ព្រះសង្ឃ​៣​អង្គ​នៅ​កំពង់ធំ​ចោទ​ចៅ​អធិការ​វត្ត​ថា​បណ្ដេញ​ចេញ​ពី​វត្ត​ដោយ​គ្មាន​មូលហេតុ

0:00 / 0:00

ព្រះសង្ឃ​បី​អង្គ​ដែល​គង់​នៅ​វត្ត​ច័ន្ទរង្សី ហៅ​វត្ត​ស្រឡៅ នៅ​ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ឲ្យ​ដឹង​ថា ការ​មិន​អនុញ្ញាត​ឲ្យ​ព្រះអង្គ​គង់​នៅ​ក្នុង​វត្ត​បាន​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ ពីព្រោះ​ព្រះសង្ឃ​ទាំង​បី​អង្គ​មិន​មាន​កំហុស​អ្វី​ឡើយ។

យ៉ាង​ណា​ក៏ដោយ ចៅ​អធិការ​វត្ត​បញ្ជាក់​ថា មិន​បាន​បណ្ដេញ​ព្រះសង្ឃ​ទាំង​បី​អង្គ​នោះ​ចេញ​នោះ​ទេ គ្រាន់​តែ​មិន​មាន​កន្លែង​អាច​ទទួល​ព្រះអង្គ​ទាំង​បី​អង្គ​នោះ​ឲ្យ​គង់​នៅ​បន្ត​ទៀត​បាន។

ព្រះសង្ឃ​ទាំង​បី​អង្គ កំពុង​ស្វែងរក​មូលហេតុ​ដែល​ចៅ​អធិការ​មិន​ឲ្យ​ព្រះអង្គ​អាច​គង់​នៅ​ក្នុង​វត្ត​បន្ត​ទៀត​បាន ពីព្រោះ​ខ្លួន​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទៅ​នឹង​ធម៌​វិន័យ​របស់​ព្រះពុទ្ធ​សាសនា​ឡើយ។

ព្រះសង្ឃ​មួយ​អង្គ​ក្នុង​ចំណោម​បី​អង្គ ព្រះនាម តេ អូ មាន​ថេរ​ដីកា​ថា នៅ​ពេល​ព្រះអង្គ​ថ្វាយ​បង្គំ​លា​ចៅ​អធិការ​វត្ត​ច័ន្ទរង្សី ថា​ទៅ​លេង​ញោម​ជា​ពុទ្ធបរិស័ទ​នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម នោះ ក៏​មាន​ការ​យល់​ព្រម​ពី​ចៅ​អធិការ​ហើយ​ដែរ ប៉ុន្តែ​បាន​មួយ​ថ្ងៃ ព្រះអង្គ​និមន្ត​ត្រឡប់​មក​វិញ ស្រាប់​តែ​ចៅ​អធិការ​វត្ត​បញ្ជាក់​ថា នៅ​ក្នុង​វត្ត​មិន​មាន​កន្លែង​សម្រាប់​ទទួល​លោក​ទេ។ លើស​ពី​នេះ​ទៀត ព្រះសង្ឃ​ពីរ​អង្គ​ផ្សេង​ទៀត​ដែល​មាន​ស្រុក​កំណើត​នៅ​ក្បែរ​វត្ត​នោះ ក៏​មិន​អនុញ្ញាត​ឲ្យ​គង់​នៅ​បន្ត​ទៀត​ដែរ ក្រោយ​ពេល​ដែល​ព្រះសង្ឃ​ទាំង​ពីរ​អង្គ​នោះ បាន​និមន្ត​ទៅ​លេង​ផ្ទះ​ញោម​របស់​ខ្លួន​នៅ​ក្នុង​ភូមិ​សិរីសាមគ្គី។ ព្រះអង្គ​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ គឺ​ជា​រឿង​មួយ​ដែល​ព្រះអង្គ​មិន​អាច​ទទួល​យក​បាន និង​ខុស​ពី​ពុទ្ធិ​វិន័យ​ថែម​ទៀត​ផង។

ព្រះតេជព្រះគុណ តេ អូ៖ «បើ​និយាយ​ទៅ គឺ​ត្រឹម​ត្រូវ តែ​សម្រាប់​លោក​តែ​ម្នាក់​ឯង​ទេ សម្រាប់​គ្រូ​ចៅ​អធិការ តែ​ប្រសិន​បើ​ឲ្យ​អ្នក​ខាង​ដូចជា​ច្បាប់​សម្រាប់​ពុទ្ធសាសនា​ខាង​វិន័យ ឲ្យ​គេ​មក​ធ្វើ​ការ ឲ្យ​គេ​មក​អី ប្រហែល​ជា​គេ​ចាត់​ទុក​ថា​មិន​ត្រឹមត្រូវ​ទេ។ ហើយ​សួរ​អត់​ដឹង​មូលហេតុ អ៊ីចឹង​កំហុស​នៅ​លើ​លោក​តែ​ដដែល​ហ្នឹង ព្រោះ​អាត្មា​អត់​មាន​កំហុស​អី​ទេ។ ហើយ​មួយ​ទៀត គម្រោង​អាត្មា​ហ្នឹង​អាត្មា​នាំ​ព្រះ​វិន័យ​ធម៌​អនុគណ​មន្ត្រី​សង្ឃ​ថ្នាក់​ស្រុក​មក​ដោះស្រាយ លោក​បែរ​ជា​និយាយ​ថា​លោក​មិន​បាន​ដេញ​ទេ។ អ៊ីចឹង​បាន​ន័យ​ថា ចេតនា​របស់​លោក​មាន​ន័យ​ថា​ខ្លាចៗ​ច្បាប់»

