មន្ត្រីសហជីពកម្មករ និងមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៨ ធ្នូ ជួបពិភាក្សាអំពីការលើកស្ទួយលក្ខខណ្ឌការងារឱ្យល្អប្រសើរសម្រាប់កម្មករ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឱ្យដឹងថា ក្នុងជំនួបគ្នានេះ មានលទ្ធផលល្អ គឺរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលយកសំណូមពរភាគច្រើនទៅពិចារណា និងដោះស្រាយ។ ក្នុងនោះ លោកនឹងជួយសម្រួលនីតិវិធីសម្រាប់ចុះបញ្ជិកាសហជីព ដែលបច្ចុប្បន្នមានស្មុគស្មាញ និងពិនិត្យតាមច្បាប់ លើរោងចក្រដែលប្រើកិច្ចសន្យាការងាររយៈខ្លី។
លោក អាត់ ធន់ ឱ្យដឹងថា ក្នុងជំនួបគ្នានេះ គឺខាងសហភាពការងារកម្ពុជា ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺលោក អ៊ិត សំហេង ជួយដោះស្រាយបញ្ហាកម្មករចំនួន ៧ចំណុច ដែលមានជាអាទិ ការជាប់គាំងរបស់សហជីពកម្មករក្នុងការចុះបញ្ជិកា ដែលមានភាពស្មុគស្មាញ សុំឱ្យក្រសួង ឬរដ្ឋាភិបាលអនុម័តអនុសញ្ញាលេខ ១៨៣ ស្ដីពីការការពារសិទ្ធិស្ត្រី និងអនុសញ្ញាលេខ ១៨៩ ស្ដីពីការការពារកម្មករបម្រើការងារតាមផ្ទះ។ សុំឱ្យក្រសួងដោះស្រាយបញ្ហាកិច្ចសន្យាការងាររយៈខ្លី ដែលកេងប្រវ័ញ្ចសិទ្ធិកម្មករ ពង្រឹងបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីឱ្យមានសេវាកម្មល្អ និងអនុវត្តន៍របបថែទាំសុខភាព អ្នកឆ្លងទន្លេ សោធននិវត្តន៍ និងកម្មករក្រៅប្រព័ន្ធ។ សុំឱ្យពិនិត្យច្បាប់ស្ដីពីសហជីព ឱ្យស្របតាមច្បាប់អន្តរជាតិ ឬមិនអនុម័តបើមិនចាំបាច់។ សុំឱ្យជួយដោះស្រាយបញ្ហាបណ្ដឹងការងារមួយចំនួនដែលត្រូវចោទប្រកាន់ជារឿងព្រហ្មទណ្ឌ និងសុំឱ្យរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលកម្មករគ្រប់វិស័យដែលមានប្រាក់ខែទាប និងកម្មករកាត់ដេរឱ្យបាន ១៤០ដុល្លារ ហើយមន្ត្រីរាជការឱ្យបាន ២០០ដុល្លារ។
ក្រៅពីនេះ ខាងសហភាពការងារកម្ពុជា ក៏សុំឱ្យរដ្ឋមន្ត្រីក្រសួងការងារដំឡើងចំនួនសមាជិកគណៈកម្មការក្រុមប្រឹក្សាការងារឱ្យបានស្មើគ្នា។ លោកថា សំណើសុំទាំងនេះលោកដាក់ជូនកាលពីខែមុន។ ប៉ុន្តែដោយសារក្រសួងរវល់ទើបមានកិច្ចប្រជុំជាផ្លូវការ នៅថ្ងៃទី៨ ធ្នូនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
