ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ វិច្ឆិកា បានចេញផ្សាយសេចក្តីជូនដំណឹងបំភ្លឺលើការបែងចែកថវិកាជាតិសម្រាប់ឆ្នាំ២០១៤ ត្រង់ចំណុចថវិកាក្នុងខ្ទង់ចំណាយមិនទាន់បែងចែក ឬហៅម៉្យាងទៀតថា ជាខ្ទង់ចំណាយផ្សេងៗ។
កន្លងមក មានការផ្សាយថា គ្មានការបែងចែកច្បាស់លាស់ថវិកាក្នុងខ្ទង់ចំណាយផ្សេងៗនោះ មានទឹកប្រាក់ជាង ៦លានលានរៀល (៦.២២៤.១៧៧លានរៀល) ឬស្មើនឹង ១.៥៣៧លានដុល្លារអាមេរិក គិតទៅប្រមាណជា ៤៥,៨% នៃចំណាយថវិកាជាតិសរុប។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ទុកថា ការចុះផ្សាយនោះជាព័ត៌មានខុសពីការពិត។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា តាមពិត ថវិកាប្រមាណ ១.៥៣៧លានដុល្លារអាមេរិក នោះ សុទ្ធតែមានមុខសញ្ញាចំណាយមួយផ្នែកធំអស់ទៅហើយ។ មុខសញ្ញាចំណាយថវិកាទាំងនោះរួមមាន ទី១ ការចំណាយចរន្ត ទី២ សងការប្រាក់ ទី៣ ឧបត្ថម្ភជូនរាជធានីខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទី៤ បង្វិលសងអាករលើតម្លៃបន្ថែម ទី៥ មូលនិធិថែទាំផ្លូវថ្នល់ ទី៦ ការងារអធិបតីភាព ទី៧ ឧបត្ថម្ភធនដល់អគ្គិសនីកម្ពុជា ទី៨ ទូទាត់ប្រាក់កម្ចី ទី៩ ឲ្យអគ្គិសនីកម្ពុជាខ្ចី ទី១០ បដិភាគវិនិយោគ ទី១១ មូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានក្រៅប្រទេស ទី១២ ចំណាយជាមូលធនដោយហិរញ្ញប្បទានក្រៅប្រទេស។
ដូច្នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ជាសរុប ថវិកាមិនទាន់បែងចែកមានតែចំនួនជាង ៥១ម៉ឺនលានរៀល (៥១៥.៨៧៥លានរៀល) ឬស្មើនឹង ១២៧លានដុល្លារអាមេរិក ប៉ុណ្ណោះ គឺស្មើ ៣,៨% នៃចំណាយថ្នាក់ជាតិសរុប។ ថវិកាចំណាយថ្នាក់ជាតិនេះ ទី១ សម្រាប់ចំណាយជាផ្នែកនៃឥណទានវិនិយោគសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដូចជា ផ្លូវថ្នល់ ស្ពាន ធារាសាស្ត្រ សាលារៀន មន្ទីរពេទ្យ សំណង់អគារផ្សេងៗរបស់រដ្ឋ។ល។ ដែលត្រូវត្រៀមបម្រុងសម្រាប់អនុវត្តតាមកាលៈទេសៈចាំបាច់ រួមទាំងការខូចខាតដោយសារគ្រោះធម្មជាតិ។ ទី២ សម្រាប់ជាឥណទាននៃចំណាយចរន្ត សម្រាប់ប្រើប្រាស់ក្នុងគោលដៅ ត្រូវការជាយថាហេតុបន្ទាន់នានា ដូចជា គោលដៅមនុស្សធម៌ ដោះស្រាយផលវិបាកពីគ្រោះធម្មជាតិ និងសង្គម ការងារអធិបតីភាព និងសន្តិសុខជាតិផងដែរ។
សេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះ មិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ថា តើបណ្ដាញព័ត៌មានឈ្មោះអ្វីខ្លះដែលបានផ្សព្វផ្សាយឡើយ។
លោក សុន ឆ័យ បេក្ខជនសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ការផ្សាយរបស់បណ្ដាញសារព័ត៌មាននោះ គឺត្រឹមត្រូវមិនមែនជាការបំផ្លើសទេ ហើយរឿងនេះមិនមែនជារឿងថ្មីឡើយ ពីព្រោះក្នុងពេលអនុម័តច្បាប់ថវិកាជាតិកន្លងមក តែងមានខ្ទង់ថវិកាចំណាយមិនទាន់បែងចែកនេះក្នុងកញ្ចប់ថវិកាជាតិក្នុងចំនួនទឹកប្រាក់ដ៏ច្រើន។
លោក សុន ឆ័យ បានបន្ថែមឲ្យដឹងថា ការទុកថវិកាចំនួនច្រើនដើម្បីប្រើប្រាស់ដោយគ្មានការកំណត់ឲ្យបានច្បាស់លាស់នេះ គឺខុសពីគោលការណ៍ច្បាប់ថវិកាជាតិ។
ថវិកាចំណាយឆ្នាំ២០១៤ របស់រដ្ឋាភិបាល ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១២ វិច្ឆិកា មានចំនួនជាង ១៤លានលានរៀល (១៤.១៦៦.១៩៥លានរៀល) គឺប្រហែល ៣.៤០០លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
