ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់ពលរដ្ឋទាំងអស់គ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររួចហើយ ប៉ុន្តែអស់សុពលភាព ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មីចាប់ពីថ្ងៃទី១ កក្កដា ដោយត្រូវបង់ប្រាក់ ១ម៉ឺនរៀលជាពន្ធអាករ។
កន្លងមក ការធ្វើអត្តសញ្ញាណប័ណ្ណមិនតម្រូវឲ្យបង់ប្រាក់ទេ ប៉ុន្តែមានការរិះគន់ពីពលរដ្ឋរស់នៅស្ទើរគ្រប់ខេត្ត ថាពួកគេត្រូវចំណាយប្រាក់ជាច្រើនឲ្យមន្ត្រីអាជ្ញាធរ ជាថ្នូរបានធ្វើអត្តសញ្ញាណប័ណ្ណមួយសន្លឹក។ ភាពមិនប្រក្រតីនៃការធ្វើប័ណ្ណសម្គាល់ខ្លួននេះ ត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដឹងឮ និងសម្រេចបង្កើតក្រុមមួយដើម្បីស្រាវជ្រាវពីករណីនេះ។
ការបង្កើតក្រុមការងារស្រាវជ្រាវភាពមិនប្រក្រតីការងារស្ថិតិ និងអត្តសញ្ញាណប័ណ្ណនៅពេលនេះ ដើម្បីជាការឆ្លើយតបចំពោះការរិះគន់របស់ពលរដ្ឋ ដែលចោទថា ការធ្វើអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ តែងមានភាពយឺតយ៉ាវ ប្រសិនបើមិនបង់ប្រាក់ឲ្យមន្ត្រីជំនាញទេនោះ។
ក្រុមការងារនេះ បង្កើតឡើងកាលពីថ្ងៃទី២ មិថុនា ដោយសម្រេចតែងតាំងអគ្គនាយករងអត្តសញ្ញាណកម្ម លោក ថោង សំអាត ជាប្រធាន ហើយ លោក ប៉ែន វិបុល អនុប្រធាននាយកដ្ឋានបុគ្គលិក ជាអនុប្រធានក្រុមការងារនេះ។ យ៉ាងណា ក្នុងលិខិតនោះតម្រូវឲ្យស្រាវជ្រាវតែនៅក្នុងខេត្តកំពង់ចាម។ ដោយឡែកនៅតាមបណ្ដាខេត្តផ្សេងទៀត មិនមានលិខិតសម្រេចឲ្យបើកការស៊ើបអង្កេតនៅឡើយទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា នៅខេត្តកំពង់ចាម មានព័ត៌មានអាស្រូវធ្ងន់ធ្ងរពាក់ព័ន្ធការងារស្ថិតិ និងការធ្វើអត្តសញ្ញាណប័ណ្ណ ដែលទាមទារឲ្យមានគណៈកម្មការមួយស្រាវជ្រាវឲ្យបានល្អិតល្អន់ និងច្បាស់លាស់។
«សំឡេង»
ការទារកម្រៃក្រៅសេវាក្នុងការធ្វើស្ថិតិ និងការងារអត្តសញ្ញាណប័ណ្ណ ត្រូវមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកថាជាអំពើខុសច្បាប់ និងព្រមាន ហើយដាស់តឿនមន្ត្រីក្រោមឱវាទ ត្រូវបញ្ចៀសសកម្មភាពទាំងនោះជាដាច់ខាត។ មន្ត្រីដែលជាប់ជំពប់នឹងរឿងនេះ អាចត្រូវដកហូតពីតួនាទី ឬករណីណាធ្ងន់ធ្ងរពាក់ព័ន្ធអំពើពុករលួយ និងស៊ីសំណូក អាចត្រូវបញ្ជូនទៅតុលាការ។
ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ តទៅ រាល់ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តម្រូវឲ្យបង់ប្រាក់ ១ម៉ឺនរៀល ជាថ្លៃពន្ធអាករ។ មានសំណួរចោទសួរថា នៅពេលដែលក្រសួងមហាផ្ទៃ មិនយកថ្លៃសេវាធ្វើអត្តសញ្ញាណប័ណ្ណ ជាក់ស្តែងពលរដ្ឋបានចំណាយប្រាក់យ៉ាងតិច ១ម៉ឺនរៀលក្នុងម្នាក់ ទៅឲ្យសមត្ថកិច្ចជាថ្នូរបានធ្វើអត្តសញ្ញាណប័ណ្ណ ចុះទម្រាំតែរដ្ឋតម្រូវយកថ្លៃ ១ម៉ឺនរៀល តើជាក់ស្តែងនោះពលរដ្ឋត្រូវចំណាយប្រាក់ប៉ុន្មានសម្រាប់ធ្វើកាតសម្គាល់ខ្លួនមួយនេះ?
