ក្រសួង​ព័ត៌មាន​នឹង​ចាត់​វិធានការ​លើ​ទូរទស្សន៍​ដែល​មិន​ដូរ​ម៉ោង​ផ្សាយ​ភាពយន្ត​បរទេស

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ឲ្យ​ដឹង​ថា ក្រសួង​នឹង​ចាត់​វិធានការ​លើ​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ណា​ដែល​មិន​បញ្ឈប់​ការ​ចាក់​ផ្សាយ​ភាពយន្ត​បរទេស​ចាប់​ពី​ចន្លោះ​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ដោយ​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ​នេះ​ត​ទៅ។ ការ​ព្រមាន​នេះ នៅ​ខណៈ​ដែល​ស្ថានីយ​ទូរទស្សន៍​ទាំង​នេះ​កំពុង​តែ​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​បរទេស​ជា​រៀង​រាល់​ថ្ងៃ តែ​ក្រសួង​ព័ត៌មាន ចង់​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​វិញ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ព្រមាន​ថា បើ​ស្ថានីយ​ទូរទស្សន៍​ណា​ល្មើស​ទៅ​នឹង​ការ​សម្រេច​របស់​ក្រសួង​ព័ត៌មាន ក្រសួង​នឹង​មាន​វិធានការ​ដក​អាជ្ញាប័ណ្ណ​ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ។

ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន រូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ពិធី​បើក​សិក្ខាសាលា​បណ្តុះបណ្តាល​ស្ដីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា នា​រាជធានី​ភ្នំពេញ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ បណ្ដា​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន បាន​ឯកភាព​តាម​វិធានការ​របស់​ក្រសួង។ ប៉ុន្តែ​លោក​ថា នៅ​មាន​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន ក៏​បាន​សុំ​ឲ្យ​ក្រសួង​ពន្យារ​ពេល​ចាក់​ផ្សាយ​ភាពយន្ត​ខ្មែរ ដោយសារ​មាន​បញ្ហា​ផលិត​កម្មវិធី និង​ការ​ផ្លាស់ប្ដូរ​ម៉ោង​ផ្សាយ ពិសេស​ប្រឈម​ខ្លាំង​ជាមួយ​ក្រុមហ៊ុន​ដែល​ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ​ជាប់​កិច្ចសន្យា។

លោក​បន្ត​ថា ហេតុ​នេះ​ក្រសួង​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​ស្ថានីយ​ទាំងអស់ អាច​ពន្យារ​ពេល​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ​រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ​វិញ​ជា​កំហិត។ លោក​បន្ត​ថា បើ​ស្ថានីយ​ទូរទស្សន៍​ណា​មិន​ព្រម​អនុវត្ត និង​នៅ​តែ​ពន្យារ​ពេល​ត​ទៀត ក្រសួង​នឹង​ចាត់​វិធានការ​ណា​មួយ​សមស្រប៖ «បើ​មិន​គោរព យើង​អាច​ប្ដឹង​ទៅ​តុលាការ ឬ​មួយ​ផ្អាក​អាជ្ញាប័ណ្ណ​ដាក់​វិន័យ​ផ្សេងៗ ប៉ុន្តែ​តាម​ខ្ញុំ​ដឹង គឺ​ទូរទស្សន៍​ទាំងអស់​គាត់​យល់ព្រម នៅ​តែ​ស្ថានីយ​ទូរទស្សន៍ ភី.អ៊ិន.អ៊ិន (PNN) ដែល​គាត់​សុំ​ពន្យារ​ពេល​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ដោយសារ​គាត់​ជាប់​កុងត្រា​ជាមួយ​គេ»

