មន្ត្រីនៃមន្ទីរធម្មការ និងកិច្ចការសាសនាខេត្តកំពង់ឆ្នាំង បង្ហើបអោយដឹងថា មន្ទីរនឹងសហការជាមួយអនុគណស្រុករលាប្អៀរ ដើម្បីដោះស្រាយបញ្ចប់ជម្លោះនៅក្នុងវត្តឧទុម្ពរ។ ការអះអាងនេះ គឺបន្ទាប់ពីប្រធានស្ដីទីនៃមន្ទីរធម្មការ និងកិច្ចការសាសនា ទទួលបានបណ្ដឹងផ្លូវការរបស់ប្រជាពុទ្ធបរិស័ទជិត ៣០០គ្រួសារ ដែលប្ដឹងសុំដូរចៅអធិការព្រះនាម អឿ សំណាង ចេញពីវត្ត។
អធិករណ៍ ឬជម្លោះនៅវត្តឧទុម្ពរ ស្រុករលាប្អៀរ ដែលកើតឡើងរវាងចៅអធិការវត្តជាមួយពុទ្ធបរិស័ទ និងអាជ្ញាធរមូលដ្ឋានខ្លះ បានក្លាយជារឿងរ៉ាវប្ដឹងសុំដូរចៅអធិការ និងបង្កឲ្យអ្នកភូមិចំណុះជើងវត្ត ភាគច្រើនលែងធ្វើបុណ្យក្នុងវត្តនេះ។ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃ ១រោច ខែទុតិយាសាឍ ដែលជាថ្ងៃចូលព្រះវស្សា ពុំមានពុទ្ធបរិស័ទទៅធ្វើបុណ្យ ឬយកចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងវត្តទេ។
យ៉ាងណាប្រធានស្ដីទីនៃមន្ទីរធម្មការ និងកិច្ចការសាសនាខេត្តកំពង់ឆ្នាំង លោក សរ លាង បញ្ជាក់យ៉ាងខ្លីថា លោកទើបទទួលបានបណ្ដឹងសុំដូរចៅអធិការវត្តឧទុម្ពរ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា។ លោកជឿថា អធិករណ៍នៅវត្តនេះអាចដោះស្រាយចប់ក្នុងពេលឆាប់ៗ ប៉ុន្តែលោកមិនបានបង្ហាញយុទ្ធសាស្ត្រដោះស្រាយយ៉ាងណាទេ ដោយបង្ហើបថា លោកនិងអនុគណស្រុកនឹងរួមគ្នាអង្កេតរួចដោះស្រាយបញ្ហា។
ចំណែកអនុគណស្រុករលាប្អៀរ ព្រះនាម វង្ស កុសល បានស្វាគមន៍ចំពោះគំនិតដោះស្រាយរបស់មន្ត្រី នៃមន្ទីរធម្មការ តែព្រះអង្គស្ដីបន្ទោសក្រុមពលរដ្ឋដែលប្ដឹងសុំដូរចៅអធិការទៅអាជ្ញាធរស្រុក ឬខេត្តដោយមិនបានដាក់ចូលមកព្រះអង្គ ឬព្រះមេគណខេត្ត ដើម្បីដោះស្រាយតាមឋានានុក្រម។
ព្រះអង្គមានថេរដីកាថា តាមបញ្ហាដែលព្រះអង្គក្ដាប់បាន គឺមិនលំបាកដោះស្រាយនោះទេ តែសំខាន់ពលរដ្ឋខ្លះចោទព្រះសង្ឃដោយគ្មានហេតុផល៖ «ប្រជាពុទ្ធបរិស័ទមិនដឹងជាគាត់គិតយ៉ាងណា ហើយវាមានមូលហេតុច្បាស់លាស់ទេ? ដែលចេះវ៉ាប់ឡើងលោក (ព្រះសង្ឃ) នេះអីចេះចុះយើងទៅ ស្ដាប់ប្រវត្តិវត្តឧទុម្ពរ វាមិនល្មមទេ លោកតាំងពីយូរណាស់ តាំងពីសង្គមរាស្ត្រនិយមឯណោះ ទាស់គ្នារហូតចែកវត្ថគ្នាណា!»។
ចៅអធិការព្រះនាម អឿ សំណាង ត្រូវពុទ្ធបរិស័ទចោទថា បានដើរលេងយប់ ចាក់ធុងបាសឮៗពេលយប់ ពោលពាក្យមិនសមជាសង្ឃ កិបកេងបច្ច័យ និងលេងល្បែង។ អ្នកភូមិក៏រិះគន់ដែរថា ពេលខ្លះចៅអធិការព្រះនាម អឿ សំណាង មិនបានគោរពវិន័យធម៌ក្នុងនាមជាព្រះសង្ឃ ដោយគង់កូតទ្រមើលពួកនេនៗ លាត់ស្បង់ចីពរលេងឈូសដាក់លុយក្នុងបរិវេណវត្តអារាមក៏មាន។
អនុប្រធានគណៈកម្មការវត្តឧទុម្ពរ លោក អំ យន មានប្រសាសន៍ថា អ្នកភូមិឧទុម្ពរ ឃុំស្វាយជ្រំ ចំនួន ២៨៩គ្រួសារ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្តមិនពេញចិត្តចំពោះចៅអធិការព្រះនាម អឿ សំណាង ឡើយ ដោយនាំគ្នាផ្ដិតមេដៃចំនួន ៣៥០នាក់ សុំដូរព្រះអង្គ។ ជាក់ស្ដែងយាយតាចំនួន ៧០នាក់ ដែលធ្លាប់មកសុំសីល បច្ចុប្បន្ននៅសល់តែ ៧ ទៅ ១០នាក់ប៉ុណ្ណោះ ដែលចូលក្នុងវត្តសុំសីល នៅថ្ងៃសីលម្ដងៗ។
លោកថា បញ្ហានេះកើតមានតាំងពីឆ្នាំ២០១៣ ខណៈចៅអធិការ អឿ សំណាង មានរឿងអាស្រូវផ្ទួនៗ គ្នាទាក់ទងនឹងការប្រតិបត្តិវិន័យសង្ឃ និងការរៃអង្គាសបច្ច័យកសាងវត្តអារាម៖ «ពុទ្ធបរិស័ទសំណូមពរសុំផ្លាស់ប្ដូរគ្រូចៅអធិការហ្នឹង! បើមិនប្ដូរទេ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ គឺយាយតាអត់ពេញចិត្ដទៅធ្វើទេ ហើយខ្ញុំស្ដាប់សំឡេងប្រជាជនមួយចំនួនបិណ្ឌតូចនេះ គឺអត់មានទៅធ្វើវេនទេ ចាំថ្ងៃភ្ជុំធំគេទៅធ្វើតែមួយថ្ងៃចប់»។
ឆ្លើយតបនឹងការចោទប្រកាន់របស់ពុទ្ធបរិស័ទ និងគណៈកម្មការវត្តចៅអធិការវត្តឧទុម្ពរ ព្រះនាម អឿ សំណាង ប្រកែកថា ការចោទរបស់ក្រុមពលរដ្ឋ គឺពុំមានភស្តុតាងអ្វីទាំងអស់។ ប៉ុន្តែព្រះអង្គទទួលស្គាល់ថា ព្រះអង្គពិតជាបានលេងអុក និងចាក់ធុងបាសមែន តែការចោទប្រកាន់ផ្សេងទៀត ព្រះអង្គស្នើឲ្យអាជ្ញាធរ ឬមន្ត្រីសង្ឃស៊ើបអង្កេត ហើយលទ្ធផលយ៉ាងណានោះព្រះអង្គនឹងអនុវត្តតាមដោយមិនប្រកែកឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
