ប្រជាពលរដ្ឋ សមាជិកសហគមន៍ និងតំណាងអាជ្ញាធរនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រមាណ ៥០នាក់ គ្រោងរៀបចំធ្វើកិច្ចប្រជុំជាសាធារណៈមួយ នៅថ្ងៃទី១៤ កក្កដា ដើម្បីពិភាក្សាអំពីការការពារទឹក និងត្រី ក្នុងអូរអន្លង់សំណរ ក្នុងឃុំតាគង់។ កិច្ចប្រជុំនោះ ធ្វើឡើងនៅភូមិប៉ោយអង្គោល ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
អ្នកស្រី អ៊ូ ឧស្សាហ៍ ប្រធានកម្មវិធីរបស់អង្គការស្ដារកម្ពុជា មានប្រសាសន៍នៅថ្ងៃទី១៣ កក្កដា ឲ្យដឹងថា ការប្រជុំរវាងអាជ្ញាធរមានសមត្ថកិច្ច សមាជិកសហគមន៍ និងប្រជាពលរដ្ឋ ដើម្បីរិះរកវិធីសាស្ត្ររួមគ្នានៅក្នុងឃុំតាគង់ ដើម្បីការពារផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ កុំឲ្យមានការបូមយកទឹកអូរអន្លង់សំណរ ទៅប្រើប្រាស់ ហើយធ្វើឲ្យប៉ះពាល់ដល់ការរក្សាទុកពូជត្រី សម្រាប់ជាផលប្រយោជន៍រួមនៅក្នុងឃុំ៖ «គាត់បង្កើតជាសហគមន៍នេសាទ ហើយវាពាក់ព័ន្ធជាមួយអ្នកមានអំណាចម្នាក់ គាត់បានបូមទឹកដើម្បីធ្វើស្រែប្រាំង ប៉ុន្តែរូបភាពមួយទៀត គឺគាត់បូមបានត្រីច្រើនពីអូរនោះ ហើយអូរនោះជាអូរធម្មជាតិ ដែលសហគមន៍ក្នុងភូមិប៉ោយអង្គោល នោះគាត់ទាញផលបាន។ ភូមិផ្សេងៗទៀត ក៏គាត់បានផលពីអូរនោះដែរ។ ខ្ញុំបានអញ្ជើញខេត្ត ស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីមកចូលរួមដោះស្រាយទាំងអស់គ្នា»។
តំណាងអង្គការស្ដារកម្ពុជា ដែលជាអ្នករៀបចំការប្រជុំ បានឲ្យដឹងបន្ថែមថា កន្លងមក ប្រជាពលរដ្ឋធ្លាប់បានដាក់ពាក្យប្ដឹងអំពីការប្រើអំណាច រំលោភបូមទឹកពីអូរអន្លង់សំណរ ពីសំណាក់អ្នកមានអំណាច ដើម្បីប្រើប្រាស់តែឯង ទៅអាជ្ញាធរថ្នាក់ឃុំ និងស្រុកដែរ ប៉ុន្តែមិនមានការដោះស្រាយទេ។ ដូច្នេះ អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ការពារដែននេសាទ និងប្រជាពលរដ្ឋ ចង់រួមគ្នាប្រជុំដោះស្រាយបញ្ហានេះជាមួយអាជ្ញាធរជាមុនសិន មុនពេលដាក់ពាក្យប្ដឹងទៅតុលាការជាផ្លូវការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
