង១គីឡូវ៉ាត់ គឺ ៣.០០០រៀល ហើយពេលយើងអស់គីឡូ គេបញ្ចូលកាត គឺទៅទិញដល់ស្រអែម។ ពេលណាម្ចាស់គេអត់នៅ យើងជិះម៉ូតូឌុបហ្នឹងមកវិញ ទាល់តែម្ចាស់គេនៅបានយើងបានបញ្ចូល។ ម្ល៉ោះហើយវាឡើងទៅជាអស់១ម៉ឺនរៀលទៀត រឿងភ្លើងម្ដងៗ។ ប្រើប្រាស់រាល់ថ្ងៃសន្សំសំចៃដែរ គឺក្នុង១ខែអស់ ៣០គីឡូវ៉ាត់ ដោយហ៊ានប្រើតែអំពូល២ និងកង្ហារតែមួយ»។
ប្រជាពលរដ្ឋខ្លះទៀតដែលរកចំណូលប្រចាំថ្ងៃបានតិចតួច បានឱ្យដឹងថា ពួកគេមិនទាន់ហ៊ានប្រើប្រាស់អគ្គិសនីរបស់ក្រុមហ៊ុននៅឡើយទេ ដោយសារតែមិនមានប្រាក់យកទៅបង់ថ្លៃតបណ្ដាញដំបូងរហូតដល់ទៅ ១លានរៀល ឯការប្រើប្រាស់ថាមពលទៀតសោត ក៏មានតម្លៃថ្លៃ។
អ្នកភូមិធម្មជាតិសម្ដេចតេជោ ម្នាក់ទៀត គឺលោក សៀង សុផល បានមានប្រសាសន៍ថា បើទោះបីជាអ្នករស់នៅជុំវិញគាត់បានប្រើប្រាស់អគ្គិសនីជាច្រើននាក់ហើយក៏ដោយ ក៏គ្រួសារគាត់មិនទាន់ហ៊ានប្រើប្រាស់អគ្គិសនីនៅឡើយទេ។ លោក សៀង សុផល បានបញ្ជាក់ថា កាលពីគ្រួសាររបស់លោករស់នៅតំបន់គ១ គឺអាចរកចំណូលបានខ្លះពីទេសចរណ៍ ក៏ប៉ុន្តែចាប់តាំងពីចាកចេញមករស់នៅភូមិធម្មជាតិ រយៈពេលជាង ៥ឆ្នាំមកនេះ មិនទាន់រកចំណូលអ្វីបានឱ្យសមរម្យទេ។ ដោយសារគ្មានចំណូលប្រចាំថ្ងៃទៀងទាត់នេះ គឺគ្រួសាររបស់លោកមិនហ៊ានតភ្លើងអគ្គិសនីប្រើប្រាស់ឡើយ៖ «រាល់ថ្ងៃប្រើអាគុយ ប្រើចង្កៀងអ៊ីចឹងទៅ។ ភ្លើងប្រសិនបើតសេវា ១លានរៀលក្ដី តែបើការប្រើប្រចាំថ្ងៃគេចុះមកត្រឹម ១.៥០០ ឬក៏ ១.២០០រៀល ដូចអ្នកខាងក្នុង អាហ្នឹងមានលទ្ធភាពហើយ។ បើអនាគតទៅភ្លើងនៅតែថ្លៃអ៊ីចឹង គេអត់ប្រើទេ ព្រោះវាសំខាន់លើថវិកាចូលក្នុងគ្រួសារ។ ដល់ក្រោយពីចេញពីតំបន់ស្វាយជ្រំ តំបន់គ១ មក មានអីបាតដៃទទេហ្នឹង»។
ដោយសារតែអគ្គិសនីនៅតំបន់ស្រអែម និងភូមិធម្មជាតិសម្ដេចតេជោ នៅមានតម្លៃខ្ពស់ វាបានតម្រូវឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅទីនោះ ប្រើប្រាស់នៅមានកម្រិត ជាពិសេសបើកទូរទស្សន៍មើលព័ត៌មាន ឬក៏កម្សាន្តប្រចាំថ្ងៃ ក៏នៅមានកម្រិតដែរ។
«សំឡេងទូរទស្សន៍»
បញ្ហាម្យ៉ាងទៀត ដោយសារតែអគ្គិសនីតម្លៃថ្លៃនោះ ក៏ធ្វើឱ្យសេវាកម្មភោជនីយដ្ឋាន និងផ្ទះសំណាក់ជាច្រើនកន្លែងដែលបើកបម្រើអតិថិជនប្រចាំថ្ងៃ លក់ក្នុងតម្លៃថ្លៃផងដែរ។
ម្ចាស់ផ្ទះសំណាក់ និងភោជនីយដ្ឋានខ្លះនៅឃុំស្រអែម ធ្លាប់ត្អូញត្អែរ និងរអ៊ូរទាំជាញឹកញាប់ អំពីតម្លៃភ្លើងថ្លៃនេះ។
ប្រជាពលរដ្ឋខ្លះនៅក្នុងឃុំស្រអែម និងភូមិធម្មជាតិសម្ដេចតេជោ បាននិយាយថា កន្លងទៅរដ្ឋាភិបាលបានយកចិត្តទុកដាក់លើពួកគេដែលផ្លាស់ទីលំនៅចេញពីតំបន់ជាប់ព្រំដែន ឱ្យមករស់នៅតំបន់ថ្មី ដោយខិតខំបែងចែកដីឡូត៍ឱ្យសង់ផ្ទះ ព្រមទាំងអភិវឌ្ឍវិស័យជាច្រើន ដូចជា សាងសង់មណ្ឌលសុខភាព សាលារៀន និងផ្លូវថ្នល់ជាច្រើន ក៏ប៉ុន្តែនៅខ្វះការជួយជ្រោមជ្រែងលើការប្រើថាមពលអគ្គិសនីប្រចាំថ្ងៃ ឱ្យមានតម្លៃថោកសមរម្យនៅឡើយ។
