មន្ត្រីរដ្ឋាភិបាល និងវិស័យឯកជននាខេត្តព្រះសីហនុ ជួបប្រជុំគ្នាស្តីអំពីការធ្វើវិនិយោគអាជីវកម្មកាស៊ីណូ ដែលកំពុងដំណើរការនាមូលដ្ឋាននេះ ដើម្បីឈានដល់គ្រប់គ្រង និងសហការគ្នាជាមួយអាជ្ញាធរឲ្យបានប្រសើរ។
មន្ត្រីនគរបាលខេត្តទេសចរណ៍មួយនេះ ថ្លែងថា អ្នកវិនិយោគទុនទៅលើវិស័យកាស៊ីណូ និងសណ្ឋាគារធំៗមួយចំនួននាមូលដ្ឋាននេះ មិនសហការបានល្អជាមួយសមត្ថកិច្ចទេកន្លងមកដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គួរមានមានវិធានការដោះស្រាយ។
កិច្ចប្រជុំបិទទ្វារ និងស្នើមិនឲ្យអ្នកសារព័ត៌មានអង្គុយស្ដាប់ខ្លឹមសារនៃកិច្ចពិភាក្សាស្ដីអំពីការគ្រប់គ្រងអាជីវកម្មកាស៊ីណូ ដឹកនាំដោយលោកនាយឧត្ដមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានរៀបចំឡើងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នាសាលាខេត្ត។ កិច្ចប្រជុំនេះ មានតំណាងក្រុមហ៊ុនវិនិយោគលើវិស័យកាស៊ីណូ និងសណ្ឋាគារលំដាប់ផ្កាយជាដើម បានចូលរួមពិភាក្សា និងលើកជាសំណូមពរ។
មន្ត្រីបម្រើការងារស្ថាប័នរដ្ឋខ្លះ និងតំណាងក្រុមហ៊ុនវិនិយោគបរទេសដែលភាគច្រើនជាជនជាតិចិន ដែលចូលមកបណ្ដាក់ទុនលើវិស័យកាស៊ីណូ និងសណ្ឋាគារខ្លះ នាខេត្តព្រះសីហនុ បានបង្ហាញការមិនសប្បាយចិត្តចំពោះសកម្មភាពរបស់កម្លាំងជំនាញនគរបាលក្រសួងមហាផ្ទៃ ដែលចាប់ជនជាតិចិន ចំនួន ១៦៨នាក់ ទាំងតក់ក្រហល់បញ្ជូនទៅកាន់ប្រទេសចិន តាមការស្នើសុំរបស់ប៉ូលិសចិន កាលពីថ្ងៃទី៣១ ខែតុលា។ តំណាងវិនិយោគទុនចិន បានចាត់ទុកយុទ្ធនាការរបស់ក្រសួងមហាផ្ទៃ បាននាំឲ្យប៉ះពាល់ដល់គម្រោងវិនិយោគវិស័យកាស៊ីណូ ឬសណ្ឋាគារ និងបង្កការភ័យខ្លាចដល់អ្នកវិនិយោគទុនរបស់ខ្លួន។
យុទ្ធនាការចាប់បញ្ជូនជនជាតិចិន របស់នគរបាលក្រសួងមហាផ្ទៃ ក៏ត្រូវរងការរិះគន់ពីអ្នកវិនិយោគទុនជាជនជាតិចិន និងវិនិយោគទុនកម្ពុជា ផង ហើយមន្ត្រីស្ថាប័នខ្លះ នាខេត្តព្រះសីហនុ ក៏មិនពេញចិត្តចំពោះសកម្មភាពចាប់បញ្ជូនជនជាតិចិន ទាំងតក់ក្រហល់បែបនេះដែរ។ ព្រោះជនជាតិចិន ទាំងនោះ ពួកគេមានលិខិតស្នាមចូលមកស្នាក់នៅ និងប្រកបការងារស្របច្បាប់នាមូលដ្ឋាននេះ។
ត្រង់ចំណុចនេះ តំណាងក្រុមហ៊ុនវិនិយោគវិស័យកាស៊ីណូ ឬសណ្ឋាគារជាដើម បានសំណូមពរដល់រដ្ឋាភិបាល ឬក្រសួងមហាផ្ទៃ ឲ្យពិចារណាចំពោះការចាប់បញ្ជូនជនជាតិចិន កាលពីចុងខែតុលា បាននាំឲ្យអ្នកវិនិយោគទុនចិន និងភ្ញៀវទេសចរចិន មានការភ័យខ្លាច និងមានអ្នកខ្លះបង្ខំចិត្តចាកចេញពីកម្ពុជា។
បញ្ហានេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានលើកក្នុងកិច្ចប្រជុំដោយស្នើដល់មន្ត្រីជំនាញ ត្រូវធ្វើយ៉ាងណាឲ្យការចុះអនុវត្តការងារចាប់បញ្ជូនជនជាតិចិន ចូលមករស់នៅ ឬប្រកបការងារនាមូលដ្ឋាននេះឲ្យស្របតាមច្បាប់។ បើពុំនោះទេ នឹងអាចនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកវិនិយោគទុនជនជាតិចិន ឬទេសចរចិន ចូលមកកម្ពុជា នាថ្ងៃអនាគត។
