ក្រសួង​មហាផ្ទៃ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ

0:00 / 0:00

ក្រសួង​មហាផ្ទៃ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ដើម្បី​ងាយ​ស្រួល​ចូលរួម​បោះ​ឆ្នោត។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ការងារ​ចរចា​នៃ​គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា ដោយ​ចែង​ច្បាប់​បោះ​ឆ្នោត​ថ្មី​ថា នឹង​យក​អត្តសញ្ញាណប័ណ្ណ​ជា​ឯកសារ​គោល​សម្រាប់​បម្រើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បោះ​ឆ្នោត។

លិខិត​អំពាវនាវ​របស់​ក្រសួង​មហាផ្ទៃ បរិយាយ​ថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជា​ឯកសារ​គតិយុត្តិ​ដ៏​សំខាន់​ចាំបាច់ សម្រាប់​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​បុគ្គល​ម្នាក់ៗ ដើម្បី​ធានា​ដល់​ការ​លើក​កម្ពស់​សិទ្ធិ សេរីភាព ផល​ប្រយោជន៍ និង​កាតព្វកិច្ច​សង្គម ជាពិសេស​ការ​អនុវត្ត​សិទ្ធិ​ខាង​នយោបាយ។

លិខិត​នេះ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​អាយុ​ចាប់​ពី ១៥​ឆ្នាំ​ឡើង​ទៅ​ដែល​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ សូម​មេត្តា​ទៅ​បំពេញ​សំណុំ​បែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ តាម​គោលដៅ​ដែល​កំណត់​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ចុះ​អន្តរាគមន៍​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​គ្រប់ៗ​គ្នា។

ប្រធាន​ក្រុម​ការងារ​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន ធ្លាប់​មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​មាន​គោលការណ៍​ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧។

ចំណែក​ឯ​ប្រធាន​ក្រុម​ការងារ​ចរចា​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ថា លោក​គាំទ្រ​ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ការ​អំពាវនាវ​នេះ។ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ថា អ្នក​ណា​ខ្លះ​ត្រូវ​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ព្រោះ​ថា កន្លង​ទៅ​ជន​អន្តោប្រវេសន៍​ជាច្រើន​អាច​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​បាន ដោយសារ​សូកប៉ាន់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណកម្ម​លោក​ឧត្តមសេនីយ៍ សុខ ផល បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

ទោះ​ជា​បែប​ណា​ក្តី ប្រធាន​បណ្ដាញ​រួបរួម​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក ប្រចាំ​នៅ​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​គួរ​ណាស់​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ជូន​ពលរដ្ឋ​ជា​មុន​សិន ទើប​មិន​មាន​បាតុភាព​នៅ​ពេល​ធ្វើ​អត្តសញ្ញាណប័ណ្ណ។ លោក​លើក​ឡើង​ថា មន្ត្រី​ដែល​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ នៅ​តែ​លម្អៀង​ទៅ​រក​អ្នក​មាន​លុយ ហើយ​ជានិច្ច​កាល​តែង​ឆ្លៀត​យក​ពេល​ចុះ​ធ្វើ​ការ​នោះ ទៅ​គោះ​យក​លុយ​ពី​ពលរដ្ឋ​ទៀត​ផង។

យ៉ាង​ណា​មិញ លិខិត​របស់​ក្រសួង​មហាផ្ទៃ មិន​បាន​បញ្ជាក់​ពី​តម្លៃ​នៃ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឡើយ។ ប្រជាពលរដ្ឋ​ប្រាប់​ថា ពួក​គាត់​ត្រូវ​បង់​ប្រាក់ ១​ម៉ឺន​រៀល ដើម្បី​អាច​បំពេញ​សំណុំ​បែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន។ ក្រសួង​មហាផ្ទៃ ក៏​មិន​បាន​ប្រកាស​ពី​លេខ​ទូរស័ព្ទ​ពិសេស​ណា​មួយ ដើម្បី​ប្រជាពលរដ្ឋ​ប្ដឹងផ្ដល់​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។