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង គិតថា របត់ថ្មីដែលរដ្ឋាភិបាលតម្រូវយកប្រាក់ថ្លៃធ្វើអត្តសញ្ញាណប័ណ្ណ អាចធ្វើឲ្យពលរដ្ឋក្រីក្ររស់នៅចុងកាត់មាត់ញក ដែលរកចំណូលមិនបានមួយដុល្លារក្នុងមួយថ្ងៃ អាចនឹងលះបង់ការធ្វើអត្តសញ្ញាណប័ណ្ណ។
«សំឡេង»
លោកបញ្ជាក់ថា ពលរដ្ឋក្រីក្រ គឺមិនមែនមានន័យថា ពួកគេត្រូវបាត់បង់សិទ្ធិទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយអត់សញ្ជាតិទេ។ រដ្ឋាភិបាលត្រូវធានាខុសត្រូវក្នុងការផ្តល់លិខិតស្នាមទាំងនោះដោយឥតគិតថ្លៃ។
ពលរដ្ឋម្នាក់នៅខេត្តព្រះសីហនុ ឈ្មោះ ឌី ឲ្យដឹងថា លោកទើបតែធ្វើអត្តសញ្ញាណប័ណ្ណថ្មីកាលពីជាងកន្លះខែមុន នៅស្នងការនគរបាលខេត្ត បន្ទាប់ពីអត្តសញ្ញាណប័ណ្ណចាស់របស់លោកផុតសុពលភាព។ លោកធ្វើមុនការកំណត់យកថ្លៃពីក្រសួង ប៉ុន្តែលោកសង្កេតឃើញថា ពលរដ្ឋជាច្រើនដែលទៅធ្វើអត្តសញ្ញាណប័ណ្ណ នៅតែត្រូវចំណាយលុយពី ១ ទៅ ២ម៉ឺនរៀល ទៅឲ្យមន្ត្រីជំនាញទាំងនោះ។
លោកបញ្ជាក់ថា អ្នកជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណមិនបានទារប្រាក់ពីពលរដ្ឋទេ ប៉ុន្តែបង្កការលំបាកដល់ពលរដ្ឋ ដូចជា ឲ្យពលរដ្ឋឈរគ្មានរបៀបរៀបរយ អ្នកខ្លះមកក្រោយគេ តែដណ្ដើមឈរមុខ ហើយខ្លះទៀតមកក្រោយគេ តែបានធ្វើមុន ដោយមានភ្ជាប់លុយទ្រនាប់ដៃខ្លះឲ្យមន្ត្រីទាំងនោះ ហើយអ្នកដែលមិនមានលុយទេនោះ ត្រូវឈរតម្រង់ជួរចាំធ្វើ ៤ ទៅ ៥ថ្ងៃទើបបាន។
«សំឡេង»
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀតសូមមិនបញ្ចេញឈ្មោះ នៅឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលទើបតែធ្វើអត្តសញ្ញាណប័ណ្ណកាលពីចុងខែឧសភា កន្លងទៅ នៅវត្តឃុំបាក់ដាវ ឲ្យដឹងថា សមត្ថកិច្ចបង្កបញ្ហាជាច្រើនក្នុងពេលធ្វើអត្តសញ្ញាណប័ណ្ណ ដូចជា មិនចែកលិខិតបំពេញទម្រង់បែបបទ ធ្វើការយឺតយ៉ាវ បើសិនបង់ថ្លៃសគុណ ឬប្រាក់ទ្រនាប់ដៃ មិនផ្តល់អាទិភាពដល់អ្នកមកមុន និងបើកដៃទទួលប្រាក់សំណូកពីពលរដ្ឋ។
«សំឡេង»
ករណីខ្លះទៀត ពលរដ្ឋរាយការណ៍ថា មន្ត្រីចុះធ្វើអត្តសញ្ញាណប័ណ្ណតែងចែកលិខិតបំពេញបែបបទ ប៉ុន្តែពេលពលរដ្ឋសរសេរបំពេញ សមត្ថកិច្ចតែងសាញថាខុសនេះខុសនោះ គឺទាល់តែឲ្យសមត្ថកិច្ចបំពេញឲ្យ រួចជូនថ្លៃទឹកប៊ិច ឬទឹកតែ ទើបលិខិតនោះត្រូវប្រើការបាន។
ជុំវិញបញ្ហានេះ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងថា ចាប់ពីថ្ងៃទី១ កក្កដា ទៅ ការបង់ថ្លៃសេវា ១ម៉ឺនរៀល ជាការទទួលស្គាល់តាមផ្លូវច្បាប់ ដោយពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណនឹងទទួលបានវិក្កយបត្រពីការចំណាយទាំងនោះទៅក្នុងថវិកាជាតិ។ លោកពន្យល់ថា ការបង់ថ្ងៃក្រៅផ្លូវការលើសពី ១ម៉ឺនរៀល គឺអ្នកបង់ និងអ្នកទទួល ត្រូវមានទោសដូចគ្នា។
លោក ខៀវ សុភ័គ បន្តថា ចំពោះថ្លៃសេវា ១ម៉ឺនរៀលមិនថ្លៃពេកទេចំពោះពលរដ្ឋក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ។ លោកបន្ថែមថា ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ គឺពលរដ្ឋត្រូវមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណឥតគិតថ្លៃដូចពីមុន វាហាក់ដូចជាហួសសម័យ ឬទាល់តែប្រទេសប្រកាន់របបកុម្មុយនីស្តដូចសម័យ ប៉ុល ពត ទើបខ្ទាស់មិនចង់បង់ពន្ធអាករជូនរដ្ឋ។
«សំឡេង»
ស្ថិតិពីក្រសួងមហាផ្ទៃ ឲ្យដឹងថា ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ទាំងពលរដ្ឋគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទាំងពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ ប៉ុន្តែអស់សុពលភាព ៥លាននាក់ ត្រូវធ្វើអត្តសញ្ញាណប័ណ្ណថ្មី។ ចំពោះអត្តសញ្ញាណប័ណ្ណពលរដ្ឋដែលផុតសុពលភាពត្រឹមឆ្នាំ២០១៣ ខាងក្រសួងមហាផ្ទៃ ពន្យារឲ្យប្រើប្រាស់រហូតដល់ឆ្នាំ២០១៨ ឬមានន័យថា ពួកគាត់អាចស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណថ្មីក៏បាន ឬក៏បន្តប្រើអត្តសញ្ញាណប័ណ្ណចាស់នោះសិនក៏បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។