កម្មករ​ហាង​ម៉ាស្សា​នៅ​សៀមរាប​ជាង​១០០​នាក់​តវ៉ា​ប្រឆាំង​នឹង​ថៅកែ​កូរ៉េ

ខេត្ត​សៀមរាប ដែល​សម្បូរ​ដោយ​ប្រាសាទ​បុរាណ ហើយ​ទាក់ទាញ​អ្នក​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍ ឱ្យ​មក​ទស្សនា​រាប់​លាន​នាក់​ក្នុង​១​ឆ្នាំៗ​នោះ បច្ចុប្បន្ន​គឺ​មាន​ជនជាតិ​កូរ៉េ មួយ​ចំនួន ក៏​បាន​ចូល​មក​រក​ស៊ី​នៅ​តំបន់​នេះ​ដែរ។ ក៏ប៉ុន្តែ អ្នក​គ្រប់គ្រង ឬ​ក៏​ថៅកែ​ជនជាតិ​កូរ៉េ ខ្លះ តែង​មាន​ទំនាស់​ជាមួយ​កម្មករ​ខ្មែរ បណ្ដាល​ឱ្យ​ក្រុម​កម្មករ​ទាំង​នោះ​នាំ​គ្នា​ធ្វើ​ការ​តវ៉ា។

0:00 / 0:00

ក្រុម​កម្មករ​ខ្មែរ​ប្រមាណ​ជាង ១០០​នាក់ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​បម្រើ​ការ​ឱ្យ​មជ្ឈមណ្ឌល​ម៉ាស្សា​មួយ​ឈ្មោះ អាឡាស្កា (Alaska) នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ថៅកែ​ជនជាតិ​កូរ៉េ កាល​ពី​ថ្ងៃ​ត្រង់​ថ្ងៃ​ច័ន្ទ ទី៥ ខែ​សីហា។

ការ​តវ៉ា​នោះ បន្ទាប់​ពី​ក្រុម​កម្មករ​ជាច្រើន​បាន​នាំ​គ្នា​បង្កើត​សហជីព​នៅ​កន្លែង​ការងារ ក៏ប៉ុន្តែ ថៅកែ​ជនជាតិ​កូរ៉េ មិន​អនុញ្ញាត ហើយ​ចាប់​ផ្ដើម​បញ្ឈប់​កម្មករ​ណា​ដែល​ចូល​ជា​សមាជិក​សហជីព​ការងារ។

ស្ត្រី​វ័យ​ក្មេង​ម្នាក់ គឺ​ជា​កម្មករ​នៅ​មជ្ឈមណ្ឌល​ម៉ាស្សា អាឡាស្កា នោះ។ គាត់​បាន​មាន​ប្រសាសន៍​ថា រូប​គាត់ និង​កម្មករ​ជាច្រើន​ទៀត បាន​ធ្វើ​ការ​នៅ​កន្លែង​ម៉ាស្សា​នោះ​ជាច្រើន​ឆ្នាំ ហើយ​ទទួល​បាន​ប្រាក់​ខែ ៥០​ដុល្លារ​ក្នុង​១​ខែ ក៏ប៉ុន្តែ នៅ​ពេល​ដែល​ពួក​គាត់​បង្កើត​សហជីព​ដើម្បី​ការពារ​ផល​ប្រយោជន៍​កម្មករ បែរ​ជា​ថៅកែ​ជនជាតិ​កូរ៉េ មិន​ឱ្យ​ចូល​ធ្វើ​ការ៖ «ពេល​ដែល​ពួក​ខ្ញុំ​ទាមទារ​ចង់​ឡើង​ប្រាក់​ខែ គាត់​ថា គាត់​ឡើង​ឱ្យ​បាន​តែ ១០​ដុល្លារ​ទេ បើ​បុគ្គលិក​ណា​មិន​ព្រម ស្អែក​យក​អាវ​មក បើក​លុយ​ថ្លៃ​អាវ​ហ្នឹង ឈប់​ធ្វើ​ការ។ អ្នក​ដែល​ចូល​សហជីព គឺ​គាត់​មិន​ឱ្យ​ចូល​ក្នុង​ហាង​ទេ។ ដល់​អ្នក​មិន​មែន​សហជីព ទើប​គាត់​ឱ្យ​ចូល។ អីចឹង មាន​ន័យ​ថា រើស​អើង​សហជីព។ តើ​អ្នក​សហជីព​ខុស​អ្វី? អ្នក​សហជីព​ត្រូវ​ការ​ទាមទារ​សេរីភាព​ខ្លួន​ឯង រហូត​ដល់​ថ្នាក់​ថៅកែ​វាយ​បុគ្គលិក​ទៀត​ក៏​មាន​ដែរ»

