អ្នកជាប់ឃុំទាំង ២១នាក់នៅត្រពាំងផ្លុង នឹងមានវត្តមាននៅសវនាការជំនុំជម្រះនាសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ខាងមុខ។ នេះជាការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឆ្លើយទៅនឹងការព្រួយបារម្ភរបស់សង្គមស៊ីវិល ពីសារសំខាន់នៃវត្តមានរបស់ជនជាប់ចោទក្នុងសវនាការ ដើម្បីធានាថា ជនជាប់ចោទទាំងនោះមានសិទ្ធិទទួលបានការជម្រះក្តីដោយយុត្តិធម៌។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងចាត់ចែងស្វែងរកមធ្យោបាយសម្រាប់ដឹកជនសង្ស័យទាំង ២១នាក់ ចូលក្នុងសវនាការជំនុំជម្រះឲ្យទាល់តែបាន។
មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា កន្លងទៅរថយន្តសម្រាប់ដឹកអ្នកទោសពីគុកត្រពាំងផ្លុង មកកាន់រាជធានីភ្នំពេញបានខូច នាំឲ្យអ្នកទាំងនោះអវត្តមានក្នុងសវនាការស្នើសុំនៅក្រៅឃុំ។ ប៉ុន្តែ ក្នុងសវនានៅថ្ងៃទី២៥ ខែមេសា ខាងមុខ ក្រសួងមហាផ្ទៃ នឹងចាត់វិធានការដោះស្រាយបញ្ហានេះមិនឲ្យដូចមុនឡើយ៖ «ជារឿងមួយតិចតួចណាស់ វាមិនពិបាកដោះស្រាយទេ បើអត់ដឹកក៏រកមធ្យោបាយដឹកបានទេ»។
ចំណែកឯប្រធានពន្ធនាគារ ម៣ ត្រពាំងផ្លុង លោក គៀ សុវណ្ណា ឲ្យដឹងនៅល្ងាចថ្ងៃទី១២ ខែមេសា ថា រថយន្តសម្រាប់ដឹកអ្នកទោសនៅពន្ធនាគារត្រពាំងផ្លុង មិនទាន់ជួសជុលរួចនៅឡើយ។ លោកបន្តថា លោកបានទទួលដំណឹងពីអគ្គនាយកដ្ឋានពន្ធនាគារថា នឹងចាត់ចែងដឹកអ្នកទាំង ២១នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៥ ខែមេសា ប៉ុន្តែលោកមិនហ៊ានសន្និដ្ឋានទេ ដោយរង់ចាំមើលស្ថានភាពជាក់ស្តែងនៅថ្ងៃនោះសិន។
ទាក់ទងនឹងបញ្ហានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី១១ មេសា បានផ្ញើលិខិតទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សំដែងការព្រួយបារម្ភចំពោះព័ត៌មានដែលបានលើកឡើងថា មណ្ឌលអប់រំកែប្រែម៣ ឬត្រពាំងផ្លុង ពុំមានមធ្យោបាយដឹកជញ្ជូនជនត្រូវចោទចំនួន ២១រូប មកចូលរួមសវនាការជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញបាននោះទេ។
ក្នុងលិខិតដដែលបានលើកយកមាត្រាច្បាប់មួយចំនួន ដែលបានសរសេរថា ជនជាប់ចោទត្រូវបានជំនុំជម្រះដោយមានវត្តមានរបស់ខ្លួន និងការពារខ្លួនដោយផ្ទាល់ខ្លួនឯង។ មាត្រា៣០០ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា ជនជាប់ចោទត្រូវបង្ហាញខ្លួននៅពេលសវនាការរបស់តុលាការដោយផ្ទាល់។ មាត្រា៦០ នៃច្បាប់ស្ដីពីពន្ធនាគារ បានចែងថា ជនជាប់ឃុំអាចចាកចេញពីពន្ធនាគារជាបណ្ដោះអាសន្នតាមដីកាបង្គាប់របស់តុលាការ ដើម្បីឡើងសវនាការ។
ទន្ទឹមនឹងនេះ មន្ត្រីអង្កេតជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ ស្ដីពីវត្តមានរបស់អ្នកជាប់ឃុំទាំង ២១នាក់ ក្នុងសវនាការ។ លោកបន្តថា សំណុំរឿងនេះទាក់ទងនឹងបញ្ហានយោបាយ ដែលត្រូវឲ្យអ្នកនយោបាយដោះស្រាយទើបចប់បញ្ហាបាន។ លោកបញ្ជាក់ថា វត្តមានរបស់ជនសង្ស័យក្នុងសវនាការ មានសារសំខាន់ណាស់សម្រាប់ការកាត់ក្តីដោយយុត្តិធម៌៖ «វត្តមានចាំបាច់ណាស់សម្រាប់ជនជាប់ចោទទាំង ២១នាក់ ក្នុងសវនាការ បើគ្មានវត្តមានពួកគាត់ ក៏មិនមានយុត្តិធម៌ដែរ។ វាអាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាល ខ្ញុំគិតថាដឹកទៅបាន ដឹកមកក៏បានដែរ ដឹកទៅកើតដឹកមកក៏កើតដែរ»។
កាលពីសវនាការសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ លោក វន់ ពៅ និងអ្នកផ្សេងទៀតនាពេលកន្លងទៅ ពន្ធនាគារត្រពាំងផ្លុង មិនបានដឹកជនសង្ស័យចូលរួមសវនាការនោះទេ ដោយយកលេសថា ឡានខូច។ សាច់ញាតិជនសង្ស័យ និងសង្គមស៊ីវិល បានរិះគន់ថា នេះជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានទេ។ ប៉ុន្តែ តុលាការនៅតែសម្រេចមិនឲ្យអ្នកទាំងនោះនៅក្រៅឃុំឡើយ ដោយហេតុផលរក្សាសន្តិសុខសុវត្ថិភាពសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
