យុវជន​ពីរ​នាក់​ថា​ជនល្មើស​ប្រើ​រូបភាព​ប៉ូលិស​ជំរិត​យក​ប្រាក់​និង​វាយ​ធ្វើបាប

0:00 / 0:00

យុវជន​ពីរ​នាក់​អះអាង​ថា ពេល​ដែល​ពួកគាត់​ធ្វើ​ដំណើរ​នៅ​ពេល​យប់ ត្រូវ​ក្រុម​ប៉ូលិស​ស្ទាក់​ចាប់ និង​ចោទ​ថា ជា​ចោរ និង​ជា​អ្នក​ជួញដូរ​គ្រឿងញៀន រួច​ជំរិត​ទារ​ប្រាក់ យក​របស់​របរ​មាន​តម្លៃ​ជាប់​ខ្លួន ហើយ​វាយ​ដំ​យ៉ាង​ធ្ងន់ធ្ងរ បង្ខំ​ឲ្យ​សារភាព​តាម​អ្វី​ដែល​ពួកគេ​ចង់​បាន។

យុវជន​ទាំង​នោះ​និយាយ​ថា សមត្ថកិច្ច​មិន​បញ្ជូន​ពួកគេ​ទៅ​កន្លែង​ស៊ើប​អង្កេត​ទេ បែរ​ជា​ដឹក​ទៅ​កន្លែង​ស្ងាត់​ដើម្បី​ឆក់​ប្លន់​វាយ​ធ្វើបាប​តែម្ដង។ ក្រោយ​កើត​ហេតុ ជនរងគ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ ប៉ុន្តែ​គេ​មិន​បាន​ចាំ​មុខ​ជន​ដែល​គាត់​អះអាង​ថា ជា​ក្រុម​ប៉ូលិស​ទាំង​នោះ​ទេ។

យុវជន​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​រងគ្រោះ​អះអាង​ថា ត្រូវ​បាន​ប៉ូលិស​ប្រើ​ហិង្សា​រហូត​ហើម​មុខ​ដូច​ឪម៉ាល់​ទិច បែក​ឈាម​ក្នុង​ភ្នែក និង​សុសសាច់​ស្ទើរ​គ្រប់​កន្លែង​ដោយ​ដំបង​ឆក់ និង​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​ជា​ច្រើន​ថ្ងៃ។ ក្រៅ​ពី​របួស​រាងកាយ ទ្រព្យសម្បត្តិ​ជាប់​ខ្លួន​របស់​ពួកគេ​ ដូចជា​ខ្សែ​ក ខ្សែដៃ ទូរស័ព្ទ​ទំនើប ដែល​គិត​ជា​ទឹក​ជាង ២.០០០​ដុល្លារ ក៏​ក្រុម​នោះ​យក​ទាំង​អស់។ ជាង​នេះ​ទៅ​ទៀត ម៉ូតូ​របស់​ជនរងគ្រោះ​ក៏​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​យក​ទៅ​បញ្ចាំ ដើម្បី​យក​ប្រាក់​បង់​ឲ្យ​ពួកគេ​ជា​ថ្នូរ​នឹង​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់។

ដើរ​ចង្អុល​បង្ហាញ​ដល់​កន្លែង​កើត​ហេតុ លោក ហេង រ៉ាវី រៀបរាប់​ឲ្យ​ដឹង​ថា កាល​ពី​យប់​ម៉ោង​ជាង ១២ ថ្ងៃ​ទី​៥ ខែ​ធ្នូ លោក​បាន​ជិះ​ម៉ូតូ​ដឹក​ប្អូន​តាម​បណ្ដោយ​ផ្លូវ​ទំនប់​២៧៣ នៅ​ពេល​មក​ដល់​ម្តុំ​អង់តែន​ទួលគោក មាន​ប៉ូលិស​មួយ​ក្រុម​ជិះ​ម៉ូតូ​ចេញ​តាម​ពី​ក្រោយ​ឃាត់​ឲ្យ​ឈប់ និង​បាន​ចោទ​ប្រកាន់​ថា លោក​ជា​ចោរ។ លោក​បន្ត​ថា ក្រោយ​ការ​ចោទ​ប្រកាន់ ក្រុម​ប៉ូលិស​បាន​វាយ​លោក​និង​ប្អូន​ប្រុស បង្ខំ​ទៅ​កន្លែង​ស្ងាត់​មួយ រួច​បោះ​គ្រឿងញៀន​ចូល​ម៉ូតូ ដោយ​ចោទ​ប្រកាន់​បន្ថែម​មួយ​ករណី​ទៀត គឺ​ជួញដូរ​គ្រឿងញៀន៖ «គាត់​ធ្វើ​ទារុណកម្ម​ខ្ញុំ​រហូត បន្ទាប់​មក​សមត្ថកិច្ច​យក​គ្រឿងញៀន​ដាក់​ក្នុង​ឃ្លុប​ម៉ូតូ​ខ្ញុំ ហើយ​ថតរូប​ខ្ញុំ»