កម្មករ​ស្រ​ម្នាក់​ទៀត បាន​អះអាង​ថា ថៅកែ​ជនជាតិ​កូរ៉េ នៅ​មជ្ឈមណ្ឌល​ម៉ាស្សា អាឡាស្កា នោះ គឺ​តែង​គាប​សង្កត់ និង​គំរាម​កំហែង​មក​លើ​ពួក​គាត់៖ «គាប​សង្កត់​ទី១ បើ​ខឹង​បុគ្គលិក​ចូល​ជជែក​គ្នា​ច្រើន មាន​ដល់​វាយ។ ទី២ អ្នក​ណា​និយាយ​រក​ភ្ញៀវ កាត់​លុយ។ សំខាន់​ធ្វើ​ការ​លើស​ម៉ោង ១​ថ្ងៃ ១៣​ម៉ោង ហើយ​ពេល​ដែល​ចូល​ទៅ​ម៉ាស្សា គឺ​អត់​ឱ្យ​ទៅ​នោម​ទេ បើ​អ្នក​ឯង​នោម កៀស​អ្នក​ឯង​ចេញ ដូរ​បុគ្គលិក​ដាក់​ថ្មី។ តើ​វា​សម​ដែរ​ឬ​អត់? រយៈពេល ២​ម៉ោង នៅ​សល់​តែ ១០-២០​នាទី​ចប់ ហើយ​ដក​បុគ្គលិក​ទៅ​ដូរ​អ្នក​ថ្មី។ យើង​ត្រូវ​ការ​ធីប​ពេល​នោះ»

កាល​ពី​ថ្ងៃ​ត្រង់​ថ្ងៃ​ច័ន្ទ ក្រុម​កម្មករ​បាន​ទាមទារ​ឱ្យ​ថៅកែ​ជនជាតិ​កូរ៉េ ទទួល​យក​សំណើ​ចំនួន ២៦​ចំណុច ដូច​ជា ឱ្យ​ពួក​គេ​បាន​ឈប់​សម្រាក​ប្រចាំ​សប្ដាហ៍ ថ្ងៃ​បុណ្យ​ជាតិ និង​ឈប់​សម្រាក ពិសេស​ដោយ​មាន​ប្រាក់​ឈ្នួល​ត្រឹមត្រូវ ត្រូវ​ផ្ដល់​ប្រាក់​កម្រៃ​បន្ថែម​នៅ​ពេល​ធ្វើ​ការ​លើស​ម៉ោង និង​ឱ្យ​និយោជក​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៥០​ដុល្លារ​ក្នុង​មួយ​ខែ​ជាដើម។

ទោះ​យ៉ាង​ណា វិទ្យុអាស៊ីសេរី មិន​អាច​ស្វែង​រក​ជួប​ស្ត្រី​ជនជាតិ​កូរ៉េ ដែល​ជា​ថៅកែ​នៃ​មជ្ឈមណ្ឌល​ម៉ាស្សា អាឡាស្កា ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​បញ្ហា​នោះ​បាន​យ៉ាង​ណា​នៅ​ឡើយ។

មន្ត្រី​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ព្រម​ទាំង​អាជ្ញាធរ​ក្រុង​សៀមរាប បាន​ប្រញាប់​ប្រញាល់​ជួប​ដោះស្រាយ​បញ្ហា​នេះ​ភ្លាមៗ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ដឹង​ពី​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ។

អភិបាល​ក្រុង​សៀមរាប លោក ទេព ប៊ុនឆាយ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​កំពុង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ៖ «ថ្ងៃ​នេះ​យើង​ធ្វើ​ការ​ដោះស្រាយ​បន្ទាន់ ដោយ​មាន​បទ​បញ្ជា​មក​ពី​អភិបាល​ខេត្ត អីចឹង​យើង​អត់​បាន​ធ្វើ​លិខិត​អញ្ជើញ​អី​ទាន់​ទេ ព្រោះ​យើង​ដឹង​ថា វា​មាន​បញ្ហា យើង​ក៏​ចុះ​មក​ដោះស្រាយ​ភ្លាម ហើយ​បើ​ត្រូវ​គ្នា​ចប់​ត្រឹម​ណេះ បើ​អត់​ត្រូវ​គ្នា គឺ​រៀបចំ​ធ្វើ​តាម​ច្បាប់​ទៅ»

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) កំពុង​តាម​ឃ្លាំ​មើល​បញ្ហា​វិវាទ​រវាង​ក្រុម​កម្មករ ជាមួយ​ថៅកែ​ហាង​ម៉ាស្សា​ជនជាតិ​កូរ៉េ នោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។