តំណាង​ពលករ​នៅ​ខេត្ត​កំពង់ឆ្នាំង​ប្ដឹង​ទារ​ប្រាក់​ខែ​ពី​ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស

0:00 / 0:00

មន្ត្រី​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង ប្រកាស​ថា​នឹង​ចេញ​លិខិត​អន្តរាគមន៍​មួយ​ច្បាប់​ទៅ​តុលាការ​កំពូល ដើម្បី​ឲ្យ​ពន្លឿន​នីតិវិធី​រឿង​ក្ដី​រវាង​ពលករ​ចំនួន ២៥​នាក់ និង​ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស​មួយ។ ការ​ប្រកាស​ជំហរ​ជួយ​អន្តរាគមន៍​នេះ គឺ​នៅ​បន្ទាប់​ពី​ក្រុម​គ្រួសារ​ពលករ ស្វែងរក​ជំនួយ​ផ្លូវ​ច្បាប់​ពី​មន្ត្រី​សមាគម​អាដហុក ជា​លើក​ទី​២។

តំណាង​ពលករ ១៥​នាក់​មក​ពី​តំបន់​ផ្សេងៗ​គ្នា​នៃ​ខេត្ត​កំពង់ឆ្នាំង បាន​ជួប​ពិភាក្សា​ផ្នែក​ច្បាប់ និង​ប្រាប់​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ដឹង ដើម្បី​ឲ្យ​ជួយ​ពួក​គាត់​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា។

តំណាង​ពលករ​ពលការិនី ២៥​នាក់ និង​ជា​អ្នក​រងគ្រោះ​ម្នាក់​មក​ពី​ស្រុក​រលាប្អៀរ គឺ​លោក យន់ ល័ក្ខ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន ដ្យាយអិន អូសិន អ៊ីនធឺណេសិនណល (Giant Ocean International) បោកប្រាស់​លោក និង​អ្នក​ភូមិ ៧​នាក់​ផ្សេង​ទៀត ថា​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​ការ​ពិត​បោក​បញ្ឆោត​ឲ្យ​ចុះ​ទូក​នេសាទ​នៅ​ប្រទេស​អាហ្វ្រិក ទៅ​វិញ។ លោក​ថា រយៈពេល ១៦​ខែ​នៅ​ទីនោះ គឺ​លោក​ធ្វើ​ការ​គ្មាន​ពេល​សម្រាក និង​គ្មាន​ប្រាក់​ខែ ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​គ្រប់​បែប​យ៉ាង៖ « ខ្ញុំ​តេ ( ទូរស័ព្ទ ) មក​ផ្ទះ ហើយ​អ្នក​ផ្ទះ​ប្រាប់​ថា ក្រុមហ៊ុន​បោក រួច​ខ្ញុំ​នៅ​ណោះ​ខ្ញុំ​អត់​ព្រម​ចុះ​ធ្វើ​ការ​ទេ។ ខ្ញុំ​ប្រាប់​ប្រធាន​កប៉ាល់​ថា ខ្ញុំ​សុំ​ទៅ​ផ្ទះ​វិញ រួច​គេ​អត់​ចង់​ឲ្យ​ខ្ញុំ​មក​ទេ ហើយ​បើ​អត់​ឲ្យ​ខ្ញុំ​ទៅ​ផ្ទះ​វិញ​ទេ ខ្ញុំ​អត់​ព្រម​ចុះ​ទូក​ទៅ​វិញ​ទេ សុខ​ចិត្ដ​នៅ​លើ​ច្រាំង​ហ្នឹង​ហើយ »

ចំណែក​អាណាព្យាបាល​ម្នាក់​មក​ពី​ស្រុក​ទឹកផុស គឺ​លោកស្រី ជួប ចាន់ រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា កូន​ប្រុស​គាត់​ពីរ​នាក់ ក៏​ចាញ់​បោក​ក្រុមហ៊ុន​នេះ​ទៅ​ធ្វើ​ការ​សំណង់​នៅ​ប្រទេស​វៀតណាម ដែរ។ កូន​ប្រុស​គាត់​ទាំង​ពីរ​នាក់ សុទ្ធតែ​ត្រូវ​បាន​គេ​វាយ​ធ្វើ​បាប​នៅ​អំឡុង​ពេល​ធ្វើ​ការ ដោយ​កូន​ប្អូន​បែក​ស្មង​ជើង និង​កូន​បង ត្រូវ​គេ​វាយ​ក្បាល​ផ្នែក​ខាង​ក្រោយ​ស្ទើរ​កើត​រោគ​សរសៃ​ប្រសាទ ហើយ​សព្វថ្ងៃ​ដើរ​ផឹក​ស៊ី​លែង​ដឹង​អី៖ « កូន​ខ្ញុំ​ទៅ​ធ្វើ​ការ​បាន ១៦​ខែ​ដែរ មក​វិញ​អត់​បាន​លុយ​កាក់​អី​ទេ ហើយ​កូន​វា​កំព្រា អ្នក​នៅ​លើ​ខ្ញុំ​នៅ​ជាមួយ​ខ្ញុំ វា​ទៅ​ធ្វើ​ការ​តាំង​ពី​តូចៗ។ ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល ជួយ​ដោះស្រាយ​រឿង​ហ្នឹង​ឲ្យ​បាន​ខ្ញុំ​ផង »

