ប៉ុន្តែ ខាងក្រុមគ្រួសារជនសង្ស័យទាំង ៥នាក់ បញ្ជាក់ថា ពួកគាត់ គឺជាប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ហើយកាប់ឈើនោះ គឺជាឈើក្នុងដីចម្ការរបស់គេ ដោយមានការអនុញ្ញាតត្រឹមត្រូវ ដោយឈើទាំងនោះ ពួកគាត់យកធ្វើឧសទុកដុតប្រចាំថ្ងៃតែប៉ុណ្ណោះ។ ហើយខាងគ្រួសារជនសង្ស័យ ក៏បានលើកឡើងថា ចំពោះឈើដែលប្រជាពលរដ្ឋកាប់យកប្រើប្រាស់ក្នុងរង្វង់គ្រួសារ សមត្ថកិច្ចបែរជាដាក់ទោស ប៉ុន្តែបើឈ្មួញកាប់ឈើ និងធ្វើអាជីវកម្មឈើ សមត្ថកិច្ចមើលមិនឃើញនោះទេ។
ក្រុមគ្រួសារជនសង្ស័យចំនួន ៥នាក់ ដែលត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើ ស្រុកសន្ទុក ចាប់ខ្លួន បានអះអាងថា ពួកគេសុទ្ធតែជាកសិកររស់នៅក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ គឺពុំបានកាប់ឈើខុសច្បាប់ដូចការចោទប្រកាន់ឡើយ។
ម្តាយរបស់ជនសង្ស័យ អ្នកស្រី ចូវ យ័ន បានមានប្រសាសន៍ថា កូនបង្កើត និងកូនប្រសារបស់អ្នកស្រី បានចាប់ខ្លួនកាលពីថ្ងៃទី៩ កញ្ញា និងឃុំខ្លួននៅពន្ធនាគារខេត្តនៅថ្ងៃបន្ទាប់។ អ្នកស្រីបន្តថា កូនអ្នកស្រីបង្កើត ឈ្មោះ រុំ សុខា អាយុ ២០ឆ្នាំ និងកូនប្រសាឈ្មោះ រ៉ន នី អាយុ ២៥ឆ្នាំ បានទៅកាប់ឈើសម្រាប់យកមកធ្វើឧសប្រើប្រាស់នៅក្នុងគ្រួសារ នៅក្នុងដីចម្ការរបស់គេ ដោយមានការសុំត្រឹមត្រូវ។ ប៉ុន្តែ នៅពេលដឹកចេញមក គាប់ជួនដែលមានអ្នកកាប់ឈើខុសច្បាប់មួយក្រុមទៀត គេក៏ចាប់ក្រុមកូនអ្នកស្រីតែម្តងទៅ។
អ្នកស្រី ចូវ យ័ន៖ «ជួននៅពេលហ្នឹង គេដេញចាប់អ្នកកាប់ព្រៃអង់តែន មក ដល់មកវាស្របផ្លូវគ្នា អាចូលមកពីព្រៃអង់តែន ហ្នឹង វារត់គេចខ្លួនចូលព្រៃអស់ទៅ គាប់ជួនស្របផ្លូវជួបជាមួយកូនខ្ញុំហ្នឹង ក៏គេចាប់ពួកកូនខ្ញុំហ្នឹង គោយន្ត៣ ចាប់គោយន្ត ៣គ្រឿង និងមនុស្ស ៥នាក់ហ្នឹងទៅ»។
អ្នកស្រីបន្តថា ករណីចាប់ខ្លួនកូនអ្នកស្រី គឺជារឿងមិនត្រឹមត្រូវនោះទេ ពីព្រោះកូនរបស់អ្នកស្រីមិនបានដឹកឈើសម្រាប់យកមកធ្វើអាជីវកម្មនោះឡើយ ហើយប្រភេទឈើក៏មិនមែនជាប្រភេទឈើខុសច្បាប់នោះដែរ។ អ្នកស្រីបន្តថា ក្នុងករណីដែលកូនអ្នកស្រីដឹកឈើត្រឹមតែសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ សមត្ថកិច្ចមើលឃើញ ប៉ុន្តែសម្រាប់ឈ្មួញធំៗកាប់ និងដឹកឈើធ្វើអាជីវកម្មនោះ ហេតុអ្វីបានជាសមត្ថកិច្ចមើលមិនឃើញ?
