ក្រុមកម្មករខ្មែរប្រមាណជាង ១០០នាក់ ដែលភាគច្រើនជាស្ត្រីបម្រើការឱ្យមជ្ឈមណ្ឌលម៉ាស្សាមួយឈ្មោះ អាឡាស្កា (Alaska) នៅក្នុងទីរួមខេត្តសៀមរាប បានប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងថៅកែជនជាតិកូរ៉េ កាលពីថ្ងៃត្រង់ថ្ងៃច័ន្ទ ទី៥ ខែសីហា។
ការតវ៉ានោះ បន្ទាប់ពីក្រុមកម្មករជាច្រើនបាននាំគ្នាបង្កើតសហជីពនៅកន្លែងការងារ ក៏ប៉ុន្តែ ថៅកែជនជាតិកូរ៉េ មិនអនុញ្ញាត ហើយចាប់ផ្ដើមបញ្ឈប់កម្មករណាដែលចូលជាសមាជិកសហជីពការងារ។
ស្ត្រីវ័យក្មេងម្នាក់ គឺជាកម្មករនៅមជ្ឈមណ្ឌលម៉ាស្សា អាឡាស្កា នោះ។ គាត់បានមានប្រសាសន៍ថា រូបគាត់ និងកម្មករជាច្រើនទៀត បានធ្វើការនៅកន្លែងម៉ាស្សានោះជាច្រើនឆ្នាំ ហើយទទួលបានប្រាក់ខែ ៥០ដុល្លារក្នុង១ខែ ក៏ប៉ុន្តែ នៅពេលដែលពួកគាត់បង្កើតសហជីពដើម្បីការពារផលប្រយោជន៍កម្មករ បែរជាថៅកែជនជាតិកូរ៉េ មិនឱ្យចូលធ្វើការ៖ «ពេលដែលពួកខ្ញុំទាមទារចង់ឡើងប្រាក់ខែ គាត់ថា គាត់ឡើងឱ្យបានតែ ១០ដុល្លារទេ បើបុគ្គលិកណាមិនព្រម ស្អែកយកអាវមក បើកលុយថ្លៃអាវហ្នឹង ឈប់ធ្វើការ។ អ្នកដែលចូលសហជីព គឺគាត់មិនឱ្យចូលក្នុងហាងទេ។ ដល់អ្នកមិនមែនសហជីព ទើបគាត់ឱ្យចូល។ អីចឹង មានន័យថា រើសអើងសហជីព។ តើអ្នកសហជីពខុសអ្វី? អ្នកសហជីពត្រូវការទាមទារសេរីភាពខ្លួនឯង រហូតដល់ថ្នាក់ថៅកែវាយបុគ្គលិកទៀតក៏មានដែរ»។
កម្មករស្រម្នាក់ទៀត បានអះអាងថា ថៅកែជនជាតិកូរ៉េ នៅមជ្ឈមណ្ឌលម៉ាស្សា អាឡាស្កា នោះ គឺតែងគាបសង្កត់ និងគំរាមកំហែងមកលើពួកគាត់៖ «គាបសង្កត់ទី១ បើខឹងបុគ្គលិកចូលជជែកគ្នាច្រើន មានដល់វាយ។ ទី២ អ្នកណានិយាយរកភ្ញៀវ កាត់លុយ។ សំខាន់ធ្វើការលើសម៉ោង ១ថ្ងៃ ១៣ម៉ោង ហើយពេលដែលចូលទៅម៉ាស្សា គឺអត់ឱ្យទៅនោមទេ បើអ្នកឯងនោម កៀសអ្នកឯងចេញ ដូរបុគ្គលិកដាក់ថ្មី។ តើវាសមដែរឬអត់? រយៈពេល ២ម៉ោង នៅសល់តែ ១០-២០នាទីចប់ ហើយដកបុគ្គលិកទៅដូរអ្នកថ្មី។ យើងត្រូវការធីបពេលនោះ»។
កាលពីថ្ងៃត្រង់ថ្ងៃច័ន្ទ ក្រុមកម្មករបានទាមទារឱ្យថៅកែជនជាតិកូរ៉េ ទទួលយកសំណើចំនួន ២៦ចំណុច ដូចជា ឱ្យពួកគេបានឈប់សម្រាកប្រចាំសប្ដាហ៍ ថ្ងៃបុណ្យជាតិ និងឈប់សម្រាក ពិសេសដោយមានប្រាក់ឈ្នួលត្រឹមត្រូវ ត្រូវផ្ដល់ប្រាក់កម្រៃបន្ថែមនៅពេលធ្វើការលើសម៉ោង និងឱ្យនិយោជកដំឡើងប្រាក់ឈ្នួលគោល ១៥០ដុល្លារក្នុងមួយខែជាដើម។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចស្វែងរកជួបស្ត្រីជនជាតិកូរ៉េ ដែលជាថៅកែនៃមជ្ឈមណ្ឌលម៉ាស្សា អាឡាស្កា ដើម្បីសុំការអធិប្បាយជុំវិញបញ្ហានោះបានយ៉ាងណានៅឡើយ។
មន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងអាជ្ញាធរក្រុងសៀមរាប បានប្រញាប់ប្រញាល់ជួបដោះស្រាយបញ្ហានេះភ្លាមៗ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ដឹងពីលទ្ធផលយ៉ាងណានៅឡើយ។
អភិបាលក្រុងសៀមរាប លោក ទេព ប៊ុនឆាយ បានមានប្រសាសន៍ថា អាជ្ញាធរក្រុងកំពុងប្រឹងប្រែងដោះស្រាយបញ្ហានេះ៖ «ថ្ងៃនេះយើងធ្វើការដោះស្រាយបន្ទាន់ ដោយមានបទបញ្ជាមកពីអភិបាលខេត្ត អីចឹងយើងអត់បានធ្វើលិខិតអញ្ជើញអីទាន់ទេ ព្រោះយើងដឹងថា វាមានបញ្ហា យើងក៏ចុះមកដោះស្រាយភ្លាម ហើយបើត្រូវគ្នាចប់ត្រឹមណេះ បើអត់ត្រូវគ្នា គឺរៀបចំធ្វើតាមច្បាប់ទៅ»។
ក្រុមអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) និងសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) កំពុងតាមឃ្លាំមើលបញ្ហាវិវាទរវាងក្រុមកម្មករ ជាមួយថៅកែហាងម៉ាស្សាជនជាតិកូរ៉េ នោះយ៉ាងយកចិត្តទុកដាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