ចំណែក​ឯ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក សុះ ម៉ាច មាន​ប្រសាសន៍​ថា ទោះ​ជា​វិធានការ​នេះ​ហាក់​បី​ដូចជា​យឺតយ៉ាវ​បន្តិច ប៉ុន្តែ​លោក​ថា ការ​ពន្យារ​ពេល​របស់​ក្រសួង​នៅ​ពេល​នេះ ក៏​ជា​ឱកាស​ដល់​ផលិតករ​ខ្មែរ​ផលិត​ភាពយន្ត​ឲ្យ​កាន់​តែ​មាន​ស្តង់ដារ។ លោក​រំពឹង​ថា វិធានការ​របស់​ក្រសួង​នឹង​មាន​ប្រសិទ្ធភាព ហើយ​លោក​បាន​ជំរុញ​ឲ្យ​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ទាំងអស់ មិន​ត្រូវ​បន្ត​សុំ​ពន្យារ​ពេល​ក្រសួង​ម្តង​ហើយ​ម្តង​ទៀត​នោះ​ទេ ព្រោះ​ដើម្បី​ចូលរួម​លើក​ស្ទួយ​វប្បធម៌​ខ្មែរ៖ «រាល់​បញ្ជា ឬ​វិធានការ​នានា​របស់​ក្រសួង​ព័ត៌មាន បណ្ដា​ទូរទស្សន៍​ទាំងអស់​ត្រូវ​តែ​ធ្វើ​តាម គាត់​គួរ​តែ​ប្រឹង​ផលិត​ឲ្យ​ទាន់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​គ្រប់គ្រង​ស្ថានីយ​ទូរទស្សន៍​ល្បីៗ​ក្នុង​ស្រុក អគ្គនាយក​រង​ទូរទស្សន៍​បណ្ដាញ​ជាតិ​ប្រជាជន ហៅ​កាត់​ថា ភី.អ៊ិន.អ៊ិន (PNN) លោក សោម ឆាយា ដែល​បាន​ចាក់​ផ្សាយ​ភាពយន្ត​បរទេស និង​កម្មវិធី​ល្បីៗ​នៅ​ចន្លោះ​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ដើម្បី​សួរ​ពី​វិធានការ​របស់​ក្រសួង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា។

កាល​ពី​ពេល​កន្លង​ទៅ អ្នក​គ្រប់គ្រង​ស្ថានីយ​ទូរទស្សន៍​ល្បីៗ​ក្នុង​ស្រុក ដូចជា ទូរទស្សន៍ ភី.អ៊ិន.អ៊ិន (PNN) ទូរទស្សន៍ ម៉ាយ​ធីវី (My TV) និង​ស្ថានីយ​ទូរទស្សន៍ ហង្ស​មាស (Hang Meas) បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា បណ្ដា​ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ​បាន​ចាត់​ទុក​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ជា​ម៉ោង​មាស​សម្រាប់​កម្មវិធី​ផ្សាយ​របស់​ពួក​គេ ដែល​កំពុង​ចាក់​បញ្ចាំង​រឿង​បរទេស​ល្បីៗ និង​កម្មវិធី​ផ្សេងៗ​ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា​ដែល​អាច​រក​កម្រៃ​បាន​ច្រើន។ ជាង​នេះ​ទៀត បណ្ដា​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​យល់​ថា វិធានការ​របស់​ក្រសួង​ព័ត៌មាន នៅ​ពេល​នេះ គឺ​លឿន​ពេក ដែល​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ការ​លំបាក។

កាល​ពី​ថ្ងៃ​ទី​២៥ កញ្ញា កន្លង​ទៅ ក្រសួង​ព័ត៌មាន បាន​សម្រេច​ហាម​ឃាត់​ការ​ចាក់​ផ្សាយ​ភាពយន្ត​បរទេស​គ្រប់​ប្រភេទ នៅ​តាម​កញ្ចក់​ទូរទស្សន៍​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ចន្លោះ​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ដោយ​ត្រូវ​តែ​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ​ដើម្បី​ចូលរួម​លើក​ស្ទួយ​វប្បធម៌ និង​អត្តសញ្ញាណ​ភាពយន្ត​ខ្មែរ។ ក្រសួង​ព័ត៌មាន បាន​បញ្ជា​ឲ្យ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​ទាំងអស់ ត្រូវ​តែ​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ ដូចជា​ខ្សែ​ភាពយន្ត និង​វីដេអូ​ខ្មែរ តន្ត្រី​សម័យ​បុរាណ កម្មវិធី​កម្សាន្ត​ផ្សេងៗ និង​កម្មវិធី​កីឡា​ជំនួស​វិញ។

យ៉ាង​ណា​ក៏ដោយ ផលិតកម្ម​ក្នុង​ស្រុក អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​សិល្បករ នៅ​តែ​ចង់​ឃើញ​វិធានការ​របស់​ក្រសួង​មាន​ប្រសិទ្ធភាព និង​ជំរុញ​ឲ្យ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​ទាំងអស់ ត្រូវ​គោរព​តាម​វិធានការ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។