ករណីភ្លើងឆេះផ្ទះតែងកើតឡើងជារាល់ឆ្នាំនៅក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលភាគច្រើនបង្កឡើងដោយការអុជធូបទៀន ឬឆ្លងចរន្តអគ្គិសនីជាដើម។ សម្រាប់ពិធីបុណ្យចូលឆ្នាំនៅឆ្នាំនេះ សមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យអះអាងថា ពួកគេត្រៀមឧបករណ៍ និងកងកម្លាំងជាស្រេចរង់ចាំអន្តរាគមន៍នៅពេលមានអគ្គីភ័យកើតឡើង។
ករណីឆ្លងចរន្តអគ្គីសនា ឬទុស្សេខ្សែភ្លើង ភ្លើងធូប ភ្លើងទៀន បង្កទៅជាអគ្គិភ័យតែងកើតឡើងជារាល់ឆ្នាំក្នុងរដូវចូលឆ្នាំ។
អ្នកជំនាញផ្នែកបង្ការអគ្គិភ័យ លោក នេត វន្ថា ពន្យល់ថា មូលហេតុដែលធ្វើឲ្យរដូវចូលឆ្នាំខ្មែរមានករណីភ្លើងឆេះផ្ទះកើតឡើងញឹកញាប់ ព្រោះរដូវនេះជារដូវក្តៅ និងដោយសារការធ្វេសប្រហែសរបស់ពលរដ្ឋ។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ម្នាក់ លោក វង្ស សុផា ឲ្យដឹងថា ដើម្បីជៀសវាងគ្រោះអគ្គិភ័យកើតឡើងមុនពេលលោកចាកចេញពីផ្ទះ លោកត្រូវពន្លត់ធូបទៀន និងបិទកុងតាក់ភ្លើង។ លោកបន្តថា ដោយសារភ័យព្រួយករណីនេះ ក្នុងពេលចូលឆ្នាំនេះ គ្រួសារលោកទុកសមាជិកគ្រួសារម្នាក់ឲ្យនៅចាំផ្ទះដើម្បីនៅមើលការខុសត្រូវ៖ «ក្នុងឱកាសចូលឆ្នាំខ្មែរសុំផ្ដាំផ្ញើពលរដ្ឋខ្មែរទាំងអស់ថា មុននឹងចេញដំណើរចាកចេញពីផ្ទះ សុំប្រយ័ត្នបំផុតរឿងធូបទៀន ហើយបើអាចទុកសមាជិកគ្រួសារម្នាក់ឲ្យនៅមើលផ្ទះ»។
សុភាសិតខ្មែរពោលថា ស៊ូលិចទូកកណ្ដាលទន្លេកុំឲ្យតែភ្លើងឆេះផ្ទះ។
កាលពីអំឡុងចូលឆ្នាំចិន-វៀតណាម ក្នុងខែកុម្ភៈ កន្លងទៅ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងដែរថា ករណីអគ្គីភ័យទូទាំងប្រទេសមានចំនួន ១៤លើក បណ្ដាលឲ្យខូចខាតផ្ទះចំនួន ១២០ខ្នង ហើយចំនួននេះកើនឡើង បើប្រៀបធៀបនឹងឆ្នាំមុន។
ចំណែកឯទំហំគ្រោះអគ្គីភ័យនេះ បណ្ដាលឲ្យខាតបង់ថវិកាសរុបជិត ៤ម៉ឺនដុល្លារ។
អង្គុយលើម៉ូតូកងបីនៅមុខផ្ទះ លោក ជិន សុធី ជាពលរដ្ឋរស់នៅភ្នំពេញ មានស្រុកកំណើតនៅខេត្តកណ្ដាល ឲ្យវិទ្យុអាស៊ីសេរី ដឹងថា លោកត្រូវបើកទឹកទុកឲ្យបានពេញពាង និងអាង ព្រមទាំងត្រៀមបំពង់ពន្លត់អគ្គិភ័យ។ លោកថា ទន្ទឹមនឹងពលរដ្ឋប្រុងប្រយ័ត្ន លោកស្នើឲ្យមានឡានទឹកប្រចាំការនៅសាលាសង្កាត់នីមួយៗដើម្បីអាចអន្តរាគមន៍ទាន់ពេលវេលា៖ «មានបំពង់ពន្លត់អគ្គិភ័យក៏ដោយ ប៉ុន្តែសំខាន់មួយទៀតផ្ទះយើងមានពាង ឬអត់មានពាង ត្រូវបើកទឹកទុកឲ្យពេញៗ ទុកចោលសម្រាប់យើងមានធុរៈមានអគ្គិភ័យអីអាចជួយពន្លត់បាន»។
ករណីអគ្គិភ័យកាលពីប៉ុន្មានថ្ងៃនេះ ផ្សារមួយនៅកណ្ដាលខេត្តស្ទឹងត្រែង មានជាង ១.០០០តូប ត្រូវអគ្គិភ័យបំផ្លាញទាំងស្រុង ដែលគិតជាទឹកប្រាក់អស់រាប់លានដុល្លារ។
