ក្រុមគ្រួសារដែលគាស់បានរូបព្រះនារាយណ៍ដៃបួនធ្វើអំពីថ្មភក់ មានទម្ងន់ ៦០គីឡូក្រាម នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ស្នើឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ស្វែងរករូបបដិមាដែលបានបាត់កាលពីខែកក្កដា ឆ្នាំ២០០៦ នោះមកវិញ។ ពួកគាត់អះអាងថា បន្ទាប់ពីយកវត្ថុបុរាណនេះទៅរក្សាទុកក្នុងបន្ទប់អភិបាលស្រុកកំពង់លែង ស្រាប់តែបាត់ទៅយ៉ាងអាថ៌កំបាំងបំផុត។
ប្រជាពលរដ្ឋដែលគាស់បានរូបបដិមា អ្នកស្រី អុន សារ៉ាត់ មានប្រសាសន៍នៅថ្ងៃទី១៥ ខែកក្កដា ថា មន្ត្រីវប្បធម៌ និងអភិបាលស្រុកកំពង់លែង បានបង្ខំឲ្យគ្រួសារអ្នកស្រីប្រគល់វត្ថុបុរាណនេះទៅរក្សាទុកនៅសាលាស្រុក ហើយនៅមុនពេលបាត់រូបបដិមានោះទៅ គ្រួសារគាត់បានទាមទារឲ្យយកទៅរក្សាទុកនៅសារមន្ទីរក្នុងរាជធានីភ្នំពេញ ដើម្បីការពារសុវត្ថិភាព និងទុកជាកេរដំណែលសម្រាប់ក្មេងៗជំនាន់ក្រោយ។ អ្នកស្រីថា រូបបដិមាដែលគាស់បាននោះ គឺនៅពេលដែលស្វាមី និងរូបអ្នកស្រីផ្ទាល់ នាំគ្នាទៅកាប់ដើមឫស្សីមកធ្វើរបងនៅក្បែរជើងភ្នំដំបងដែក ស្ថិតនៅឃុំដារ ស្រុកកំពង់លែង ដែលមានចម្ងាយប្រហែល ២គីឡូម៉ែត្រពីផ្ទះរបស់អ្នកស្រី។
ឆ្លើយតបបញ្ហានេះ អភិបាលស្រុកកំពង់លែង លោក មាន់ អេនលី ថ្លែងបដិសេធថា លោកមិនបានបង្ខំឲ្យប្រជាពលរដ្ឋប្រគល់រូបបដិមានោះទេ។ លោកបន្តថា ព្រះនារាយណ៍ដែលបាត់ទៅ គឺក្រុមចោរបានគាស់សោទ្វារបន្ទប់សាលាស្រុកលួចទៅនៅពេលយប់ ហើយរហូតមកដល់ពេលនេះ មិនទាន់មានតម្រុយអ្វីនៅឡើយទេ ប៉ុន្តែខាងសមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
