កម្មករ​ចម្ការ​កៅស៊ូ​មេមត់​បារម្ភ​រឿង​ក្រុមហ៊ុន​តម្រូវ​ឲ្យ​ធ្វើ​ប្រវត្តិរូប​និង​ផ្ដិត​មេដៃ

0:00 / 0:00

កម្មករ​ចម្ការ​កៅស៊ូ​មេមត់ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​ព្រួយ​បារម្ភ​ពេល​តំណាង​ក្រុមហ៊ុន​ដើរ​ប្រាប់​ប្រជាពលរដ្ឋ ឱ្យ​ធ្វើ​ប្រវត្តិរូប និង​ផ្ដិត​ស្នាម​មេដៃ​យ៉ាង​តក់​ក្រហល់ ដែល​មិន​បាន​ប្រាប់​ពី​មូលហេតុ​ជាក់​លាក់​នោះ​ឡើយ។ ពួក​គាត់​បារម្ភ​ថា ខាង​ក្រុមហ៊ុន​កំពុង​រក​វិធី ដើម្បី​ឱ្យ​ពួក​គាត់​ចេញ​ពី​លំនៅឋាន​ដែល​ប្រជាពលរដ្ឋ​កំពុង​តវ៉ា។

ចំណែក​អាជ្ញាធរ​បញ្ជាក់​ថា ការ​តម្រូវ​ឲ្យ​ធ្វើ​ប្រវត្តិរូប​ដោយ​មាន​ផ្ដិត​ស្នាម​មេដៃ​នេះ មិន​មាន​អ្វី​ខុស​នោះ​ទេ។

ក្រុម​កម្មករ​ចម្ការ​កៅស៊ូ​មេមត់ នាំ​គ្នា​មាន​មន្ទិល​សង្ស័យ​ជុំវិញ​រឿង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ បាន​តម្រូវ​ឱ្យ​ពួក​គាត់​បំពេញ​បែបបទ​ប្រវត្តិរូប​របស់​ខ្លួន និង​ផ្ដិត​មេដៃ​ភ្លាមៗ បន្ទាប់​ពី​វិបត្តិ​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​នោះ។

ពលរដ្ឋ​ម្នាក់​នៅ​ឃុំ​ត្រមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ អ្នកស្រី ពៅ សាមឿន មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​១៨ សីហា ថា ខាង​ក្រុមហ៊ុន​បាន​ចែក​ក្រដាស​ជា​ទម្រង់​ប្រវត្តិរូប ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជា​កម្មករ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ទាំងអស់​បំពេញ ដោយ​បញ្ជាក់​ថា ជា​ការ​ធ្វើ​ប្រវត្តិរូប​ថ្មី ដើម្បី​ជៀសវាង​ក្រែងលោ​មាន​ឈ្មោះ​ខ្មោច​ធ្វើ​ការ។ អ្នកស្រី​បន្ត​ថា កន្លង​មក ពួក​គាត់​ធ្លាប់​បាន​ធ្វើ​រួច​មក​ហើយ ដោយ​មាន​ទាំង​អាជ្ញាធរ​ឃុំ​បាន​ទទួល​ស្គាល់​ទៀត​ផង។ ការ​ធ្វើ​ដោយ​បង្ខំ និង​បាន​គំរាម​ថា ប្រសិន​បើ​នរណា​មិន​ព្រម​បំពេញ និង​ផ្ដិត​មេដៃ នឹង​ត្រូវ​ខាង​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​តែ​ម្តង។ ក្រុម​កម្មករ​យល់​ឃើញ​ថា ករណី​នេះ​វា​អាច​មាន​ការ​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី ដែល​ពួក​គាត់​កំពុង​ទាមទារ​មិន​ខាន។

