បណ្ដាញអង្គការមិនមែនរដ្ឋាភិបាល (NGOs Network) នៅខេត្តព្រៃវែង ធ្វើសិក្ខាសាលាផ្ដល់យោបល់ ស្ដីពីតម្លៃស្រូវ និងសេវាសុខាភិបាលថ្នាក់មូលដ្ឋាន ដែលមានតំណាងប្រជាពលរដ្ឋតាមមូលដ្ឋានចូលរួមនៅសាលាស្រុកស្វាយអន្ទរ នៅព្រឹកថ្ងៃទី១ កក្កដា។ ក្នុងសិក្ខាសាលានោះ អ្នកចូលរួមចាប់អារម្មណ៍ខ្លាំងលើផ្នែកសេវាសុខាភិបាលរបស់រដ្ឋ និងតម្លៃស្រូវចុះថោក ដោយសារគ្មានទីផ្សារ។
ក្នុងសិក្ខាសាលានោះ អ្នកសម្របសម្រួលលើកយកប្រធានបទម្ដងមួយៗ ដាក់បង្ហាញឲ្យអ្នកចូលរួមលើកជាសំណួរ ដើម្បីឲ្យវាគ្មិនក្នុងពិធីបកស្រាយជាបន្តបន្ទាប់។ សិក្ខាសាលានេះមានគោលបំណងដើម្បីឲ្យមានការជួបពិភាក្សាគ្នារវាងអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក អង្គការសង្គមស៊ីវិល អាជីវករ និងតំណាងសហគមន៍ ដើម្បីចែករំលែកលទ្ធផលនៃកិច្ចពិភាក្សាតាមបណ្ដាសហគមន៍ក្នុងខេត្ត និងជំរុញបញ្ហាទីផ្សារតម្លៃស្រូវចុះថោក និងខ្វះចន្លោះលើសេវាសុខភាពមូលដ្ឋាន។
តំណាងប្រជាពលរដ្ឋជាក្រុមប្រឹក្សាឃុំស្វាយអន្ទរ លោក ឈាង សាក់ ដាក់សំណួរក្នុងអង្គពិធីសិក្ខាសាលា ដោយផ្ដោតសំខាន់លើសេវាសុខាភិបាលសាធារណៈក្នុងមូលដ្ឋាន។ លោក ឈាង សាក់ លើកឡើងថា តើមូលហេតុអ្វីបានជាប្រជាពលរដ្ឋតាមមូលដ្ឋាន ភាគច្រើនមិននិយមប្រើសេវាព្យាបាលជំងឺតាមមន្ទីរពេទ្យរបស់រដ្ឋ៖ «ប្រសិទ្ធភាពហ្នឹងដោយតម្លៃទាបជាងឯកជន អ៊ីចឹងខ្ញុំសួរទៅវាគ្មិនថា តើអាបញ្ហានេះមកពីសេវា ឬក៏មកពីហៅថាសិទ្ធិរបស់គាត់ បានជាកន្លែងសេវាទាបគាត់មិនមក? នៅឃុំស្វាយអន្ទរ យើងខ្ញុំនេះមានហិបមូលនិធិរួមតាំងគ្របដណ្ដប់ទៅលើឃុំព្រៃខ្លា ហ្នឹង ៩ភូមិទៀត អឺ! ហិបនេះ គឺនៅដាក់តាមវត្តសម្រាប់ស្ត្រីមានផ្ទៃពោះ និងជនទីទាល់»។
ឆ្លើយតបក្នុងអង្គសិក្ខាសាលានោះ ប្រធានការិយាល័យសុខាភិបាលស្រុកស្វាយអន្ទរ លោក ធន់ ថុល មានប្រសាសន៍បញ្ជាក់ថា គ្រូពេទ្យប្រចាំតាមគ្លីនិកឯកជន ក៏ជាគ្រូពេទ្យចេញពីមណ្ឌលសុខភាព ឬតាមមន្ទីរពេទ្យនានារបស់រដ្ឋដែរ។ ប៉ុន្តែ អ្វីដែលប្រជាពលរដ្ឋមិននិយមទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរបស់រដ្ឋនោះ លោកថា បញ្ហាមកពីគ្មានការយកចិត្តទុកដាក់របស់គ្រូពេទ្យ ក្នុងការព្យាបាលអ្នកជំងឺ ដោយនៅមន្ទីរពេទ្យឯកជន គ្រូពេទ្យភាគច្រើនតាំងខ្លួនជាទេវតាថែទាំអ្នកជំងឺអស់ពីចិត្ត ដោយមិនគិតពីការនឿយហត់ ចំណែកឯការថែរក្សាអ្នកជំងឺនៅមន្ទីរពេទ្យរដ្ឋវិញ គ្រូពេទ្យភាគច្រើនដើរតួជាយក្ស ដែលជាផលលំបាករបស់មន្ទីរពេទ្យរដ្ឋ។
