មន្ត្រីបម្រើការក្នុងក្រសួងធម្មការ និងសាសនា រងការចោទប្រកាន់ថា បានកិបកេងប្រាក់ខែរបស់មន្ត្រីជាប់កិច្ចសន្យា ដែលជាព្រះសង្ឃ និងគ្រហស្ថផង អស់រយៈពេលជាច្រើនខែកន្លងមកហើយ ក្រោមរូបភាពពន្យារពេលមួយខែហើយមួយខែទៀត ដោយពុំបានបញ្ជាក់ពីមូលហេតុក្នុងការពន្យារពេលនេះឡើយ។
ព្រះតេជព្រះគុណគង់នៅវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ មានថេរដីកាសុំមិនបញ្ចេញព្រះនាមថា ព្រះអង្គពុំបានបើកប្រាក់បៀវត្សពេញមួយឆ្នាំ គឺលុយសម្រាប់ឆ្នាំ២០១២ ចំពោះក្របខ័ណ្ឌមន្ត្រីជាប់កិច្ចសន្យា។ ព្រះអង្គស្នើសុំឲ្យមន្ត្រីដែលទទួលបន្ទុកលើផ្នែកនេះ គប្បីប្រញាប់ដោះស្រាយជូនអ្នកដែលខកខានពេញមួយឆ្នាំនេះ ឲ្យបានទាន់ពេលវេលាវិញ៖ «ប្រាក់បៀវត្សសម្រាប់មន្ត្រីជាប់កិច្ចសន្យាទាំងអស់ហ្នឹងឲ្យលឿន ដូចអាត្មាចម្រើនពរ អម្បាញ់មិញថារាល់ឆ្នាំ គឺខែ៨ គឺបានហើយ។ ប៉ុន្តែខែនេះ ហាក់ដូចជាយឺត យឺតយ៉ាវមែនទែន ហើយចេះតែស្ងាត់ទៅៗ»។
នៅក្នុងកិច្ចព្រមព្រៀងមន្ត្រីជាប់កិច្ចសន្យាអាចទទួលប្រាក់បៀវត្ស ១៤ម៉ឺនរៀល ក្នុងមួយខែពីក្រសួងធម្មការ និងសាសនា។ ប៉ុន្តែប្រាក់បៀវត្សនេះត្រូវគេបើកសរុបក្នុងរយៈពេល ៨ខែម្តង នៅរៀងរាល់ពាក់កណ្ដាលនៃឆ្នាំនីមួយៗ។ បន្ទាប់មក ខែដែលនៅសេសសល់ ពោល គឺចាប់ពីខែកញ្ញា ប្រាក់បៀវត្សនោះគេចាប់ផ្ដើមបើកឲ្យមន្ត្រីដែលជាប់កិច្ចសន្យាក្នុងមួយខែម្ដងវិញ។
ចំណែកបុគ្គលិកជាប់កិច្ចសន្យាម្នាក់ផ្សេងទៀត ដែលបម្រើការនៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ប្រចាំខេត្តបាត់ដំបង ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះដែរ ទម្លាយឲ្យដឹងថា ប្រាក់បៀវត្សនេះទំនងជាមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ និងរដ្ឋបាល យកទៅប្រើប្រាស់ក្នុងទិសដៅផ្សេង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ហេតុនេះ ទើបបង្កកប្រាក់បៀវត្សរបស់មន្ត្រីជាប់កិច្ចសន្យាដូច្នេះ។ លោកបន្តថា ម្យ៉ាងទៀត ក្រសួងធម្មការ និងសាសនាក្នុងពេលកន្លងទៅ អនុវត្តកិច្ចការពុំមានភាពច្បាស់លាស់ទេ និងថែមទាំងមានបក្ខពួកនិយម ប្រព្រឹត្តអំពើពុករលួយទៀតផង។ ទាំងនេះ ទំនងជាមូលហេតុ ទើបបង្កឲ្យស្ថាប័នសាសនាមួយនេះមានភាពសកម្មក្នុងកិច្ចការរបស់ខ្លួន៖ «ក្រសួងធម្មការហ្នឹងវាហាក់ដូចជាមិនសូវយកចិត្តទុកដាក់ជាមួយការងាររបស់រដ្ឋាភិបាលប៉ុន្មាន តាមខ្ញុំដឹង។ បក្ខពួកខ្សែបណ្ដាញ មានមនុស្សម្នាក់ពីរបីនាក់ ដែលធ្វើឲ្យស្ទះការងារហ្នឹងច្រើនដែរ។ ខ្ញុំសុំបញ្ចេញឈ្មោះ ដែលមាន លោកស្រី កែវ សុធាវី ជាដើម គាត់ហាក់ដូចជាយកលុយរបស់ហិរញ្ញវត្ថុ។ អ៊ីចឹង គាត់អ្នកគ្រប់គ្រងផ្នែកខាងហ្នឹង គាត់មិនដឹងគាត់យកលុយទៅណាទេ យើងឥតដឹងទេ»។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន បដិសេធក្នុងការអត្ថាធិប្បាយ ដោយអះអាងយ៉ាងខ្លីថា លោកជាប់ប្រជុំ។
ចំណែកមន្ត្រីអគ្គនាយកដ្ឋានទទួលបន្ទុកហិរញ្ញវត្ថុ និងរដ្ឋបាលនៃក្រសួងធម្មការ និងសាសនា គឺអ្នកស្រី កែវ សុធាវី សន្យាថា ប្រាក់បៀវត្សនេះនឹងត្រូវបើកឲ្យមន្ត្រីជាប់កិច្ចសន្យាក្នុងសប្ដាហ៍ខាងមុខនេះហើយ៖ «បង! កុំនេះពេក។ ខ្ញុំមិនអាចបកស្រាយនេះបានទេ តែអាទិត្យក្រោយគេបើកហើយ។ អាទិត្យក្រោយ មួយថ្ងៃពីរថ្ងៃ គឺបានហើយ»។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គិតថា បើស្ថាប័នជំនាញនៅតែបន្តមានភាពយឺតយ៉ាវផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់អ្នកបម្រើសេវានោះ ជាហេតុផលដែលជំរុញឲ្យជះឥទ្ធិពលមិនល្អ និងមានផលប៉ះពាល់ដល់គុណភាពនៃការអប់រំយូរអង្វែងនៅថ្ងៃខាងមុខ៖ «បើមិនបានយកចិត្តទុក មិនបានផ្ដល់បៀវត្សឲ្យគាត់ឲ្យបានទាន់ពេលវេលា។ អាហ្នឹងវាមានផលប៉ះពាល់ បញ្ហាបៀវត្សទៅលើសតិអារម្មណ៍ផ្លូវចិត្ត ទៅលើការផ្ទេរចំណេះដឹង។ វាប៉ះពាល់ទៅដល់អ្នកដែលទទួលបានចំណេះដឹងហ្នឹងបាទ!»។
យ៉ាងណាក៏ដោយ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាត់ទុកថា គុណភាពនៃការអប់រំសព្វថ្ងៃបានធ្លាក់ចុះ បើប្រៀបធៀបក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ ចំណែកអគារសិក្សាបានកើនឡើងព្រោងព្រាត និងសាកលវិទ្យាល័យស្អេកស្កះក៏ពិតមែន ប៉ុន្តែ នោះគឺជាការវិនិយោគលើវិស័យអប់រំប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
