រហូតមកទល់នឹងឆ្នាំ២០១១ អាជ្ញាធរពាក់ព័ន្ធបានទិញថាមពលអគ្គិសនីបន្ថែមទៀតពីប្រទេសវៀតណាម មកបំពេញការប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ក៏ប៉ុន្តែប្រជាពលរដ្ឋត្អូញត្អែរថាតម្លៃលក់ថាមពលអគ្គិសនីមានតម្លៃ ថ្លៃ។
មន្ត្រីអាជ្ញាធរខេត្តមណ្ឌលគិរី បានជូនដំណឹងអ្នកស្រុកមកតវ៉ាចំពោះតម្លៃអគ្គិសនីថា មូលហេតុដែលបណ្ដាលឲ្យថ្លៃអគ្គិសនីខ្ពស់ មកពីម៉ាស៊ីនផលិតនោះប្រើប្រេង មិនមែនប្រើអគ្គិសនីដែលផលិតបានពីវារីអគ្គិសនីទាំងស្រុងនោះទេ។
មនុស្សប្រមាណ ១០០នាក់នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ នាំគ្នាមកតវ៉ានៅមុខសាលាខេត្តមណ្ឌលគិរី ទាមទារសុំឲ្យបញ្ចុះតម្លៃប្រើប្រាស់ថាមពលអគ្គិសនី ដែលមានតម្លៃថ្លៃខ្ពស់ជាងគេនៅក្នុងតំបន់។
អ្នកតវ៉ាមួយរូបរស់នៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ គឺលោក វណ្ណ លាង មានប្រសាសន៍បញ្ជាក់ថា ការតវ៉ារបស់ប្រជាពលរដ្ឋមិនទាន់មានលទ្ធផលនៅឡើយទេ ដោយសារតែមន្ត្រីអាជ្ញាធរ និងតំណាងក្រុមហ៊ុនអគ្គិសនីខេត្តអះអាងថានឹងទទួលយកសំណើរបស់ ប្រជាពលរដ្ឋ ដាក់ជូនទៅអាជ្ញាធរអគ្គិសនីដោះស្រាយ។ លោកបន្តថា ប្រជាពលរដ្ឋទាមទារសុំឲ្យបញ្ចុះតម្លៃលក់ថាមពលអគ្គិសនី ពី ១.៥០០រៀល មកនៅត្រឹម ៦៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដូចតម្លៃអគ្គិសនីនៅស្រុកកែវសីមា ដែលបានលក់ចែកចាយជូនពលរដ្ឋ។
លោក វណ្ណ លាង៖ «ពីមុនថាប្រើថាមពលទឹក ១.៥០០ដែរ ឥឡូវអូសភ្លើងពីវៀតណាម ផង តម្លៃនៅតែអត់ចុះទៀត។ គីឡូក៏ដើរលឿន ខ្សែមូតដូចគ្នាសោះ គេថាខ្សែយើងអត់ល្អ គេទាមទារឲ្យទិញខ្សែគេ ហើយបើយើងទាមទារមិនស្រួល គេបិទភ្លើងយើងចោល»។
វិទ្យុអាស៊ីសេរី នៅថ្ងៃច័ន្ទ ទី១៨ ខែកុម្ភៈ មិនអាចទាក់ទងសុំការបំភ្លឺពីប្រធានក្រុមហ៊ុនអគ្គិសនីខេត្ត មណ្ឌលគិរី ពីករណីនេះបានទេ។ ក៏ប៉ុន្តែ មន្ត្រីអាជ្ញាធរខេត្តមណ្ឌលគិរី ឲ្យដឹងថា តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីក្នុងក្រុងសែនមនោរម្យ មានកម្រិត ១ពាន់គីឡូវ៉ាត់ម៉ោង ចំណែកវារីអគ្គិសនីចំនួនពីរ អាចផ្តល់ថាមពលអគ្គិសនីបានត្រឹមតែ ៦០គីឡូវ៉ាត់ និងថាមពលអគ្គិសនីទិញពីប្រទេសវៀតណាម មានកម្រិត ៣០០គីឡូវ៉ាត់។
