មន្ត្រី​សហជីព​ប្រជុំ​រឿង​ទាមទារ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ

មន្ត្រី​សហជីព​ជា​តំណាង​ឲ្យ​កម្មករ​ក្នុង​ប្រទេស​កម្ពុជា បាន​ជួប​ប្រជុំ​គ្នា​អស់​ជា​ច្រើន​ម៉ោង ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ពី​ការ​កំណត់​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៤ ដល់​កម្មករ​វិស័យ​កាត់ដេរ និង​ផលិត​ស្បែក​ជើង។

0:00 / 0:00

អ្នក​ពាក់ព័ន្ធ​បាន​ជួប​ប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៨ ធ្នូ ពី​បញ្ហា​នេះ នឹង​រក​អំណះអំណាង​មួយ​ចំនួន ដើម្បី​ត​ទល់​នឹង​និយោជក​ចំពោះ​ការ​ដំឡើង​នេះ ដែល​នឹង​ត្រូវ​លើក​យក​ទៅ​ធ្វើ​សេចក្ដី​សម្រេច​នៅ​ចុង​ខែ​ធ្នូ។

មន្ត្រី​សហជីព​ដែល​តំណាង​ឲ្យ​សំឡេង​កម្មករ​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែក​ជើង បាន​ជួប​ជុំ​គ្នា​រក​ឃើញ​ចំណុច​សំខាន់​៣ ដែល​នឹង​លើក​ទៅ​ជជែក​ការពារ​ជាមួយ​និយោជក​ក្នុង​ពេល​ជួប​គ្នា​ម្ដង​ទៀត ចរចា​ពី​បច្ចេកទេស​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ នៅ​ថ្ងៃ​ទី​២៤ ធ្នូ ខាង​មុខ។

មន្ត្រី​ដោះស្រាយ​វិវាទ​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា លោក ទៀង យូត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ធ្នូ ថា សហភាព​សហជីព​ធំៗ​ចំនួន​៨ ដែល​ជា​គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​ជួប​ជុំ​គ្នា​រក​ឃើញ​ចំណុច​៣ រួម​មាន សម្រេច​ទាមទារ​ប្រាក់​ឈ្នួល​ចន្លោះ​ពី ១៥៧​ដុល្លារ ទៅ ១៧៧​ដុល្លារ ចំណុច​ទី​២​នោះ គឺ​ការ​សម្រេច​យក​រូបមន្ត​ទី​៣ របស់​ក្រសួង​ការងារ​បាន​ដាក់​ឲ្យ គឺ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​ដល់​កម្រិត ១៦០​ដុល្លារ ក្នុង​រយៈពេល ៥​ឆ្នាំ និង​យល់​ស្រប​ក្នុង​ការ​ពិភាក្សា​បន្ត​ទៅ​លើ​អត្ថប្រយោជន៍​បន្ថែម​ជា​រៀង​រាល់​ឆ្នាំ។ រី​ឯ​ចំណុច​ទី​៣​នោះ គឺ​ការ​ដំឡើង​ប្រាក់​ឈ្នួល ត្រូវ​ដំឡើង​ឲ្យ​កម្មករ​ទូទៅ ស្មើ​ភាព​គ្នា​ទាំង​អស់ ដោយ​មិន​បូក​បញ្ចូល​ទៅ​លើ​ប្រាក់​ឈ្នួល​ថែម​ម៉ោង នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដូចជា សោហ៊ុយ​ធ្វើ​ដំណើរ ថ្លៃ​បាយ ប្រាក់​រង្វាន់​ធ្វើ​ការងារ​ទៀង​ទាត់​ឡើយ។

លោក ទៀង យូត បន្ត​ថា ចំណុច​ទាំង ៣​នេះ គឺ​ជា​ចំណុច​រួម​១​ដែល​នឹង​ដាក់​ចូល​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​សម្រេច​ថ្ងៃ​ទី​២៤ ហើយ​ក៏​ជា​អំណះអំណាង​សម​ល្មម​ដើម្បី​ចរចា​ជាមួយ​និយោជក និង​ក្រសួង​ការងារ ឈាន​ទៅ​ដល់​ការ​សម្រេច​សម្រាប់​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​នៅ​ដើម​ឆ្នាំ​២០១៤ ខាង​មុខ៖ «ទី​១ គឺ​យើង​បាន​ព័ត៌មាន​របាយការណ៍​១​ចំនួន​ទាក់ទង​អតិផរណា​នៃ​ការ​ឡើង​ថ្លៃ​នៃ​ទំនិញ​ផ្សេងៗ​វា ៥% ទៅ​ហើយ នៅ​ពេល​បច្ចុប្បន្ន​ហ្នឹង។ មួយ​ទៀត គឺ​ការ​រក​ឃើញ​របាយការណ៍​របស់​អង្គការ អាយឡូ (ILO)និង​ក្រុម​យុទ្ធនាការ​ត្រួត​ពិនិត្យ​សំលៀកបំពាក់​ស្អាត​ទូទាំង​ពិភពលោក​ហ្នឹង គឺ​គេ​រក​ឃើញ​អំពី​អតិបរមា (Maximum)នៃ​ប្រាក់​ឈ្នួល​របស់​កម្មករ​ដែល​រស់នៅ​សមរម្យ​នៅ​ប្រទេស​កម្ពុជា នៅ​វៀតណាម ទៅ​ដល់ ២៨៥​ដុល្លារ ចុច ៨៣​សេន​នោះ។ អ៊ីចឹង ១៥៧ ដំឡើង​ទៅ​ដល់ ១៧៧ នោះ គិត​ថា​និយោជក​អាច​ផ្ដល់​ឲ្យ​បាន​ហើយ»

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ក្រុម​ការងារ​ជជែក​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​បាន​ដាក់​រូបមន្ត ៣​សម្រាប់​រៀបចំ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ ដែល​ត្រូវ​ធ្វើ​ការ​ពិនិត្យ​និង​ជ្រើសរើស​យក​១ ដូចជា​ការ​កំណត់​ដំឡើង​ជា​អត្រា​រួម​រយៈពេល ៥​ឆ្នាំ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ រួច​បែងចែក​ស្មើភាព​ជា​អត្រា​ដំឡើង​ប្រចាំ​ឆ្នាំ។ ការ​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​ជា​សន្ទស្សន៍​រួម​ក្នុង​រយៈពេល ៥​ឆ្នាំ ឲ្យ​បាន ១០០% នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៣ គឺ​ពី ៨០​ដុល្លារ​រហូត​ដល់ ១៦០​ដុល្លារ​នៅ​ឆ្នាំ​២០១៨ និង​រូបមន្ត​ទី​៣ គឺ​កំណត់​ដំឡើង​តែ​ម្ដង​គត់​នៅ​ឆ្នាំ​២០១៤ គឺ​ដំឡើង ១០០% ដែល​ស្មើ​នឹង ១៦០​ដុល្លារ ហើយ​នឹង​មាន​ការ​ពិភាក្សា​ជា​រៀង​រាល់​ឆ្នាំ។

មន្ត្រី​សហជីព​បាន​អះអាង​ថា ការ​ចរចា​នេះ ទាំង​រដ្ឋាភិបាល និយោជក និង​កម្មករ​សុទ្ធ​តែ​មាន​ចេតនា​ចង់​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​នៅ​ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។