អ្នកស្រី ពៅ សាមឿន៖ «ខ្លាច​អ៊ីចឹង​ប្អូន យើង​ខ្លាច​អ៊ីចឹង​ទាំងអស់​គ្នា​ហ្នឹង។ ខ្លាច​គេ​យក​ស្នាម​មេដៃ​យើង​ទៅ គេ​បោកប្រាស់​យក​ស្នាម​មេដៃ​យើង​ទៅ​និយាយ​រឿង​ប៉ះពាល់​រឿង​ដីធ្លី​ហ្នឹង។ តែ​គេ​និយាយ​ថា គេ​មិន​ប៉ះពាល់​រឿង​ដីធ្លី គេ​និយាយ​រឿង​ប្រវត្តិរូប​ការងារ​អ៊ីចឹង​ប្អូន។ ខ្លះ​ទៅ​ក៏​គេ​ធ្វើ​ឱ្យ ខ្លះ​ទៅ​ក៏​គេ​មិន​ទាន់​ធ្វើ​ឱ្យ​វា​នៅ​កំពុង​តែ​ភ័យ​ខ្លាច​រឿង​ហ្នឹង វា​អ៊ីចឹង​មែន»

អ្នកស្រី​បន្ថែម​ថា កាល​ពី​មុន ខាង​ក្រុមហ៊ុន​ក៏​ធ្លាប់​បាន​ប្រើ​យុទ្ធសាស្ត្រ​ស្រដៀង​គ្នា​នេះ ដើម្បី​ឱ្យ​ពួក​គាត់​ផ្ដិត​មេដៃ​លើ​លិខិត​ស្នាម​ដែរ ហើយ​ចុង​ក្រោយ ស្នាម​មេដៃ​នោះ​ធ្វើ​ឱ្យ​ពួក​គាត់​មាន​បញ្ហា​ទៀត​ផង។

រីឯ​កម្មករ​ម្នាក់​ទៀត​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​ពួក​គាត់​នោះ គឺ​ខ្លាច​ខាង​ក្រុមហ៊ុន​ប្រមូល​បាន​ស្នាម​មេដៃ​ពី​ពួក​គាត់​ហើយ គឺ​នឹង​យក​រឿង​ប្រវត្តិរូប និង​ស្នាម​មេដៃ​នោះ​ទៅ​ធ្វើ​ការ​ប្រឆាំង​នឹង​ការ​ទាមទារ​ដី​របស់​ពួក​គាត់​កាល​ពី​មុន​វិញ៖ «បាទ! អា​ហ្នឹង​អ៊ីចឹង តាម​ពិត​តាម​ខ្ញុំ​យល់ គេ​យក​ស្នាម​មេដៃ​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ទាំងអស់​ហ្នឹង គឺ​ជា​សមាជិក​របស់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ហើយ​គេ​នឹង​តវ៉ា​ថា កម្មករ​ចម្ការ​ទាំង​នោះ​រឿង​អី​ត្រូវ​តវ៉ា​ជា​កម្មសិទ្ធិ​លំនៅឋាន​ទាំងអស់​ហ្នឹង។ អា​ហ្នឹង​វា​ចូល​ទៅ​ផ្លូវ​ហ្នឹង»