នាយកខុទ្ទកាល័យសាលាខេត្តមណ្ឌលគិរី លោក ចឹង សុចន្ថា មានប្រសាសន៍បញ្ជាក់ថា មូលហេតុដែលតម្លៃថាមពលអគ្គិសនីនៅទីរួមខេត្តថ្លៃជាងនៅស្រុក កែវសីមា គឺដោយសារថាមពលអគ្គិសនីមិនគ្រប់គ្រាន់ ត្រូវប្រើប្រាស់ម៉ាស៊ីនភ្លើងប្រើប្រេងឥន្ធនៈផលិតថាមពលអគ្គិសនី បន្ថែម ហេតុនេះទើបតម្លៃភ្លើងថ្លៃជាង។ លោកបន្តថា យ៉ាងនេះក្តីសំណូមពររបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តនឹងអន្តរាគមន៍ទៅអាជ្ញាធរអគ្គិសនីជួយដោះស្រាយបន្ត៖ «យើង ក៏ចង់ឲ្យបានអ៊ីចឹងដែរ។ ធម្មតា ប្រជាពលរដ្ឋគាត់ត្រូវការតម្លៃមួយសមរម្យ គ្រាន់ប្រើប្រាស់នឹងគេទាំងខ្ញុំទាំងគេ។ នៅនេះ ពេលខ្លះយើងប្រើម៉ាស៊ីនដល់ដាច់ភ្លើងវៀតណាម យើងប្រើម៉ាស៊ីនខ្លះ ហើយវារីអគ្គិសនីខែនេះរដូវប្រាំង យើងប្រើបានតែ ៣០%។ អ៊ីចឹងយើងត្រូវស្វែងយល់ពីគ្នាឲ្យច្បាស់ដែរ»។
កាលពីចុងសប្ដាហ៍មុននេះ មានខិត្តប័ណ្ណអនាមិកច្រើនច្បាប់ ត្រូវគេបាចផ្សព្វផ្សាយនៅផ្លូវសាធារណៈក្នុងក្រុងសែនមនោរម្យ អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមតវ៉ានៅសាលាខេត្តមណ្ឌលគិរី ទាមទារឲ្យបញ្ចុះតម្លៃលក់ថាមពលអគ្គិសនីដល់ពលរដ្ឋ។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក ហូ សំអុល បានកត់សម្គាល់ថា ភាគច្រើនប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ គឺជាជនជាតិដើមភាគតិច មានជីវភាពលំបាក ដូច្នេះតម្លៃប្រើប្រាស់អគ្គិសនីថ្លៃធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅ របស់អ្នកភូមិ។ លោកសំណូមពរអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការដោះស្រាយការតវ៉ារបស់ពលរដ្ឋបានសមស្រប៖ «បើសិនជា យកតម្លៃអគ្គិសនីខ្ពស់ពេក គាត់មិនមានលទ្ធភាពប្រើទេ។ បើយើងនិយាយពីជីវភាពជនជាតិដើមភាគតិច គាត់រកអ្វីមិនបានច្រើនទេ រាល់ថ្ងៃហ្នឹងក្នុងមួយថ្ងៃគាត់រកបានពីមួយម៉ឺន ទៅពីរម៉ឺនរៀល បើអគ្គិសនីឡើងថ្លៃទៀត មានន័យថាជីវភាពគាត់មិនលូតលាស់ទៅមុខ»។
យ៉ាងនេះក្តី ប្រជាពលរដ្ឋអ្នកតវ៉ាអះអាងថា ពួកគេនឹងប្រមូលផ្តុំគ្នាតវ៉ាជាថ្មីនៅសប្ដាហ៍ក្រោយ ប្រសិនមិនមានការដោះស្រាយតាមសំណើរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
