អតីតបុគ្គលិកក្រុមហ៊ុនអឹមហ្វូន (Mfone) ចោទថា ក្រុមហ៊ុនមិនពន្លឿនបើកលុយសំណងអតីតភាពការងារលើសពី ៥០នាក់ ក្នុង១ថ្ងៃបានទេ។ ការចោទនេះបានធ្វើឡើងនៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ខណៈក្រុមហ៊ុនអឹមហ្វូន កំពុងផ្ដល់សំណង។
លោក ប៉ាង វុទ្ធី អ្នកជំនួយការបើកប្រាក់សងទៅបុគ្គលិករបស់ក្រុមហ៊ុនថ្លែងថា ក្នុង១ថ្ងៃក្រុមហ៊ុនអឹមហ្វូន អាចបើកប្រាក់សំណងឲ្យអតីតបុគ្គលិកបានតែ ៥០នាក់ទេ ព្រោះកន្លែងផ្ដល់លុយនោះមានទីធ្លាតូច ទន្ទឹមនោះការបើកប្រាក់សំណងមុនៗ មានអតីតបុគ្គលិកខ្លះបន្លំយកឯកសារដើម និងខ្លះបាត់លុយជាដើម៖ «ទី១ យើងធ្លាប់បានបាត់ឯកសារ បាត់លុយអ៊ីចឹងដែរ។ អ៊ីចឹងបុគ្គលិកប៉ុន្មានរយនាក់ហ្នឹងក៏មិនមែនថាជាមនុស្សល្អទាំងអស់ដែរ គាត់មានអ្នកខ្លះទៅមិនល្អ អ្នកខ្លះទៅល្អ គឺល្អវាច្រើន តែមិនល្អតិច ដែលយើងលំបាកគ្រប់គ្រងដែរ។ អ៊ីចឹងដើម្បីឲ្យដំណើរការទៅមុខយ៉ាងស្រួលទាំងអស់គ្នា មានសេចក្ដីសុខទាំងអស់គ្នា យើងត្រូវធ្វើការបែងចែកអ៊ីចឹង ដើម្បីសម្រួលការងារហ្នឹងវាចប់ទៅមុខដោយមិនមានបញ្ហាអីកើតឡើង»។
បុគ្គលិកក្រុមហ៊ុនអឹមហ្វូន ដែលរង់ចាំបើកប្រាក់សំណងត្អូញថា ពួកគាត់ឈប់ពីក្រុមហ៊ុននេះទៅបានធ្វើការនៅកន្លែងផ្សេង មិនអាចសុំច្បាប់មករង់ចាំចាប់លេខបើកលុយបានរាល់ថ្ងៃទេ ទើបគាត់សុំពន្លឿនការបើកលុយឲ្យបន្ថយពី ១០ថ្ងៃ មកនៅត្រឹម ១ ទៅ ២ថ្ងៃ បើកឲ្យបានគ្រប់គ្នាវិញ។
លោក ប៉ាង វុទ្ធី ឲ្យដឹងថា ក្រុមហ៊ុនអឹមហ្វូន បានអនុវត្តការសន្យាបើកប្រាក់សងឲ្យអតីតបុគ្គលិកក្រុមហ៊ុនអឹមហ្វូន ចាប់ពីថ្ងៃ១៦ ខែមិថុនា។ លោកថា បុគ្គលិកក្រុមហ៊ុនមានជិត ១.១០០នាក់។បច្ចុប្បន្នក្រុមហ៊ុនបានផ្តល់សំណងប្រាក់អតីតភាពការងារជិតគ្រប់ចំនួនហើយ នៅសល់ប្រមាណ ២៥០ ទៅ ២៧០នាក់ កំពុងបើក ឲ្យរហូតគ្រប់អតីតបុគ្គលិកអឹមហ្វូន ទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