ចំណែក​មេ​ឃុំ​ត្រមូង លោក វិញ នី មាន​ប្រសាសន៍​ថា កន្លង​មក​លោក​មិន​បាន​ដឹង​រឿង​ធ្វើ​ប្រវត្តិរូប​របស់​កម្មករ​ជាមួយ​ក្រុមហ៊ុន​ទេ ប៉ុន្តែ​លោក​ធ្លាប់​បាន​ធ្វើ​លិខិត​បញ្ជាក់​ចំពោះ​កម្មករ​ដែល​បាន​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ថា ពិត​ជា​អ្នក​រស់នៅ​ទីនោះ​មែន។ លោក​បញ្ជាក់​ថា ការ​ធ្វើ​ប្រវត្តិរូប​របស់​កម្មការិនី​មួយៗ​ដែល​ខាង​ក្រុមហ៊ុន​តម្រូវ​នោះ គឺ​មិន​មាន​អ្វី​ខុស​នោះ​ទេ៖ «បាទ! ខ្ញុំ​អត់​ដឹង​គេ​បង្ខំ​ធ្វើ​អី​ផង តែ​បើ​ការងារ​ធ្វើ​ប្រវត្តិរូប​ធ្វើ​អី​ជា​រឿង​មួយ​ធម្មតា​ទេ ព្រោះ​ចូល​ធ្វើ​អី​ក៏​គេ​ត្រូវ​តែ​មាន​ធ្វើ​ប្រវត្តិរូប​អ៊ីចឹង​ហើយ។ ប៉ុន្តែ​រឿង​ឯកសារ​ផ្សេង​ទៀត ខ្ញុំ​មិន​បាន​ដឹង​ទេ។ ប្រសិន​បើ​គេ​ធ្វើ​ក្រុមហ៊ុន គឺ​កម្មករ​ត្រូវ​តែ​មាន​ប្រវត្តិរូប​ជាក់​លាក់​អ៊ីចឹង​ហើយ គេ​ខ្ញុំ​មិន​ដឹង​ដែរ មិន​ដឹង​គោលការណ៍​យ៉ាង​ម៉េច​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) នៅ​ខេត្ត​កំពង់ចាម លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ការ​តម្រូវ​ឱ្យ​បុគ្គលិក​បំពេញ​ប្រវត្តិរូប​របស់​ខ្លួន​នោះ គឺ​មិន​មាន​អ្វី​ខុស​ឡើយ ពីព្រោះ​ស្ទើរ​តែ​គ្រប់​ស្ថាប័ន គឺ​គេ​តម្រូវ​ឱ្យ​ធ្វើ​ដូច​នេះ។ ប៉ុន្តែ​លោក​យល់​ថា វា​ចៃដន្យ​ពេក​ដែល​មក​ប៉ះ​ចំ​ពេល​ដែល​ក្រុម​បុគ្គលិក​ចម្ការ​កៅស៊ូ​ទាំង​នោះ កំពុង​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហើយ​ទង្វើ​នេះ​លោក​យល់​ថា វា​ជា​ការ​គំរាម​កំហែង​ទៅ​លើ​កម្មករ​ទាំង​នោះ៖ «ព្រោះ​គេ​តែង​តែ​ឱ្យ​ធ្វើ​ប្រវត្តិរូប​បុគ្គល​ម្នាក់ៗ​ហ្នឹង ហើយ​គេ​មិន​មែន​អត់​ទេ ប៉ុន្តែ​វា​មាន​ពេល​វេលា​ដែល​ត្រូវ​ធ្វើ។ ការ​ធ្វើ​នៅ​ពេល​មាន​បញ្ហា​បែប​នេះ វា​ការ​គំរាម​ឱ្យ​អ្នក​ដែល​ជា​កម្មករ​រោងចក្រ​កៅស៊ូ​ហ្នឹង គាត់​ពិចារណា​រវាង​ការងារ និង​ដី​ផ្ទះ តើ​គួរ​យក​មួយ​ណា? បើ​អ្នក​ឯង​នៅ​ធ្វើ​ការងារ​អ្នក​ឯង​ទាមទារ​រឿង​ដី​ហ្នឹង ប៉ុន្តែ​បើ​អ្នក​ឯង​យក​ផ្ទះ គេ​នឹង​ផ្តាច់​អ្នក​ឯង​ពី​ការងារ ទោះ​គេ​មិន​និយាយ​អ៊ីចឹង​ក៏​មាន​ន័យ​អ៊ីចឹង​ដែរ»

លោក​បន្ថែម​ថា ក្រុមហ៊ុន​ធ្វើ​ដូច​នេះ​វា​នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ហើយ​បញ្ហា​ដីធ្លី​នេះ គប្បី​មាន​ការ​ដោះស្រាយ ពីព្រោះ​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ឱ្យ​មន្ត្រី​ខេត្ត​នីមួយៗ​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ដែរ។ លើស​ពី​នេះ​ទៀត​នោះ លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​ព្រមាន​ដល់​ក្រុមហ៊ុន​ទាំងអស់​ឱ្យ​បញ្ឈប់​ការ​រំលោភ​បំពាន​លើ​ដីធ្លី​របស់​ពលរដ្ឋ​ត​ទៅ​ទៀត។

មក​ដល់​ល្ងាច​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៤ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អគ្គនាយក​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ លោក ឆាយ សាវុធ បាន​ឡើយ ដើម្បី​សុំ​ពន្យល់​តប​ទៅ​នឹង​កង្វល់​របស់​ពលរដ្ឋ​ដែល​លើក​ឡើង​មក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។