ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្ដើមមានវិធានការត្រួតពិនិត្យបញ្ជីឈ្មោះបុគ្គលិក និងមន្ត្រីក្រោមឱវាទ ដើម្បីឈានទៅសម្អាតបញ្ជីនេះកុំឲ្យមានឈ្មោះខ្មោច ដែលមានតែឈ្មោះបើកប្រាក់ខែពីរដ្ឋ តែពុំមានមនុស្សពិតប្រាកដមកធ្វើការ។
វិធានការនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានបោសសម្អាតឈ្មោះខ្មោចនៅតាមស្ថាប័នរដ្ឋទូទាំងប្រទេស ក្នុងរយៈពេលប្រមាណជា៣ខែខាងមុខទៀតនេះ។
ក្រសួងអប់រំ ជាស្ថាប័នមួយស្ថិតក្នុងចំណោមស្ថាប័នរដ្ឋជាច្រើនទៀត ដែលមជ្ឈដ្ឋានទូទៅធ្វើការសន្និដ្ឋានថា អាចមានឈ្មោះបុគ្គលិកខ្មោច ឬមន្ត្រីខ្មោចច្រើនជាងគេ។
ស្របពេលគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បញ្ជាក់នៅថ្ងៃទី២៦ សីហា ថា ដើម្បីជម្រះនូវមន្ទិលសង្ស័យទាំងនេះ និងជាការឆ្លើយតបក្នុងការចូលរួមគាំទ្របេសកកម្មរបស់អង្គភាពប្រឆាំងអំពើពុករលួយនោះ លោកបានដាក់ចេញនូវសេចក្តីណែនាំទៅអ្នកគ្រប់គ្រងគ្រប់អង្គភាពទាំងអស់ ដែលនៅក្រោមឱវាទរបស់ក្រសួងអប់រំ រួមទាំងសាលារដ្ឋផងដែរ ឲ្យពិនិត្យបញ្ជីឈ្មោះឡើងវិញ ព្រមទាំងប្រកាសឈ្មោះដែលមិនមានមនុស្សមកធ្វើការ តែនៅបើកប្រាក់ខែជាប្រចាំ ឬមានអ្នកបើកប្រាក់ខែជំនួសនោះ។
លោក ហង់ ជួនណារ៉ុន៖ «ពីព្រោះគ្រប់ប្រធានអង្គភាពនីមួយៗជាអ្នកគ្រប់គ្រងផ្ទាល់ អ៊ីចឹងខ្ញុំបានដាក់ចេញនូវវិធានការរឹង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលឯកឧត្តមទេសរដ្ឋមន្ត្រីលោកបានដាក់ចេញ។ អ៊ីចឹង ខ្ញុំបានរៀបចំរួចហើយ ហើយខ្ញុំនឹងជំរុញថែមទៀតនូវវិធានការទាំងហ្នឹង ដើម្បីធានាឲ្យមានតម្លាភាពនៅក្នុងការគ្រប់គ្រងមន្ត្រី ជាពិសេសគ្រប់គ្រងគ្រូជាដើមបាទ»។
អង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានប្រកាសថានឹងធ្វើយុទ្ធនាការស្វែងរកឈ្មោះ ឬមន្ត្រីខ្មោច ដែលនៅទទួលប្រាក់ខែពីស្ថាប័នរដ្ឋ តែគ្មានមនុស្សធ្វើការនៅពេលឆាប់ៗខាងមុខ។ ស្ថាប័ននេះ បានទុករយៈពេលឲ្យ ៣ខែ គឺចាប់ពីខែកញ្ញា ដល់ខែធ្នូ ចុងឆ្នាំ២០១៤ នេះ សម្រាប់ឲ្យក្រសួងនានា សម្អាតបញ្ជីឈ្មោះ និងឲ្យមន្ត្រីខិលខូចមានឱកាសកែខ្លួនឲ្យរួចពីការចោទប្រកាន់។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រកាសចាត់វិធានការករណីឈ្មោះខ្មោចក្នុងស្ថាប័នរដ្ឋនេះ ដោយលោកចាត់ទុកថា ជាករណីពុករលួយធំមួយដែលត្រូវចាត់វិធានការជាបន្ទាន់៖ «អ៊ីចឹងយើងគិតថា យុទ្ធនាការទី៤ខាងមុខនេះ គឺជាយុទ្ធនាការមួយចាប់ខ្មោច...