លោក ជួន ណារិន្ទ បានឲ្យដឹងថា សព្វថ្ងៃនេះមានកាស៊ីណូ សរុបចំនួន ១៦ទីតាំង និងមានកាស៊ីណូ ចំនួន ៣ទីតាំងមិនទាន់មានច្បាប់ ប៉ុន្តែមិនទាន់ដំណើរការទេ។ នាឱកាសនោះ លោកស្នងការក៏បានស្នើដល់អ្នកវិនិយោគវិស័យកាស៊ីណូ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធខេត្តនេះឲ្យបានត្រឹមត្រូវ ព្រោះកន្លងមកនេះ មានម្ចាស់កាស៊ីណូខ្លះ មិនបានសហការជាមួយកម្លាំងជំនាញទេ៖ «សូមឲ្យជំនាញនគរបាលខាងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត ត្រូវសហការពន្យល់លើមុខជំនាញនេះមកសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ដើម្បីគ្រប់គ្រងបទល្មើសនេះឲ្យបានល្អនៅពេលខាងមុខ។ បញ្ហាមួយទៀត ខ្ញុំក៏សូមស្នើដល់មន្ត្រីជំនាញបង្ក្រាប ឬទប់ស្កាត់បទល្មើសឆ្លងដែនត្រូវអនុវត្តការងារឲ្យស្របច្បាប់»។
ចំណែកលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានទទួលស្គាល់ថា ពិតជាមានជនជាតិចិន ប្រមាណ ៨០ភាគរយ បានចាកចេញពីខេត្តព្រះសីហនុ នាប៉ុន្មានសប្ដាហ៍ក្នុងខេត្តវិច្ឆិកា នេះ។ លោកបន្តថា ថ្ងៃអនាគតលោកចង់ឃើញខេត្តនេះមានវិនិយោគទុនមកពីក្រៅប្រទេសចូលមកបោះទុនវិនិយោគឲ្យបានច្រើន នឹងអាចជំរុញឲ្យមូលដ្ឋាននេះរីកចម្រើន និងអាចឲ្យប្រជាពលរដ្ឋ ឬយុវជនមានការងារធ្វើ និងមានជីវភាពរីថ្កុំថ្កើងថែមទៀត៖ «ខ្ញុំព្រះសីហនុសម្បូរទៅដោយភ្ញៀវវិនិយោគពីប្រទេសចិន ច្រើនជាងគេ គឺវិនិយោគទៅលើវិស័យកាស៊ីណូ និងសណ្ឋាគារជាដើម។ ប៉ុន្តែចាប់តាំងពីមានព្រឹត្តិការណ៍ថ្ងៃទី៣១ តុលា មក ឃើញបាត់វត្តមានជនជាតិចិន ពីខេត្តព្រះសីហនុ ចន្លោះពី ៨០ ទៅ ៩០ភាគរយ។ បញ្ហានេះនាំឲ្យខាតបង់ដល់ចំណូលសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ»។
ឆ្លើយតបបញ្ហានេះ លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការចម្រុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។ លោកថ្លែងថា នឹងលើកង្វល់របស់អ្នកវិនិយោគទុនលើវិស័យកាស៊ីណូ និងសំណូមពររបស់អាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុ ទៅពិចារណា និងឈានទៅរកដំណោះស្រាយឲ្យបានប្រសើរ។
មន្ត្រីរូបនេះ ទទួលស្គាល់ថា អ្នកវិនិយោគទុនទាំងក្នុង និងក្រៅស្រុក បានដើរតួសំខាន់ក្នុងការជួយជំរុញឲ្យមូលដ្ឋានខេត្តព្រះសីហនុ មានការរីកចម្រើន និងបង្កើនការងារជូនពលរដ្ឋ៖ «សូមឲ្យបងប្អូនអ្នកវិនិយោគទាំងអស់លើកជាកង្វល់ ឬសំណូមពរមកស្ថាប័នយើង ដើម្បីបានជាមូលដ្ឋានក្នុងការជួយគិត ឬដោះស្រាយទៅលើបញ្ហារបស់បងប្អូនឲ្យបានប្រសើរក្នុងការធ្វើអាជីវកម្ម។ យើងចង់បានភាពកក់ក្ដៅពីបងប្អូនអ្នកវិនិយោគលើវិស័យកាស៊ីណូ និងសណ្ឋាគារ ហើយយើងក៏ចង់បានភាពកក់ក្ដៅពីបងប្អូនវិញដែរ ដោយឈរលើគោលការណ៍គោរពច្បាប់ទាំងអស់គ្នា»។
ត្រង់ចំណុចនេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ឆមាសទី២ ឆ្នាំ២០១៥ នេះ ឃើញមានអ្នកវិនិយោគទុនជាជនជាតិចិន បានចូលមកមូលដ្ឋាននេះមានចំនួនជាង ៣ពាន់នាក់ ដោយវិនិយោគទៅលើវិស័យកាស៊ីណូ និងសណ្ឋាគារជាដើម ហើយបុគ្គលិករបស់វិនិយោគចិនទាំងនោះ គឺភាគហ៊ានជួលផ្ទះស្នាក់នៅ ឬទីតាំងសម្រាប់ប្រកបអាជីវកម្មក្នុងតម្លៃខ្ពស់មិនធ្លាប់មានពីមុនមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
