ក្រសួង​មហាផ្ទៃ​រំលឹក​​​ប៉ូលិស​មូលដ្ឋាន​ឲ្យ​ពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ក្រើនរំលឹក​ទៅ​ដល់​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​ឲ្យ​បន្ត​ពង្រឹង​សកម្មភាព​ការពារ​សន្តិសុខ​សុវត្ថិភាព​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន ឲ្យ​ស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ប្រមុខ​រដ្ឋាភិបាល​ដាក់​ចេញ។

ការ​ក្រើន​រំលឹក​នេះ កើត​មាន​នៅ​ពេល​មាន​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​កំពុង​ដំណើរការ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ផ្ដល់​ព័ត៌មាន​មក​ថា អំពើ​ចោរកម្ម​ឆក់​ប្លន់​កើត​មាន​ជា​បន្តបន្ទាប់​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន។

​លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ព្រមាន​ចាត់​វិធានការ ឬ​ដាក់​ទោស​ទណ្ឌ​ទៅ​ដល់​មន្ត្រី​ក្រោម​ឱវាទ​​នៅ​តាម​មូលដ្ឋាន​នានា ពិសេស​ប៉ូលិស​តាម​ប៉ុស្តិ៍​រដ្ឋបាល​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ប្រព្រឹត្តិ ឬ​ទទួល​យក​សំណូក​លុយ​កាក់ ពុករលួយ​ពី​ម្ចាស់​បន​ល្បែង​បៀ​អាប៉ោង​ជល់​មាន់ ឬ​ទីតាំង​ចាក់​ភ្នាល់​បាល់ និង​ទីកន្លែង​ចាក់​កន្ទុយ​លេខ​ជាដើម។

​លោក​បន្ត​ថា ប៉ូលិស​នៅ​តាម​មូលដ្ឋាន​នានា ត្រូវ​ពង្រឹង​និង​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ឲ្យ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​នៅ​ក្នុង​រដូវ​កាល​ប្រកួត​បាល់​ទាត់​ពិភពលោក​កំពុង​ដំណើរ​ការ។ ជាង​នេះ លោក ខៀវ សុភ័គ ព្រមាន​ថា មន្ត្រី​ប៉ូលិស​ជន​ទាំង​ឡាយ​ណា​ដែល​រក​ឃើញ​ថា​ឃុបឃិត និង​អនុវត្ត​ផ្ទុយ​ពី​គោ​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព គឺ​បាន​ប្រឆាំង​សកម្មភាព​អភិវឌ្ឍន៍​សង្គម​ជាតិ​របស់​ប្រមុខ​រដ្ឋាភិបាល។

លោក ខៀវ សុភ័គ៖ «ការ​អនុវត្ត​ច្បាប់​ភូមិ​ឃុំ​មាន​សុវត្ថិភាព គឺ​មាន​ចែង​ពី​ចំណុច​មួយ​ថា ភូមិ​ឃុំ​គ្មាន​ល្បែង​ល្បែង​ស៊ីសង។ ដូច្នេះ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ហ្នឹង គឺ​យើង​ត្រូវ​អនុវត្ត​ជា​ប្រចាំ​ដូច​ភ្លៀង​រលឹម​អ៊ីចឹង។ មិន​មែន​យើង​អនុវត្ត​តែមួយ​ជំហាន​ហើយ ទាល់​តែ​មាន​ថ្នាក់​ដឹកនាំ​ក្រសួង ឬ​រដ្ឋាភិបាល​លោក​បញ្ជា​ទៅ​ទើប​កម្រើក​ដូច​ភ្លើង​ចំបើង​នោះ​ទេ។ ដូច្នេះ​សូម​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់ និង​ប្រកាន់​ខ្ជាប់​អនុវត្ត​​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ ដើម្បី​សេចក្ដី​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​យើង ពីព្រោះ​យើង​ដឹង​ទាំង​អស់​គ្នា​ហើយ​ថា ប្រសិន​បើ​ភូមិ​ឃុំ​ណា​មាន​ល្បែង​ស៊ីសង វា​អាច​មាន​បញ្ហា​កើត​ឡើង​ផ្សេងៗ ជា​មាន​បញ្ហា​សង្គម​ក្តី​ជា​បញ្ហា​បទល្មើស​ក្តី គឺ​មាន​ការ​កើន​ឡើង»

