ក្រសួង​គ្រោង​ប្រជុំ​ថ្នាក់​ជាតិ​ពិភាក្សា​ពី​ការ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​កាត់​ដេរ

0:00 / 0:00

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ សម្រេច​បើក​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ត្រី​ភាគី​ថ្នាក់​ជាតិ​មួយ ស្ដីពី​ការ​ពង្រឹង​ដំណើរ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​នៅ​កម្ពុជា រយៈពេល​២​ថ្ងៃ ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៥ មេសា នៅ​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ។ ភាគី​ដែល​ចូល​រួម​នោះ​រួម​មាន ខាង​រដ្ឋាភិបាល ក្រុម​និយោជក និង​តំណាង​ក្រុម​កម្មករ។

មេ​ដឹក​នាំ​ខ្លះ​នៃ​សហព័ន្ធ​សហជីព​ធំៗ​ចំនួន​៨ ដែល​ប្រឆាំង​ទាមទារ​សុំ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​ដល់ ១៦០​ដុល្លារ ត្រូវ​បាន​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ អញ្ជើញ​ឲ្យ​ចូល​រួម​សិក្ខា​សាលា​ពិភាក្សា​លើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​កំណត់​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ ក្នុង​វិស័យ​កាត់​ដេរ។

ក្រសួង​ការងារ​បាន​ចេញ​លិខិត​អញ្ជើញ​មួយ​ទៅ លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ កាល​ពី​ថ្ងៃ​ទី​២១ មេសា អញ្ជើញ​ឲ្យ​លោក​ចូល​រួម​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ត្រី​ភាគី​ថ្នាក់​ជាតិ ស្ដីពី​ការ​ពង្រឹង​ដំណើរ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៥ មេសា។ រីឯ លោកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ នៃ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា ស្ថិត​ក្នុង​ចង្កោម​ក្រុម​សហព័ន្ធ​សហជីព​ដែល​ទាមទារ​សុំ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​ដល់ ១៦០​ដុល្លារ​នោះ ក៏​ត្រូវ​បាន​ក្រសួង​ការងារ​អញ្ជើញ​តាម​ទូរស័ព្ទ​ឲ្យ​ចូល​រួម​សិក្ខា​សាលា​នោះ​ដែរ។ ដោយ​ឡែក លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ស៊ីខាវឌូ (CCAWDA) លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​សិក្ខា​សាលា​នេះ​ទេ។

លោកស្រី យ៉ាង សុភ័ណ្ឌ ឲ្យ​ដឹង​ថា អង្គការ​អន្តជាតិ​ខាង​ការងារ អាយ​ឡូ (ILO) បាន​អញ្ជើញ​លោកស្រី​ឲ្យ​ចូល​រួម​ប្រជុំ​នៅ​អង្គការ​នេះ​ជាមួយ​ក្រុម​សហព័ន្ធ​សហជីព​ជាច្រើន​ទៀត ជជែក​គ្នា​លើ​ចំណុច​សំខាន់​ខ្លះ​នៃ​ការ​កែ​ទម្រង់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ មុន​នឹង​សិក្ខា​សាលា​ថ្នាក់​ជាតិ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៤។ លោកស្រី​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដែល​មាន​ការ​រើសអើង​សហជីព​មួយ​ចំនួន ហើយ​មិន​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​សិក្ខា​សាលា​នោះ៖ «សម្រាប់​ខ្ញុំ​ខ្លួន​ឯង​មិន​ដឹង​ថា​នេះ​ជា​ចេតនា​របស់​ក្រសួង ឬ​ក៏​យ៉ាង​ម៉េច​ទេ ដែល​អញ្ជើញ​ខាង​ខ្ញុំ។ ប៉ុន្តែ​បើ​មាន​ការ​ជជែក​គ្នា​ពី​រឿង​ប្រាក់​ឈ្នួល មាន​ការ​កំណត់​ប្រាក់​ឈ្នួល​ទូទាំង​ប្រទេស គួរ​តែ​មិន​ប្រកាន់​ពី​រឿង​សហជីព​ណា​មួយ​ទេ ត្រូវ​តែ​អញ្ជើញ​សហជីព​ទាំងអស់​ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ»

រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក អ៊ុំ មាន មិន​បាន​ពន្យល់​ពី​ការ​អញ្ជើញ​ចោះៗ​ចំពោះ​មេ​ដឹក​នាំ​ដែល​ប្រឆាំង​នឹង​ការ​សម្រេច​ជា​ឯកតោ​ភាគី​របស់​ក្រសួង​ការងារ ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​ត្រឹម ១០០​ដុល្លារ​នោះ​ទេ។ លោក​គ្រាន់​តែ​ប្រាប់​ថា សិក្ខា​លើក​នេះ​ធ្វើ​ឡើង​ទ្រង់ទ្រាយ​ធំ មាន​ទាំង​ភាគី​រដ្ឋាភិបាល ក្រុម​និយោជក និង​ក្រុម​សហជីព​ជា​តំណាង​កម្មករ ពិសេស​មាន​ការ​ចូល​រួម​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ ដើម្បី​ពិភាក្សា​ពី​នីតិវិធី​នៃ​ការ​រៀប​ចំ​ប្រាក់​ឈ្នួល​អប្បបរមា​ទៅ​ថ្ងៃ​មុខ ដោយ​ភាគី​កម្មករ និង​ថៅកែ​ទទួល​យក​បាន​ទាំង​សង​ខាង៖ «យើង​អញ្ជើញ​ឲ្យ​មាន​ការ​ចូល​រួម​ពី​អង្គការ​អាយឡូ ដែល​ជា​អ្នក​ជំនាញ។ យើង​បាន​ពិភាក្សា និង​ឯកភាព​គ្នា​រួច​ហើយ ទើប​បង្កើត​ជា​ការ​ជួប​ជុំ​គ្នា​ឡើង ដើម្បី​ពិភាក្សា​អំពី​នីតិវិធី​របៀប​របប​ធ្វើ​ការងារ​រៀប​ចំ​ប្រាក់​ឈ្នួល​ការងារ»

ជុំវិញ​បញ្ហា​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា គ្រោង​នឹង​ចូល​រួម​តាម​ការ​អញ្ជើញ​របស់​ក្រសួង​ការងារ ប៉ុន្តែ​លោក​គិត​ថា សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្ដីពី​ពង្រឹង​ដំណើរ​ការ​កំណត់​ប្រាក់​ឈ្នួល​នេះ គឺ​ជា​ជំហាន​ដំបូង​នៃ​ការ​ចាប់​ផ្តើម​សិក្សា​ពី​នីតិវិធី​កំណត់​ប្រាក់​ឈ្នួល ដែល​ត្រូវ​អូស​បន្លាយ​ពេល​សិក្សា​យូរ ហើយ​ហាក់​យឺតយ៉ាវ​សម្រាប់​ការ​ឆ្លើយ​តប​ចំពោះ​តម្រូវ​ការ​ដំឡើង​ប្រាក់​ខែ​គោល​ដល់​កម្មករ។

ក្រុម​សហព័ន្ធ​សហជីព​មួយ​ចំនួន​ដែល​គាំទ្រ​ចំពោះ​ការ​សម្រេច​របស់​ក្រសួង​ការងារ លើ​ការ​កំណត់​ប្រា​ក់ខែ​គោល ១០០​ដុល្លារ ដូច​ជា លោក សោម អូន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា ក៏​ត្រូវ​បាន​ក្រសួង​អញ្ជើញ​ឲ្យ​ចូល​ប្រជុំ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។