លោក ធន់ ថុល៖ «កំពុងតែរកមធ្យោបាយធ្វើយ៉ាងណា ដើម្បីឲ្យហ្នឹងដើរតួជាទេវតាទាំងអស់នៅកន្លែងណាជាទេវតាដែរ។ សេវាឯកជនបច្ចុប្បន្នក៏ជាដៃគូរបស់ដែរ យើងមិនហាមឃាត់ ហើយយើងក៏មិនអាចថាទេ មិនឲ្យគាត់ទៅ ឬក៏អីទេ ហើយបើគាត់ទៅហ្នឹងយើងក៏អរគាត់ដែរ ព្រោះសេវាដែលគេបើកមានច្បាប់ត្រឹមត្រូវ ក៏ជាមនុស្សដែលមានបច្ចេកទេសបានបណ្ដុះបណ្ដាលត្រឹមត្រូវដែរ។ យើងប្រឹងពន្យល់គាត់យ៉ាងណា កុំឲ្យគាត់នៅបង្កើតដោយឆ្មបបុរាណ ដែលគ្មានការបណ្ដុះបណ្ដាល យើងកំពុងតែខិតខំអ៊ីចឹង»។
ក្រៅពីបញ្ហាសុខាភិបាល អ្នកចូលរួមមួយចំនួនលើកឡើងជុំវិញតម្លៃស្រូវចុះថោក។ បញ្ហានេះ ដោយសារគ្មានទីផ្សារសម្រាប់លក់ស្រូវ ពួកគាត់លើកឡើងថា ទីផ្សារសំខាន់មានតែមួយ គឺនៅប្រទេសវៀតណាម។
ប្រធានបណ្ដាញអង្គការមិនមែនរដ្ឋាភិបាល ប្រចាំខេត្តព្រៃវែង លោក ឈុំ ចំរើន មានប្រសាសន៍ថា សិក្ខាសាលានេះបន្ទាប់ពីស្រាវជ្រាវប្រជាពលរដ្ឋក្នុងខេត្តរកឃើញថា បញ្ហាចម្បងរបស់ពួកគាត់ គឺតម្លៃស្រូវចុះថោក គ្មានទីផ្សារសម្រាប់នាំចេញ និងបញ្ហាសេវាសុខាភិបាលតាមមណ្ឌលសុខភាពរបស់រដ្ឋ បម្រើសេវាមិនគ្រប់ជ្រុងជ្រោយ ជាដើម៖ «បើសិនយើងមិនបង្កបរិយាកាសហ្នឹងទេ គាត់នៅខាងក្រៅគាត់និយាយចេះនិយាយចុះទៅ អាជ្ញាធរគាត់ផ្សេងទៅ អ៊ីចឹងគាត់អត់បានដឹងពីបញ្ហាហ្នឹងថា ប្រជាពលរដ្ឋគាត់ជួបកង្វល់អីខ្លះ។ ហើយអាជ្ញាធរគួរតែដោះស្រាយយ៉ាងម៉េចខ្លះ អ៊ីចឹងពេលដែលគាត់ជួបអ៊ីចឹងទៅ គាត់ដឹងហើយគាត់ឆ្លើយតបទៅនឹងអ្វីដែលជាសំណូមពរ ក៏ដូចជាបញ្ហាដែលគាត់ អឺ! សិក្ខាកាមដែលគាត់ចូលរួមលើកឡើងហ្នឹង គឺគាត់ធ្វើការឆ្លើយតប»។
លោកបញ្ជាក់បន្ថែមថា សិក្ខាសាលាបែបនេះមានរៀបចំនៅតាមមូលដ្ឋាននានាទូទាំងខេត្ត ដោយចាប់ផ្ដើមពីថ្នាក់មូលដ្ឋាន និងរៀបចំធំរួមពិភាក្សាផ្ដល់យោបល់ ដើម្បីតាមដានពីទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពបន្តនៅថ្នាក់ខេត្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