​សារ​ព្រមាន​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ពេល​នេះ បន្ទាប់​ពី​ក្រុម​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ សម្ដែង​ពី​កង្វល់​និង​ផ្ដល់​ព័ត៌មាន​មក​ថា បទល្មើស​ឆក់​ប្លន់ និង​ចោរ​លួច​គាស់​ផ្ទះ​បាន​កើត​មាន​នៅ​ពេល​រាត្រី ឬ​ពេល​ថ្ងៃ​ជា​ច្រើន​ករណី​នៅ​តាម​ផ្លូវលំ​ឆ្ងាយ​ពី​ទីប្រជុំជន។

ក្រុម​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​ក្នុង​សែន​សុខ ខណ្ឌ​ឫស្សីកែវ និង​ខណ្ឌ​ដូនពេញ ជាដើម បាន​រអ៊ូរទាំ​ថា ចោរ​ឆក់ ឬ​ចោរ​គាស់​ផ្ទះ​ជាដើម បាន​កើត​មាន​ស្ទើរ​រៀង​រាល់​យប់​ថ្ងៃ ហើយ​ប៉ូលិស​មូលដ្ឋាន​បង្ក្រាប​មិន​ទាន់​ពេល​ទេ។

បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ ឲ្យ​ដាក់​បទបញ្ជា​ទៅ​ប៉ូលិស​តាម​ប៉ុស្តិ៍​រដ្ឋបាល​នានា ឲ្យ​បង្កើន​សកម្មភាព​ចុះ​ល្បាត​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​បទល្មើស​ចោរកម្ម​នៅ​ថ្ងៃ​អនាគត។
ប្រជាពលរដ្ឋ​មាន​លំនៅឋាន​ក្នុង​ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​សំណូមពរ​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ ឲ្យ​ចុះ​បិទ​ទៅ​តាំង​បន​ល្បែង​ភ្នាល់​ផ្សេងៗ ដែល​ម្ចាស់​ទីតាំង​ឃុបឃិត​គ្នា​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​មូលដ្ឋាន ជា​ថ្នូរ​ផ្ដល់​លុយ​កាក់​ប្រចាំខែ ឬ​ប្រចាំ​ថ្ងៃ កំពុង​ធ្វើ​សកម្ម​ភាពជា​រៀងរាល់​ថ្ងៃ​ឲ្យ​បានជា​ស្ថាពរ៖ «សំណូមពរ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​គ្រង​តាម​មូលដ្ឋាន​ទាំង​អស់​ហ្នឹង​ជួយ​ការពារ​ប្រជាជន​ផង? ព្រោះ​អី​ឥឡូវ​មាន​ចោរ​លួច​គាស់​ផ្ទះ ឆក់ និង​ប្លន់​ច្រើន​ណាស់។ ចង់​ឲ្យ​លុបបំបាត់​ការ​លែង​ល្បែង​ភ្នាល់ ចាក់​បាល់ ឬ​កន្លែង​ភ្នាល់។ ព្រោះ​បាន​កើត​មាន​ជា​ច្រើន​កន្លែង​ណាស់​ឥឡូវ​នេះ។ ដល់​ពេល​អ៊ីចឹង​វា​បង្កើត​ឲ្យ​មាន​ចោរ​ច្រើន ព្រោះ​មាន​អ្នក​ចាញ់ និង​ឈ្នះ​ជាដើម»

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ប៉ូលិស​ក្រសួង​មហាផ្ទៃ មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ឲ្យ​ដឹង​ថា បទល្មើស​ភាគ​ច្រើន​ដែល​កើត​មាន​នៅ​តាម​មូលដ្ឋាន ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ខ្លះ បាន​ផ្អឹប​សំណុំ​រឿង​ទុក មិន​បញ្ជូន​ទៅ​ថ្នាក់​លើ​ទេ។ លោក​បន្ត​ថា ព័ត៌មាន​ដែល​ថ្នាក់​លើ​ទទួល​ពី​មូលដ្ឋាន គឺ​មាន​សន្តិសុខ​សុវត្ថិភាព​ល្អ​ជា​រហូត ដែល​ខុស​ពី​ការ​ពិត​ជាក់ស្ដែង​កើត​មាន​នៅ​តាម​មូលដ្ឋាន។

​យ៉ាង​ណា​ក៏ដោយ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ព្រមាន​ថា នឹង​មិន​អត់​អោន​ចំពោះ​មន្ត្រី​ប៉ូលិស​រូប​ណា​ដែល​ឃុបឃិត ឬ​នៅ​ពី​ក្រោយ​ខ្នង​បង្កើត​ឲ្យ​មាន​បន​ល្បែង​ខុស​ច្បាប់​នៅ​ក្នុង​មូលដ្ឋាន​ខ្លួន ដោយ​គ្មាន​ការ​ទប់​ស្កាត់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។