ពលរដ្ឋ​នៅ​មណ្ឌលគិរី​ប្រមាណ​៥០០​នាក់​តវ៉ា​សុំ​បញ្ចុះ​ថ្លៃ​ភ្លើង

ប្រជាពលរដ្ឋ​នៅ​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ប្រមាណ ៥០០​នាក់ នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នាំ​គ្នា​មក​តវ៉ា​ជា​ថ្មី​នៅ​មុខ​សាលា​ខេត្ត សុំ​ឲ្យ​បញ្ចុះ​តម្លៃ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ពី ១.៥០០​រៀល មក​ត្រឹម ៥០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង។
ដោយ រដ្ឋា វីសាល
2013-02-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តវ៉ា ភ្លើង មណ្ឌលគិរី ៣០៥
ទិដ្ឋភាព​ប្រជាពលរដ្ឋ​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​មណ្ឌលគិរី សុំ​បញ្ចុះ​តម្លៃ​ថាមពល​អគ្គិសនី នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Ratha Visal

នេះ​ជា​លើក​ទី​២​ហើយ​ដែល​ប្រជាពលរដ្ឋ​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ក្នុង​ខែ​កុម្ភៈ បន្ទាប់​ពី​ខិត្តប័ណ្ណ​អនាមិក​សុំ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​តវ៉ា​នេះ ត្រូវ​គេ​បាច​ផ្សព្វផ្សាយ​នៅ​ក្រុង​សែនមនោរម្យ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​ស្រែក​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចេញ​មក​ដោះស្រាយ​បញ្ហា​តាម​ពេល​វេលា​ដែល​ប្រជាពលរដ្ឋ​បាន​កំណត់ កាល​ពី​សប្ដាហ៍​មុន។

លោក​បន្ត​ថា អភិបាល​រង​ខេត្ត អ្នកស្រី អាយស៊ី សុគន្ធារី បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា នៅ​សប្ដាហ៍​ក្រោយ​អ្នកស្រី​នឹង​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ៖ «គាត់​មក​តវ៉ា​អត់​មាន​ប្រើ​ហិង្សា​អ្វី​ទេ គាត់​មក​គ្រាន់​តែ​ស្រែក​ឡូឡា​សុំ​ឲ្យ​ថ្នាក់​ខេត្ត​ជួយ​អន្តរាគមន៍​ឲ្យ​គាត់។លោក​អភិបាល​ខេត្ត​អត់​នៅ​ទេ អ៊ីចឹង​បាន​អ្នកស្រី​អភិបាល​រង​ហ្នឹង​គាត់​មក​ជួប​ប្រជាពលរដ្ឋ មក​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ។ គាត់​ថា កុំ​អាល​នាំ​គ្នា​បង្កើត​បាតុកម្ម​អ្វី​វែង​ឆ្ងាយ​ណា! គាត់​សន្យា​ដោះស្រាយ​ឲ្យ​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ»

មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​ឲ្យ​ដឹង​ដែរ​ថា ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​៣ ហើយ ដែល​មន្ត្រី​អាជ្ញាធរ​ខេត្ត​បាន​សន្យា​ដូច​គ្នា​នេះ។ ប្រជាពលរដ្ឋ​ព្រមាន​ថា នៅ​ដើម​សប្ដាហ៍​ក្រោយ​ពួក​គេ​ធ្វើ​ការ​តវ៉ា​ខ្លាំង​ថែម​ទៀត​ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​មិន​គោរព​តាម​ការ​សន្យា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល