បណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ចាត់ទុក សកម្មភាពអ្នកតំណាងរាស្ត្រ ឈាង វុន ក្នុងការទិញស្រាបៀរ និងចែកចាយឲ្យមនុស្ស ផឹកក្នុងវត្តចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ការប្រើប្រាស់ពាក្យសម្ដីទ្រគោះបោះបោក ឥតគួរសមមកលើព្រះសង្ឃ ហើយថែមទាំងព្រមានបណ្ដេញបកស្បង់ចីវរព្រះសង្ឃ ជាការប្រមាទមកលើព្រះសង្ឃក្នុងព្រះពុទ្ធសាសនា។
ការលើកឡើងរបស់បណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដឹកនាំដោយព្រះតេជព្រះគុណ ប៊ុត ប៊ុនទិញ ក្នុងសន្និសីទសារព័ត៌មាន នៅភោជនដ្ឋានបៃតង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០៤ វិច្ឆិកានេះ។
ចំណែកលោក រិន រ៉េន អ្នកសម្របសម្រួលនៃបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បានរិះគន់ថា ទង្វើរបស់លោក ឈាង វុន ដែលជាតំណាងរាស្ត្រមួយរូប ពុំគួរគប្បីប្រើប្រាស់ពាក្យអសុរ ខ្វះសុជីវធម៌ ក្នុងនាមខ្លួនជាអ្នកកាន់ព្រះពុទ្ធសាសនា។
លោក រិន រ៉េន បន្តថាព្រះសង្ឃមានសិទ្ធិចូលរួមការងារសង្គម ជួយការងារទុក្ខលំបាករបស់ពលរដ្ឋ មិនមែនដូចជាសម្ដីលោក ឈាន វុន ថាព្រះសង្ឃមិនគួរចេះដឹងរឿងឃរាវាស ហើយស្រែកបណ្ដេញព្រះសង្ឃចេញពីវត្ត និង ព្រមានបកស្បង់ចីវររបស់ព្រះសង្ឃឡើយ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនទីញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បានសម្ដែងការខកចិត្ត ខណៈមន្ត្រីជាន់បក្សប្រជាជន និងជាតំណាងរាស្ត្រជាប់ឆ្នោតរូបនោះ ប្រើសម្ដីអសីលធម៌បែបនេះ ហើយព្រះតេជព្រះគុណ នឹងតវ៉ាដោយធ្វើបាតុកម្ម ប្រឆាំងនឹងលោក ឈាង វុន បន្ទាប់ពីបុណ្យអុំទូករួច ដើម្បីឲ្យលោក ឈាង វុន សុំទោសព្រះសង្ឃជាសាធារណៈ។
យោងច្បាប់ព្រហ្មទណ្ឌថ្មីមាត្រា ៥១៦ និយាយពីបទប្រមាទចំពោះព្រះសង្ឃ ក្នុងក្របខ័ណ្ឌនៃមុខងារ ឬក្នុងឱកាសនៃការបំពេញមុខងារ អ្នកប្រព្រឹត្តិបទល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ទី១ថ្ងៃ ទៅ ៦ថ្ងៃ និងពិន័យជាប្រាក់ពី ១ពាន់រៀល ដល់ ១សែនរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
