ប្រជាពលរដ្ឋប្រមាណ ៦០នាក់ តំណាងឲ្យប្រជាពលរដ្ឋជាង ១០០គ្រួសារ នៅភូមិព្រែកតាគង់ និងភូមិអូរតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបន្តការតវ៉ានៅព្រឹកថ្ងៃទី៧ ធ្នូ ប្រឆាំងនឹងការតបណ្ដាញអគ្គិសនីក្បែរលំនៅឋានរបស់ពួកគាត់។
ការតវ៉ារបស់ក្រុមប្រជាពលរដ្ឋ បានបន្តអស់រយៈពេល ៥ថ្ងៃកន្លងទៅហើយ គឺពួកគាត់បានចាប់ផ្ដើមតវ៉ាតាំងពីថ្ងៃព្រហស្បតិ៍ ទី៣ ធ្នូ ម្ល៉េះ។
ក្រុមអ្នកតវ៉ាដែលមានអ្នកខ្លះកាន់រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី បានស្រែកទាមទាររកដំណោះស្រាយបញ្ចៀសតបណ្ដាញអគ្គិសនីខ្នាតធំ ចេញឲ្យឆ្ងាយពីផ្ទះសម្បែងរបស់ពួកគាត់។
អ្នកធ្លាប់រងគ្រោះដោយខ្សែភ្លើងឆក់ និងមានសម្លាកធំដូចជាស្នាមគេអារនៅលើក លោកស្រី ឈុំ ចាន់នី បញ្ជាក់ថា ពួកគាត់មិនត្រូវការសំណងអ្វីទាំងអស់ គឺសុំតែរស់ដោយសុវត្ថិភាពប៉ុណ្ណោះ។
នៅតាមផ្លូវក្បែរភូមិ និងនៅតាមរបងផ្ទះប្រជាពលរដ្ឋ មានការបិទបម្រាមពីអគ្គិសនីកម្ពុជា ដែលមានសេចក្ដីថា «ហាមរថយន្តធំឆ្លងកាត់បណ្ដាញអគ្គិសនីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល គ្រោះថ្នាក់ដល់ស្លាប់»។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ពាក់ព័ន្ធនឹងការតបណ្ដាញអគ្គិសនីនេះ ជាការទទួលខុសត្រូវរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។
វិទ្យុអាស៊ីសេរី បានហៅតាមរយៈលេខទូរស័ព្ទមួយខ្សែដែលគេស្គាល់ថាជាលេខទូរស័ព្ទរបស់អគ្គនាយកអគ្គិសនីកម្ពុជា គឺលោក កែវ រតនៈ ប៉ុន្តែគ្មានអ្នកទទួល។
ការតវ៉ារយៈពេល ៥ថ្ងៃកន្លងទៅនេះ ក្រុមប្រជាពលរដ្ឋបានដាក់ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
ក្រុមអ្នកតវ៉ាអះអាងថា ពួកគាត់សុទ្ធតែជាសមាជិកគណបក្សប្រជាជនកម្ពុជា ហើយពួកគាត់ព្រមានថា បើនៅតែគ្មានដំណោះស្រាយណាមួយសម្រាប់ពួកគាត់ទេនោះ ពួកគាត់នឹងពាក់ឯកសណ្ឋានគណបក្ស ហើយនាំគ្នាទៅតវ៉ាដល់គេហដ្ឋានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