អ្នកស្រី ចូវ យ័ន៖ «ខ្ញុំចង់ថា បើសិនអស់លោកអ្នកចាប់ហ្នឹង ចាប់អ្នកប្រព្រឹត្តិបទល្មើស ហេតុអីបានជាអ្នកប្រព្រឹត្តិបទល្មើសលើសពីកូនខ្ញុំហ្នឹង វាមិនដែលជាប់ ព្រោះវាមានអ្នកដែលមានបទល្មើសធំៗហ្នឹងច្រើនណាស់! វាមានច្រើនមែនទែនប្រភេទអ្នកដឹកឈើធំៗ ធំហើយមានតាំងពីចម្រៀកឈើចម្រៀកអីៗហ្នឹងច្រើនណាស់ ហេតុអីបានគេមើលមិនឃើញចាប់ មកចាប់តែកូនខ្ញុំដែលដឹកឈើកំប៉ិកកំប៉ុក»។
ប្រពន្ធជនសង្ស័យម្នាក់ទៀត អ្នកស្រី ឃឿង ឈុនហេង បានឱ្យដឹងថា ប្ដីរបស់អ្នកស្រី ឈ្មោះ ជី ហន និងប្អូនថ្លៃឈ្មោះ ជី ហេន បានទៅកាប់ឈើនៅតាមជាយចម្ការរបស់គេ សម្រាប់យកប្រើប្រាស់ប្រចាំថ្ងៃ និងសេសសល់បន្តិចបន្តួចទុកគ្រាន់លក់ដូរអង្ករតែប៉ុណ្ណោះ៖ «ពីព្រោះប្ដីរបស់ខ្ញុំមិនដែលទៅផង ទើបតែទៅមួយជើងហ្នឹងទៅជាមួយប្អូន ទៅគេថាដឹកជញ្ជូនផលិតផលព្រៃ វាមិនពិត ព្រោះមិនដែលបានទៅផង។ ទើបទំនេរពីធ្វើស្រែ គិតទៅដើម្បីយកលុយមកសម្រាប់ឱ្យក្រុមគ្រួសារធ្វើបុណ្យភ្ជុំបិណ្ឌ ហើយណាមួយ យើងអ្នកស្រែខ្វះខាត»។
អ្នកស្រីបន្តថា តាំងពីសមត្ថកិច្ចចាប់ប្ដី និងប្អូនថ្លៃជាងមួយខែមក ស្ថានភាពរស់នៅក្នុងគ្រួសារកាន់តែជួបការលំបាក។ ទីមួយ អ្នកស្រីមានកូនតូចនៅជាប់ខ្លួន និងមានម្តាយចាស់ជរាម្នាក់ទៀត ដែលសុទ្ធតែជាបន្ទុកគ្រួសារ ត្រូវការកម្លាំងមនុស្សប្រុសជាការចាំបាច់។
រីឯឪពុកជនសង្ស័យម្នាក់ទៀត លោក ហែម ជា អាយុជាង ៤០ឆ្នាំ បានឱ្យដឹងស្រដៀងគ្នានឹងប្រពន្ធជនសង្ស័យខាងលើដែរនោះ បានឱ្យដឹងថា កូនប្រុសរបស់លោកទៅកាប់ឈើនៅលើដីចម្ការដែលមានការអនុញ្ញាតពីម្ចាស់ចម្ការត្រឹមត្រូវ ហើយជាប្រភេទឈើធ្លក និងជីម៉ាស់ ដែលអាចធ្វើឧស និងសល់កំណាត់ខ្លះទុកគ្រាន់ធ្វើក្រែងសម្រាប់អង្គុយតែប៉ុណ្ណោះ។
លោកបន្តថា ឈើដែលកូនលោក និងជនសង្ស័យផ្សេងទៀតទៅកាប់នោះ គឺមិនមែននៅក្នុងតំបន់ហាមឃាត់នោះទេ៖ «ឮគេប្រាប់មកចោទប្រកាន់ថា កាប់ព្រៃអង់តែន ប៉ុនមិនមែនព្រៃអង់តែន ទេបង ព្រៃហ្នឹងនៅក្នុងតំបន់ព្រៃអូរអណ្តោត មិនមែនព្រៃអង់តែន ទេ មួយរយភាគរយហ្មងបង កូនខ្ញុំទៅកាប់ឈើតូចៗ ខ្ញុំទៅមើលអស់ហើយ»។
ចំពោះករណីនេះ ត្រូវបានប្រធានខណ្ឌរដ្ឋបាលព្រៃឈើស្រុកសន្ទុក លោក ស៊ុត ម៉ារី មិនបានធ្វើការបកស្រាយអ្វីច្រើននោះទេ ដោយរុញទៅឱ្យសួរអ្នកថ្នាក់ក្រោម ប៉ុន្តែលោកលើកឡើងថា ខាងលោកធ្វើដោយមានភស្តុតាងត្រឹមត្រូវ៖ «ខ្ញុំមិនដឹងថាម៉េចទេបង! បងទៅសួរអ្នកអនុវត្តផ្ទាល់ ខាងក្រោមទៅសួរអ្នកនៅថ្នាក់សង្កាត់គេទៅ និងទៅសួរខាងតុលាការទៅ ពីព្រោះខ្ញុំបានបញ្ជូនទៅផុតដៃផុតជើងខ្ញុំហើយ»។
តែទោះបីជាយ៉ាងក៏ដោយ មេធាវីការពារក្តីឱ្យជនសង្ស័យ ដែលមកពីអង្គការស្ពានយុត្តិធម៌អន្តរជាតិ ហៅកាត់ថា អាយ.ប៊ី.ជេ (IBJ) លោក នូ ចាន់ដេត បានឱ្យដឹងថា សំណុំរឿងមួយនេះខាងលោកកំពុងតែបន្តស្រាវជ្រាវ ហើយនៅថ្ងៃច័ន្ទ ទី១៤ តុលា ខាងលោកនឹងដាក់លិខិតស្នើសុំឱ្យជនសង្ស័យទាំង ៥រូប ឱ្យនៅក្រៅឃុំ។ ជនសង្ស័យទាំង ៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទដឹកជញ្ជូនឈើ និងកាប់ឈើខុសច្បាប់ រួមមាន លោក ជី ហន លោក ជី ហេន លោក រុំ សុខា លោក រ៉ន នី និងលោក ជា ជាតិ ដែលជាប្រជាពលរដ្ឋរស់នៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