ពុករលួយ បានន័យថា ខ្លួនខ្មោច ខ្លួននៅទទួលយកប្រាក់ខែ ដូច្នេះលើកនេះយើងចាប់ខ្មោចម្ដង។ មានន័យថា បញ្ហាសាមញ្ញទេ គឺអ្នកដែលរក្សាក្របខ័ណ្ឌខ្មោចនេះទុក ហើយយកលុយរបស់ជាតិ យកដាក់ហោប៉ៅខ្លួនឯង អ្នកនោះត្រូវតែប្រឈមមុខនឹងការកេងយកផលប្រយោជន៍ដោយខុសច្បាប់»។
លោក ឱម យ៉ិនទៀង ថ្លែងបែបនេះក្នុងកិច្ចពិគ្រោះយោបល់រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងវិស័យឯកជន នៅការិយាល័យប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៥ ខែសីហា។ លោកបញ្ជាក់ថា មន្ត្រីណាដែលមានជាប់ពាក់ព័ន្ធក្នុងរឿងនេះ អាចមានទោសដាក់ពន្ធនាគាររយៈពេលពីរឆ្នាំ បើសិនជារកឃើញថាមានកំហុស។
អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសព័ត៌មាននេះជាផ្លូវការទៅគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់រួចកាលពីសប្ដាហ៍មុននេះ។
លោក ឱម យ៉ិនទៀង បញ្ជាក់បន្ថែមទៀតថា ស្ថាប័នលោកនឹងធ្វើកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ដើម្បីអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាព៖ «ហើយទាំងបីស្ថាប័ន យើងខ្ញុំនឹងធ្វើកិច្ចការនេះយ៉ាងតឹងតែង យ៉ាងម៉ត់ចត់ មិនមានការលើកលែងទេ ប៉ុន្តែយើងទុកពេលឲ្យគាត់ហើយ សុំឲ្យលុបចេញហើយ ហើយផុតរយៈពេល៣ខែ ពួកយើងខ្ញុំចុះទៅធ្វើហើយ យើងខ្ញុំទៅឆែកមើលការិយាល័យណា ការិយាល័យនោះមានខ្មោច ប្រធានការិយាល័យនោះទទួលខុសត្រូវ ហើយបើប្រធានការិយាល័យនោះឆ្លើយថា លុយហ្នឹងវាពាក់ព័ន្ធដល់ថ្នាក់ណាទៀត អាហ្នឹងយើងអញ្ជើញដល់ថ្នាក់ហ្នឹងទៀត»។
ចំណែកសង្គមស៊ីវិល ដែលធ្វើការឃ្លាំមើលអំពើពុករលួយ បានស្វាគមន៍ចំពោះវិធានការនេះ ប៉ុន្តែសុំឲ្យស្ថាប័នទាំងនេះធ្វើការងារដោយតម្លាភាព និងមានប្រសិទ្ធភាព។
ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ អ្នកស្រី ម៉ម ស៊ីថា បង្ហាញការគាំទ្រចំពោះយុទ្ធនាការនេះ បើសិនជាអង្គភាពប្រឆាំងអំពើពុករលួយមានឆន្ទៈធ្វើពិតប្រាកដមែន និងឈរលើភាពត្រឹមត្រូវ និងយុត្តិធម៌នោះ៖ «ព្រោះយើងក៏ចាប់អារម្មណ៍នឹងមន្ត្រីខ្មោចហ្នឹងដែរ ព្រោះវាពាក់ព័ន្ធដល់ការចំណាយថវិការបស់ជាតិ ប៉ុន្តែធ្វើម៉េចឲ្យមានការលុបអោយរលូន កុំបានតែថា កុំបានតែប្រកាស បានតែប្រយុយ ចង់បានឲ្យមានការអនុវត្តជាក់លាក់ប្រកបដោយប្រសិទ្ធភាព អាហ្នឹងគាំទ្រពេញទំហឹងតែម្តង»។
អ្នកស្រីបន្តថា កន្លងមករដ្ឋាភិបាលធ្លាប់បានធ្វើជំរឿនមន្ត្រីរាជការ ដើម្បីលុបបំបាត់ឈ្មោះខ្មោចនេះ ប៉ុន្តែធ្វើទៅពុំមានប្រសិទ្ធភាព ដោយសារពុំមានគោលការណ៍ច្បាស់លាស់ និងមានការអនុវត្តច្បាប់មិនស្មើភាពគ្នា ធ្វើឲ្យបញ្ហាឈ្មោះខ្មោចនោះមិនអាចលុបបាន ហើយវាបានធ្វើឲ្យខាតបង់ថវិកាជាតិរាប់ពាន់លានរៀលក្នុងមួយឆ្នាំៗទៅលើមន្ត្រីខ្មោចទាំងនោះ៖ «កន្លងមកឃើញថា មានការរើសអើងក្នុងការអនុវត្ត អ៊ីចឹងធ្វើឲ្យការអនុវត្តវាអត់បានរលូនទៅតាមច្បាប់ប្រឆាំងអំពើពុករលួយ វានៅមានការខ្វះចន្លោះ ធ្វើឲ្យការអនុវត្តច្បាប់នៅមានបញ្ហា ហើយនៅមានកម្រិតទៅទៀត»។
មន្ត្រីរាជការខ្លះថ្លែងបង្ហាញថា ពួកគេមិនចង់ពាក់ព័ន្ធនឹងឈ្មោះខ្មោចនោះទេ ប៉ុន្តែនៅពេលដាក់ពាក្យលាឈប់ហើយ ប្រធានអង្គភាពមិនព្រមលុបឈ្មោះទេ ដោយទុកបើកប្រាក់ខែយកខ្លួនឯង។ ចំណែកអ្នកខ្លះទៀតមិនចង់ធ្វើការទេ តែនៅចង់រក្សាឈ្មោះក្នុងក្របខ័ណ្ឌរដ្ឋ និងមុខតំណែង ដើម្បីជាទុនរកស៊ី ឬទៅធ្វើការក្រុមហ៊ុនឯកជន ឬអង្គការក្រៅរដ្ឋាភិបាល ដោយទុកប្រាក់ខែនោះឲ្យមេជាអ្នកបើកជំនួស។
ទោះយ៉ាងណា ទាំងរដ្ឋាភិបាល អង្គភាពប្រឆាំងអំពើពុករលួយ និងសង្គមស៊ីវិល មិនទាន់អាចប៉ាន់ស្មានបានថា សព្វថ្ងៃអាចមានឈ្មោះខ្មោចប៉ុន្មាន និងត្រូវខាតបង់ទឹកប្រាក់ប៉ុន្មានច្បាស់លាស់នោះទេ។
សម្រាប់ក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានឲ្យដឹងថា បុគ្គលិកមន្ត្រីរាជការដែលមានឈ្មោះក្នុងបញ្ជីបើកប្រាក់ខែក្នុងក្រសួងនេះ មានចំនួនជាង ១សែន ១ម៉ឺននាក់ ប៉ុន្តែលោកមិនទាន់ដឹងថា ចំនួននេះមានឈ្មោះខ្មោចប៉ុន្មាននោះទេ។ លោកឲ្យដឹងទៀតថា កន្លងមក ឈ្មោះខ្មោចបានកាត់មួយចំនួនរួចហើយ តាមរយៈការប្ដូរប្រព័ន្ធបើកប្រាក់ខែនៅតាមធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
