កងទ័ព​ជាប់​ព្រំដែន​ខ្មែរ​ថៃ​ប្រតិកម្ម​នឹង​ការ​លុប​លេណដ្ឋាន​ទ័ព​សង់​កាស៊ីណូ

មេ​បញ្ជាការ​គ្រប់គ្រង​យោធា​ការពារ​ព្រំដែន ខេត្ត​ឧត្តរមានជ័យ បាន​ប្រតិកម្ម​នឹង​គម្រោង​សាងសង់​កាស៊ីណូ​មួយ​កន្លែង​នៅ​ជាប់​ព្រំដែន​ខ្មែរ-ថៃ តំបន់​ជប់គគីរ លើ​ខ្នង​ភ្នំ​ដងរែក នៃ​ឃុំ​អំពិល ស្រុក​បន្ទាយអំពិល ថា​បាន​ឈូស​ឆាយ​លុប​លេណដ្ឋាន​របស់​កងទ័ព​ខ្លះ ដោយ​ធ្វើ​ឱ្យ​គ្មាន​ទីតាំង​ឈរ​ជើង​ការពារ​ព្រំដែន​ទី​នោះ។

អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ ទទួល​ទិស​ឧត្តរមានជ័យ គឺ​លោក​ឧត្តមសេនីយ៍ឯក ឈិន ច័ន្ទពណ៌។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​១៧ ខែ​ធ្នូ ថា លោក​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​គម្រោង​សាងសង់​កាស៊ីណូ ដែល​បាន​ចាក់​ដី​លុប​ទៅ​លើ​លេណដ្ឋាន​យោធា​ដែល​កំពុង​ប្រចាំ​ការពារ​ព្រំដែន​ខ្មែរ​នោះ​ទេ។

លោក​ឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ បាន​បញ្ជាក់​ថា តំបន់​ដែល​នឹង​ចាប់​សាងសង់​កាស៊ីណូ​នោះ គឺ​ជា​តំបន់​ក្ដៅ​ក្នុង​រឿង​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ ដែល​កន្លង​មក​កងទ័ព​ខ្មែរ បាន​ប្រឹងប្រែង​ការពារ​ទី​នោះ​យ៉ាង​ខ្លាំង។ លោក​ចង់​ឱ្យ ឧកញ៉ា លឹម ហេង ដែល​កំពុង​មាន​បំណង​អភិវឌ្ឍ​តំបន់​នោះ ធ្វើ​ការ​ពិចារណា​ឡើង​វិញ៖ «អា​នេះ​វា​ពិត​ជា​កំហុស​ឆ្គង ហើយ​ឥឡូវ​នេះ គឺ​ខ្ញុំ​កំពុង​តែ​រៀប​ចំ​ដើម្បី​ឱ្យ ឧកញ៉ា លឹម ហេង ហ្នឹង គិតគូរ​ឡើង​វិញ ហើយ​ធ្វើ​ការ​ដក​ថយ​ជា​បន្ទាន់​ពី​តំបន់​នោះ ព្រោះ​បើ​សិន​ជា​ការ​អភិវឌ្ឍ​ដោយ​ល្មើស​នឹង​គោលការណ៍ ទៅ​លុប​លេណដ្ឋាន​ទៅ​រើ​ទីតាំង​កងទ័ព​អី​ដូច្នេះ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទីនោះ គឺ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ»

អាជ្ញាធរ​ភូមិ​ជប់គគីរ ធ្លាប់​បាន​ទៅ​ប្រាប់​ឱ្យ​ម្ចាស់​គម្រោង​សាងសង់​កាស៊ីណូ​នោះ ធ្វើ​ការ​ពិចារណា​ ឡើង​វិញ​ដែរ នៅ​ពេល​ដែល​ប៉ះពាល់​ដល់​លេណដ្ឋាន​កងទ័ព​ការពារ​ព្រំដែន ក៏ប៉ុន្តែ​ការ​រំលឹក​នោះ​មិន​មាន​ប្រសិទ្ធភាព​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។