ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមានលោក ស្រី ចំរើន និងកញ្ញា ធី សុណ្ណថា អោយបញ្ឈប់សកម្មភាពសហជីពដោយពុំស្របច្បាប់។
លិខិតចុះថ្ងៃទី២៩ ខែកក្កដា របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា លោក ស្រី ចំរើន និងកញ្ញា ធី សុវណ្ណថា បានប្រព្រឹត្តផ្ទុយពីច្បាប់ស្ដីពីសហជីព។ ក្រសួងនេះទាមទារអោយអ្នកទាំង២ បញ្ឈប់សកម្មភាពបន្ទាន់។ ប្រសិនបើនៅបន្តសកម្មភាព ក្រសួងអាចនឹងចាត់វិធានការទៅតាមច្បាប់ស្ដីពីសហជីព។
លិខិតបន្តថា ការព្រមាននេះក្រសួងបានយោងតាមច្បាប់សហជីពដែលថា បុគ្គលដែលធ្វើសកម្មភាពសហជីព ឬសមាគមនិយោជកដោយមិនបានចុះបញ្ជី និងធ្វើសកម្មភាពក្រៅដែនអនុវត្តតាមទីតាំងភូមិសាស្ត្រ ឬតាមវិជ្ជាជីវៈ ឬតាមវិស័យដែលបានកំណត់ក្នុងលក្ខន្តិកៈរបស់ខ្លួន នឹងត្រូវរងវិធានការរដ្ឋបាល និងពិន័យអន្តរការណ៍។
ការព្រមាននេះ បន្ទាប់ពីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានដាក់លិខិតមួយទៅក្រសួងការងារ កាលពីថ្ងៃទី២៧ ខែកក្កដា ដោយស្នើអោយក្រសួងចាត់វិធានការចំពោះលោក ស្រី ចំរើន និងកញ្ញា ធី សុវណ្ណថា ដែលត្រូវសង្ស័យថា បានធ្វើសកម្មភាពដោយពុំមានការអនុញ្ញាតតាមច្បាប់សហជីព។
កាលពីថ្ងៃទី២៤ ខែកក្កដា លោក ស្រី ចំរើន ដែលអះអាងថាជាតំណាងអោយកម្មករប្រមាណ ១០០នាក់ បានដាក់ញត្តិទៅរដ្ឋសភាប្រឆាំងនឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចំពោះការចោទប្រកាន់ថា លោកបានស្នើសុំអោយសហភាពអឺរ៉ុបបញ្ឈប់ការនាំចូលសំលៀកបំពាក់ពីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