​យុវជន​ទាំង​ពីរ​នាក់​អះអាង​ថា ពួកគាត់​ត្រូវ​ប៉ូលិស​វាយ​បង្ខំ​ឲ្យ​ឆ្លើយ​តាម​ការ​ចោទ​ប្រកាន់​របស់​ប៉ូលិស។ លោក ហេង រ៉ាវី ប្រាប់​ថា ពេល​នោះ​ប៉ូលិស​ទះ​កំផ្លៀង ទាត់​ធាក់ យក​អាយកូម​វាយ​ក្បាល​រហូត​លោក​ដួល​ដេក​លើ​ដី។

ចំណែក​យុវជន​ម្នាក់​ទៀត ឈ្មោះ នួន ធួន ជា​ប្អូនប្រុស​លោក ហេង រ៉ាវី ឲ្យ​ដឹង​ថា ត្រូវ​ក្រុម​ប៉ូលិស​បញ្ជា​ឲ្យ​យក​ម៉ូតូ​ទៅ​បញ្ចាំ​នៅ​ហាង​មួយ​ម្តុំ​ផ្សារ​ឃ្លាំងរំសេវ បាន​តម្លៃ ៣៥០​ដុល្លារ។ យុវជន នួន ធួន ប្រគល់​លុយ​បញ្ចាំ​ម៉ូតូ​អោយ​ប៉ូលិស ហើយ​ក៏​ប៉ូលិស​នៅ​មិន​ទាន់​អោយ​ពួកគេ​រួច​ខ្លួន​ដែរ៖ «ទៅ​ដល់​កន្លែង​បញ្ចាំ​ហ្នឹង​គ្នា​គេ​ម្នាក់​ចាំ​នៅ​ក្រៅ ហើយ​ម្នាក់​ទៀត​ចូល​ទៅ​ក្នុង​ជាមួយ​ខ្ញុំ ក្រោយ​ដាក់​បញ្ចាំ​រួច សមត្ថកិច្ច​នោះ​ឲ្យ​លុយ​ខ្ញុំ​ដប់​ដុល្លារ​ជិះ​ម៉ូតូឌុប​ទៅ​ផ្ទះ​វិញ»

