កម្មករ​ម្នាក់​ស្លាប់​និង​២​នាក់​របួស​ធ្ងន់​ដោយសារ​បាក់​អគារ​ផ្សារ​ត្រពាំងថ្លឹង​សង្កត់

0:00 / 0:00

កម្មករ​សំណង់​ម្នាក់​ស្លាប់ និង ២​នាក់​ទៀត​របួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​បាក់​អគារ​ផ្សារ​ត្រពាំងថ្លឹង ដែល​គេ​កំពុង​តែ​សាងសង់ ស្ថិត​ក្នុង​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា។

សាក្សី​នៅ​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា កម្មករ​ទាំង​បី​នាក់​បាន​រងគ្រោះ ខណៈ​ពួក​គាត់​កំពុង​តែ​ធ្វើ​ការ​នៅ​ជាន់​ផ្ទាល់​ដី ហើយ​ត្រូវ​ប្លង់សេ​ដែល​គេ​កំពុង​តែ​ចាក់​បេតុង​បាក់​សង្កត់​តែ​ម្ដង។

កម្មករ​សំណង់​ជាមួយ​គ្នា លោក សន ឡុក ថ្លែង​ថា ពេល​គ្រោះ​ថ្នាក់​កើត​ឡើង រូប​លោក​កំពុង​ធ្វើ​ការ​នៅ​ផ្នែក​ខាង​លើ​ប្លង់សេ​ដែល​បាក់​នោះ៖ «គាត់​នៅ​ខាង​ក្រោម ធ្លាក់​មក​សង្កត់ គ្រាន់តែ​ថា ម្នាក់​របួស​ស្រាល​នៅ​ខាង​លើ គេ​ឆាប់​ទៅ​ជួយ​ទាន់។ គាស់​យូរ​ដែរ​ទម្រាំ​យក​បាន...។ ឥឡូវ​យក​ទៅ​ពេទ្យ​ហើយ។ បើ​រស់​ក៏​ពិបាក​វេទនា​ដែរ»

ចំណែក​អ្នក​លក់​ម្ហូប​អាហារ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ លោកស្រី សុខ ហេង សម្ដែង​ការ​ភិតភ័យ ព្រោះ​កូន​លោកស្រី​ទើប​តែ​ចេញ​ផុត​ពី​ក្រោម​សំណង់​នោះ មុន​ពេល​គ្រោះថ្នាក់​កើត​ឡើង​បន្តិច។ លោកស្រី​បន្ថែម​ថា អ្នក​សាងសង់​មិន​បាន​ដាក់​បម្រាម​មិន​ឲ្យ​ឆ្លង​កាត់​អ្វី​ទេ៖ «អ្នក​ងាប់​គេ​សែង​ចេញ​ពី​ចំហៀង អា​អ៊ិច​កាយ។ បើ​អ្នក​ត្រូវ​របួស​មនុស្ស​កាយ​យក​ទេ បើ​អ្នក​ស្លាប់​ហ្នឹង​អា​អ៊ិច​កាយ...»

ប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​ពោធិ៍សែនជ័យ លោក ប៊ិន ស៊ីនៀត ដែល​បាន​ចុះ​ពិនិត្យ​កន្លែង​គ្រោះថ្នាក់ មាន​ប្រសាសន៍​ថា សំណង់​ផ្សារ​ត្រពាំងថ្លឹង មាន​ច្បាប់ ប៉ុន្តែ​ការ​សាងសង់​មិន​បាន​ធ្វើ​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​នោះ​ឡើយ៖ «ការ​រៀបចំ​ជើង​ទម្រ​បេតុង​ហ្នឹង​អត់​មាន​លក្ខណៈ​សមស្រប​ទៅ​នឹង​ទម្រ​បេតុង​ ហ្នឹង។ ទម្រ​បេតុង​ហ្នឹង​មិន​មែន​ជា​ថ្នាល​ខាង​លើ​ដី បាន​ន័យ​ថា ដី​សុទ្ធ គ្រាន់​តែ​យក​ក្ដារ​មក​ដាក់​ទប់​ជន្ទល់​ពី​ក្រោម អ៊ីចឹង​វា​ធ្វើ​ឲ្យ​ទម្រ​បេតុង​ខាង​លើ មិន​អាច​ទ្រ​ខាង​ក្រោម​បាន​ទេ អ៊ីចឹង​វា​ត្រូវ​តែ​ធ្លាក់​ហើយ»

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) អ្នកស្រី ឆន សុខា ស្នើ​ឲ្យ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់៖ «...គួរ​តែ​មាន​ការ​ផ្ដន្ទាទោស​អ្នក​ ទទួល​ខុស​ត្រូវ ឬ​និយោជក ហើយ​ក៏​ជា​ការ​ព្រមាន​ទៅ​ដល់​ក្រុមហ៊ុន​ដទៃ​ទៀត ថា​មុន​នឹង​ធ្វើ​គួរ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ ហើយ​ធានា​សុវត្ថិភាព។ ទាំង​សំណង និង​ការ​ផ្ដន្ទាទោស គឺ​ត្រូវ​តែ​មាន»

អ្នកស្រី ឆន សុខា មាន​ប្រសាសន៍​បន្ថែម​ថា គ្រោះថ្នាក់​ការងារ ជាពិសេស​ក្នុង​វិស័យ​សំណង់​កើត​មាន​ជា​បន្តបន្ទាប់ ហើយ​ក្នុង​រយៈពេល​កន្លង​ទៅ ច្រើន​តែ​មាន​ការ​សម្រប​សម្រួល​ជា​លុយ​កាក់ ជា​ជាង​ដំណោះស្រាយ​តាម​នីតិវិធី។ ប្រការ​នេះ ធ្វើ​ឲ្យ​ជន​រងគ្រោះ ជាពិសេស​កម្មករ​មិន​ទទួល​បាន​សំណង​សមរម្យ ឬ​យុត្តិធម៌​ឡើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រោះថ្នាក់​ការងារ​នេះ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៥ កក្កដា បញ្ជាក់​ថា សំណង់​អគារ​ផ្សារ​ដែល​មាន លោក ទូច ប៊ុនធឿន និង​អ្នកស្រី យ៉ង សុខា (ប្ដី​ប្រពន្ធ) ជា​ម្ចាស់​ទទួល​បាន​លិខិត​អនុញ្ញាត​សាងសង់​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៤ ដើម្បី​បើក​ការដ្ឋាន​សាងសង់​អគារ​ផ្សារ​ទំនើប។ លិខិត​អនុញ្ញាត​នោះ បាន​កំហិត​ឲ្យ​ម្ចាស់​សំណង់​បំពេញ​កាតព្វកិច្ច​មួយ​ចំនួន ដើម្បី​ធានា​សុវត្ថិភាព ក្នុង​នោះ​មាន​ការ​កំណត់​ម្ចាស់​សំណង់​រក​ជួល​ជាង​សំណង់​ណា​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ ប្រកប​អាជីវកម្ម​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

ទោះ​យ៉ាង​ណា សេចក្ដី​ប្រកាស​ព័ត៌មាន​មិន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​សំណង់​ផ្សារ​ត្រពាំងថ្លឹង ជា​ក្រុមហ៊ុន​ប្រភេទ​ណា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។