អ្នកភូមិធម្មជាតិសម្ដេចតេជោ បានបញ្ជាក់ថា ពេលបច្ចុប្បន្ន តម្លៃប្រើប្រាស់ភ្លើងអគ្គិសនី ៣.០០០រៀលក្នុង១គីឡូវ៉ាត់នោះ គឺធ្វើឲ្យពួកគេកំពុងពិបាករកប្រាក់បង់មែនទែន៖ «រកមិនបានទេពូ! តែយើងខំលក់ដូរបន្តិចបន្តួច ហើយកូនថ្មើរហ្នឹង គឺមិនទាន់មានបាយមានទឹកហូបផង ពិបាកណាស់ពូ បើគេឯកជនអ៊ីចឹងវាពិបាក»។
ភ្លើងអគ្គិសនីនៅឃុំស្រអែម និងភូមិធម្មជាតិសម្ដេចតេជោ ថ្លៃ ៣.០០០រៀលក្នុង១គីឡូវ៉ាត់ម៉ោងនោះ គឺថ្លៃបន្តិចមែន បើប្រៀបធៀបជាមួយនឹងភ្លើងដែលប្រើនៅក្នុងទីរួមខេត្តព្រះវិហារ ថ្លៃ ២.៤០០រៀលក្នុង១គីឡូវ៉ាត់ និងនៅខេត្តសៀមរាប ថ្លៃ ៨៧០រៀលក្នុង១គីឡូវ៉ាត់នោះ។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងក្រុមហ៊ុនអគ្គិសនីឯកជននៅឃុំស្រអែម ដើម្បីសុំការអធិប្បាយអំពីមូលហេតុតម្លៃភ្លើងខ្ពស់នៅទីនោះបានថាយ៉ាងណានៅឡើយ។
ចំណែកអាជ្ញាធរវិញ បានទទួលស្គាល់ថា អគ្គិសនីនៅទីនោះ គឺពិតជាថ្លៃបន្តិចមែន ស្របពេលដែលប្រជាពលរដ្ឋភាគច្រើនជាកសិករធ្វើស្រែចម្ការ មិនទាន់អាចរកចំណូលឱ្យបានសមរម្យនៅឡើយ។
មេឃុំស្រអែម លោក ប្រាក់ ភី បានមានប្រសាសន៍ថា ប្រជាពលរដ្ឋរបស់លោកភាគច្រើនមិនអាចរកចំណូលអ្វីបានក្រៅពីធ្វើកសិកម្មនោះទេ។ លោកចង់ឱ្យតម្លៃភ្លើងអគ្គិសនីនៅក្នុងឃុំរបស់លោកបានចុះតម្លៃទាបជាងពេលបច្ចុប្បន្ន ក៏ប៉ុន្តែលោកមិនមានលទ្ធភាពក្នុងការចរចាជាមួយក្រុមហ៊ុនឡើយ ដោយសារតែកាលពីមុន តំបន់របស់លោកនេះនៅក្រោមការគ្រប់គ្រងរបស់ឃុំកន្ទួត ហើយក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណធ្វើអាជីវកម្មនៅក្នុងឃុំកន្ទួត៖ «និយាយរួមទៅ គឺក្រុមហ៊ុនអគ្គិសនីនៅក្នុងឃុំកន្ទួត មិនមែនឃុំខ្ញុំទេ។ កាលពីមុនមក គឺខ្ញុំនៅជាមួយឃុំកន្ទួត ដល់ពេលក្រោយមក រាជរដ្ឋាភិបាលបង្កើតឃុំថ្មីមក ព្រោះឃុំខ្ញុំអត់មានអាជ្ញាប័ណ្ណអគ្គិសនីនៅក្នុងឃុំខ្ញុំទេ។ ក៏ប៉ុន្តែ វាជាប់ជាមួយឃុំកន្ទួតចាស់ ហើយការចែកចាយអគ្គិសនី គឺនៅក្នុងឃុំខ្ញុំច្រើន»។
កាលពីពីរឆ្នាំមុន អ្នកជំនាញជប៉ុន និងម៉ាឡេស៊ី ដែលតែងទៅសហការជាមួយអាជ្ញាធរជាតិព្រះវិហារ មានគម្រោងនឹងបង្កើតថាមពលអគ្គិសនី ដើម្បីចែកចាយឱ្យអ្នកភូមិធម្មជាតិសម្ដេចតេជោ បានប្រើប្រាស់ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គម្រោងផលិតថាមពលអគ្គិសនីទីនោះ មិនទាន់បានចេញជារូបរាងយ៉ាងណានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