ក្រុមហ៊ុន ដ្យាយអិន អូស៊ិន អ៊ីនធឺណេសិនណល ដែល​មាន​ការិយាល័យ​ធំ​នៅ​រាជធានី​ភ្នំពេញ បាន​បិទ​ទ្វារ​នៅ​ឆ្នាំ​២០១២ ហើយ​ប្រធាន​ក្រុមហ៊ុន​ជនជាតិ​ចិន-តៃវ៉ាន់ រត់​ទៅ​ស្រុក និង​ស្ត្រី​ម្នាក់​ឈ្មោះ លីន យូស៊ិន ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល ១០​ឆ្នាំ​តាំង​ពី​ឆ្នាំ​២០១៤ តាម​អំណាច​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន ក្ដីក្ដាំ​រវាង​ក្រុមហ៊ុន និង​ពលករ កំពុង​ឋិត​នៅ​ក្នុង​ដៃ​នៃ​តុលាការ​កំពូល។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា យល់​ថា ចៅក្រម​ដែល​កាន់​សំណុំ​រឿង​នេះ គប្បី​ពន្លឿន​នីតិវិធី​ដោយ​រឹប​អូស​ទ្រព្យ​សម្បត្តិ និង​ប្រាក់​ធានា​របស់​ក្រុមហ៊ុន​ដែល​បាន​តម្កល់ មុន​នឹង​បង្កើត​ក្រុមហ៊ុន​ឡើង​នោះ ដើម្បី​បែង​ចែក​ប្រាក់​ខែ​ទៅ​ឲ្យ​ពលករ​ដែល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ជីវភាព។ ពលករ​រងគ្រោះ ២៥​នាក់​ក្នុង​ចំណោម ៤៥​នាក់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ដាក់​បណ្ដឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​តាំង​ពី​ឆ្នាំ​២០១៣ ទន្ទឹង​រង់ចាំ​ការ​សម្រេច​ជា​ស្ថាពរ​ពី​ស្ថាប័ន​តុលាការ។ លោក​ថា នឹង​ជួយ​ជំរុញ​រឿង​នេះ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ឆាប់​មាន​ដំណោះស្រាយ៖ « ខ្មែរ​អត់​មាន​ទូត ឬ​កុងស៊ុល​ណា​នៅ​ប្រទេស​តៃវ៉ាន់ ទេ ដែល​មិន​អាច​ធ្វើ​បត្យាប័ន​ជន​នោះ​មក​ទេ។ អ៊ីចឹង​ហើយ​មាន​តុលាការ​ជួយ​សម្រួល​ឲ្យ​មាន​ការ​អនុវត្ត ដោយ​បង្ខំ​លើ​ទ្រព្យ​ធន​របស់​ជន​ល្មើស​មក​សង​ពលរដ្ឋ »

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចុះ​ផ្សាយ​កាល​ពី​ចុង​ឆ្នាំ​២០១៤ មាន​ពលករ ១​ពាន់​នាក់​បាន​ចុះ​កុងត្រា​ការងារ​ជាមួយ​ក្រុមហ៊ុន​នេះ។ ក្រុមហ៊ុន​បាន​បោក​បញ្ឆោត​ពលករ​ទាំង​នោះ ឲ្យ​ចុះ​ទូក​នេសាទ​នៅ​តាម​សមុទ្រ ដោយ​សន្យា​ផ្ដល់​ប្រាក់​ខែ​ទៀងទាត់​ក្រោយ​ចុះ​កិច្ចសន្យា​ការងារ​រយៈពេល​ពីរ​ឆ្នាំ។ ប្រធាន និង​បុគ្គលិក​ក្រុមហ៊ុន បាន​គេច​ខ្លួន​ទៅ​ស្រុក ដោយ​មិន​បន្សល់​ទុក​អ្វី​ក្រៅ​ពី​ស្ត្រី​ម្នាក់​ដែល​តុលាការ​នៃ​សាលា​ដំបូង កាត់​ឲ្យ​ជាប់​គុក ១០​ឆ្នាំ និង​ប្រាក់​ធានា​របស់​ក្រុមហ៊ុន​ចំនួន ១​សែន​ដុល្លារ ដែល​បាន​តម្កល់​នៅ​ក្រសួង​ការងារ នៅ​មុន​ពេល​បើក​ក្រុមហ៊ុន​បញ្ជូន​ពលករ​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។