ដើម្បីបង្ការអគ្គិភ័យនៅរដូវក្ដៅ និងអំឡុងពេលចូលឆ្នាំថ្មីនេះ ស្នងការរាជធានីភ្នំពេញ បានត្រៀមកងអន្តរាគមន៍ជាង ១៧០នាក់ និងឡានទឹកចំនួន ៤៨គ្រឿង រង់ចាំជួយសង្គ្រោះពលរដ្ឋ ២៤ម៉ោងលើ ២៤ម៉ោង។
ស្នងការរងរាជធានីភ្នំពេញ ទទួលបន្ទុកបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ លោក នេត វន្ថា ថា ឆ្នាំនេះដោយសារកម្ដៅឡើងក្ដៅខ្លាំងនៅតំបន់ខ្លះ ភ្លើងបានឆាបឆេះដោយខ្លួនឯង ដែលនេះជាការគំរាមកំហែងមួយ។
អ្នកប្រកបរបរលក់ដូរចាប់ហួយម្នាក់ លោកស្រី គួង ណយ ដែលក្នុងហាងរបស់លោកស្រីមានកំប៉ុងហ្គាសតម្រៀបនៅក្បែរឥវ៉ាន់ផ្សេងទៀតនោះ ឲ្យដឹងថា វត្ថុ ឬអីវ៉ាន់ណាដែលងាយឆាបឆេះ លោកស្រីទុកដាក់ឆ្ងាយពីប្រភពភ្លើង។ លោកស្រីលើកឡើងថា លោកស្រីប្រុងប្រយ័ត្នដូចនេះ ព្រោះតែងតែឃើញបណ្ដាសារព័ត៌មានផ្សាយទាក់ទងករណីអគ្គិភ័យ៖ «អត់ហ៊ាប្រហែសទេ យើងប្រុងប្រយ័ត្នទៅល្អជាង បើតាមបន្ទប់ពេលគ្មានមនុស្សយើងបិទភ្លើង»។
នៅពេលមានអគ្គិភ័យកើតឡើងម្តងៗតែងបំផ្លាញទ្រព្យសម្បត្តិ ឬផ្ទះរបស់ពលរដ្ឋ ហើយពេលខ្លះបានឆក់យកជីវិតមនុស្សទៀតផង។ របាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥ ករណីអគ្គិភ័យកើតឡើងទូទាំងប្រទេសមានជិត ៦០០ករណី ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាង ៣០នាក់។
ពលរដ្ឋម្នាក់រស់នៅសង្កាត់ស្ទឹងមានជ័យ ដែលកាលពីពេលថ្មីៗនេះ ផ្ទះលោកស្រីបានក្លាយជាផេះផង់ព្រោះអគ្គិភ័យ រៀបរាប់ទាំងយំសោកស្ដាយថា ទ្រព្យសម្បត្តិរបស់លោកស្រីត្រូវឆេះគ្មានសល់៖ «ខ្ញុំខំសន្សំមិនហ៊ានស៊ីមិនហ៊ានចាយទេ ពេលអស់គ្មានសល់អីទេ លុយក៏យកមិនបានដែរ ខំធ្វើការអត់ហ៊ានឈប់ទេ ឥឡូវអស់គ្មានសល់អីទាំងអស់»។
ស្នងការរងរាជធានីភ្នំពេញ ទទួលបន្ទុកបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ លោក នេត វន្ថា ស្នើឲ្យពលរដ្ឋបង្កើតការប្រុងប្រយ័ត្ន និងចូលរួមបង្ការ។ លោកបន្តថា ពលរដ្ឋនៅតាមភូមិឋានត្រូវទុកដាក់សម្ភារៈដែលងាយឆេះ ឲ្យឆ្ងាយពីប្រភពកម្ដៅ ហើយត្រូវត្រៀមបាវខ្សាច់ ធុងទឹកជាដើម ដើម្បីពន្លត់ពេលមានអគ្គីភ័យកើតឡើង៖ «សុំឲ្យបងប្អូនប្រជាពលរដ្ឋចាប់អារម្មណ៍ឲ្យកាន់តែខ្លាំងរឿងអគ្គិភ័យនេះ បើសិនកើតឡើងគឺគ្មានសល់អីទេ រលាយក្នុងមួយប៉ប្រិចភ្នែក»។
ស្នងការរងរាជធានីភ្នំពេញ លោក នេត វន្ថា ឲ្យដឹងទៀតថា នៅឆ្នាំ២០១៦ នេះ រដ្ឋាភិបាលបានបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យជាង ១០០គ្រឿងបន្ថែមដើម្បីត្រៀមលក្ខណៈជួយពលរដ្ឋ។ ចំណែកសំណើរបស់ពលរដ្ឋដែលស្នើឲ្យមានឡានទឹកដាក់ប្រចាំការនៅតាមសាលាសង្កាត់នីមួយៗនោះ លោកថា រដ្ឋមិនទាន់មានលទ្ធភាពធ្វើដូចនេះនៅឡើយទេនៅពេលចំពោះមុខ ប៉ុន្តែលោកថា ទៅថ្ងៃអនាគតអាចនឹងមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