យុវជន​ដែល​អះអាង​ថា ត្រូវ​ប៉ូលិស​វាយ​ធ្វើ​បាប​នេះ ជា​បុគ្គលិក​ធ្វើការ​វេន​យប់​នៃ​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ។ សព្វថ្ងៃ​ស្នាក់​នៅ​ភ្នំពេញ ជាមួយ​ភរិយា​ដែល​ផ្ទៃពោះ​ជិត​ឆ្លង​ទន្លេ។ ក្រោយ​កើត​ហេតុ លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​លោក​ថា លោក​គ្មាន​រំពឹង​ថា​នឹង​រក​យុត្តិធម៌​ឃើញ ព្រោះ​គ្មាន​ភស្តុតាង​បញ្ជាក់​ថា ប៉ូលិស​រូប​ណា​ជា​អ្នក​ប្រព្រឹត្ត​ឡើយ បើ​ទោះ​ជា​លោក​បាន​ចាំ​មុខ​សមត្ថកិច្ច​ខ្លះ​ក៏ដោយ និង​ហេតុផល​មួយ​ទៀត គឺ​លោក​សមត្ថកិច្ច​ដែល​ទទួល​ពាក្យ​បណ្ដឹង​ហាក់​គ្មាន​ចេតនា​ចង់​ស៊ើប​អង្កេត​ឡើយ។ យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​មួយ​ចំនួន​ដែល​ឃើញ​ហេតុការណ៍ អះអាង​ថា នឹង​ធ្វើ​ជា​សាក្សី ប្រសិន​យុវជន​នេះ​ត្រូវ​ការ។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​ដែល​ឃើញ​រឿងរ៉ាវ​នេះ លោកស្រី អាដ សៀប និយាយ​ថា លោកស្រី​ឮ​សូរ​សំឡេង​ស្រែក​ថា ចោរៗ និង​ឃើញ​ប៉ូលិស​បី​នាក់​កំពុង​វាយ​បុរស​ម្នាក់​យ៉ាង​ដំណំ និង​បង្ខំ​ឲ្យ​ឡើង​លើ​ម៉ូតូ។ លោកស្រី​ប្រាប់​ទៀត​ថា សកម្មភាព​ពេល​នេះ មិន​សមជា​សកម្មភាព​ធ្វើ​ការ​របស់​ប៉ូលិស​ឡើយ៖ «ឃើញ​មក​ពី​នោះ ស្រែក​ថា​ចោៗ អា​អូន​នោះ​ថា ខ្ញុំ​មិន​មែន​ចោរ​ទេ»

រឿង​រ៉ាវ​នេះ​កើត​ឡើង​នៅ​ក្នុង​ភូមិ​ទួលគោក សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ។ តំបន់​នោះ​ត្រូវ​បាន​អ្នក​ភូមិ​ឲ្យ​ដឹង​ជា​កន្លែង​ជួញដូរ​គ្រឿង និង​ជា​កន្លែង​សំបូរ​ក្មេង​ទំនើង​ដែល​តែង​បង្ក​រឿង​ដល់​អ្នក​ធ្វើ​ដំណើរ​ជាង​រៀង​រាល់​យប់។ នៅ​ចំណុច​កើត​ហេតុ​អ្នក​ភូមិ​ហៅ​កន្លែង​នោះ​ថា​ផ្លូវ​កាប់​ជ្រូក។ កំណាត់​ផ្លូវ​នេះ​ខណ្ឌ​ចែក​ដោយ​របង​ខ្ពស់ៗ។ នៅ​ម្ខាង​នៃ​របង​នោះ​ជា​បុរី​ធំៗ បំពាក់​ភ្លើង​ភ្លឺ និង​មាន​សុវត្ថិភាព ប៉ុន្តែ​នៅ​ផ្លូវ​កាប់​ជ្រួក​គឺ​ងងឹត​សូន្យសុង រក​តែ​អំពូល​ភ្លើង​មួយ​គ្មាន។

​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិសាស្ត្រ​ខាង​លើ កញ្ញា ឈឹម លីដា ឲ្យ​ដឹង​ថា ជា​រឿយៗ​តែងតែ​កើត​ករណី​ឃាតកម្ម។ កញ្ញា​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ និង​មាន​សមត្ថកិច្ច​យាម​ប្រចាំការ។ ចំណែក​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​បដិសេធ​ថា កន្លង​មក​ក្រសួង​មិន​ដែល​ទទួល​ករណី​ប៉ូលិស​ប្រើ​តួនាទី​របស់​ខ្លួន​ទៅ​ដើម្បី​ជំរិត​យក​ប្រាក់ ឬ​ធ្វើ​បាប​ពលរដ្ឋ​ដូច​នេះ​ទេ៖ «ខ្ញុំ​ទើប​តែ​ឮ​ក្មួយ​មាន​ប្រសាសន៍ ពី​មុន​មិន​ដែល​មាន​ទេ»

​ទោះ​យ៉ាង​ណា​ក្តី លោក​ទាមទារ​ឲ្យ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្ដឹង ទើប​សមត្ថកិច្ច​អាច​ចាត់ការ​រឿង​នេះ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។