ព្រះសង្ឃ​ទាំង​បី​អង្គ នឹង​ផ្ញើ​លិខិត​មួយ​ទៅ​ដល់​ព្រះ​វិន័យ​សង្ឃ​ថ្នាក់​ស្រុក ដើម្បី​ឲ្យ​និមន្ត​ចៅ​អធិការ​វត្ត​អង្គ​នោះ បកស្រាយ​ចំពោះ​បញ្ហា​មិន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​បី​អង្គ​គង់​នៅ​វត្ត​នោះ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ព្រះចៅ​អធិការ​វត្ត​ច័ន្ទរង្សី សុំ​លាក់​ព្រះនាម​មាន​ថេរ​ដីកា​ថា ព្រះអង្គ​មិន​បាន​ដេញ​ព្រះសង្ឃ​ទាំង​នោះ​ទេ ប៉ុន្តែ​ក្នុង​ចំណោម​ព្រះសង្ឃ​បី​អង្គ មាន​មួយ​ព្រះអង្គ​សុំ​ចេញ​ពី​វត្ត ដើម្បី​ទៅ​រក​កន្លែង​រៀន​សូត្រ។ ដោយ​ឡែក​ពីរ​អង្គ​ទៀត បម្រុង​នឹង​ចេញ​ហើយ​ដែរ។ ដូច​នេះ ព្រះអង្គ​មាន​ថេរ​ដីកា​ថា ក្នុង​វត្ត​មិន​មាន​កន្លែង​សម្រាប់​ព្រះសង្ឃ​ទាំង​នោះ​គង់​នៅ​ទៀត​ឡើយ៖ «លោក​ថា មក​នៅ​វិញ​លោក​ម៉ា​អង្គ​ដែល​ចេញ​ទៅ ប៉ុន្តែ​ពីរ​អង្គ​លោក​មក​ជាមួយ​នេះ​នៅ​ឡើយ​ទេ។ អ៊ីចឹង​ដល់​និមន្ត​មក អាត្មា​ក៏​ថា​គ្មាន​កន្លែង​ឲ្យ​នៅ​ទេ អ៊ីចេះ។ លោក​ចេញ​ចូល​ពេក​អ៊ីចឹង​ណា៎​រឿង​ហ្នឹង»

ចៅ​អធិការ​ដដែល​មាន​ថេរ​ដីកា​បន្ថែម​ថា នឹង​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​ទាំង​បី​អង្គ​គង់​នៅ​បន្ត ប៉ុន្តែ​លុះត្រា​តែ​កែប្រែ​នូវ​ចំណុច​អវិជ្ជមាន​មួយ​ចំនួន ពីព្រោះ​កន្លង​មក ព្រះអង្គ​ដឹង​ថា ព្រះសង្ឃ​ទាំង​បី​អង្គ​នោះ​ប្រព្រឹត្ត​ខុស​ពី​វិន័យ​សង្ឃ​នៅ​ក្នុង​វត្ត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ព្រះសង្ឃ​ទាំង​បី​អង្គ​យល់​ថា នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​មួយ​ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់ និង​មាន​ចេតនា​បង្ខូច​កិត្តិយស​ព្រះអង្គ​តែ​ប៉ុណ្ណោះ។ រឿង​មិន​ឲ្យ​ព្រះសង្ឃ​ទាំង​បី​អង្គ​អាច​គង់​នៅ​ក្នុង​វត្ត​នោះ ក៏​មាន​ពាក់ព័ន្ធ​ជាមួយ​មេ​ភូមិ​សិរីសាមគ្គី​ខាង​ជើង​ទៀត​ផង។

ចំណែក​មេ​ភូមិ​សិរីសាមគ្គី​ខាង​ជើង លោក ទេព ណេត មាន​ប្រសាសន៍​ថា លោក​មិន​ពាក់ព័ន្ធ​រឿង​នេះ​ឡើយ រីឯ​ការ​សម្រេច​មិន​ឲ្យ​ព្រះអង្គ​គង់​នៅ​យ៉ាង​ណា​នោះ គឺ​សម្រេច​លើ​ចៅ​អធិការ​វត្ត និង​គណៈកម្មាធិការ​វត្ត​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា លោក​ក៏​មិន​អាច​សម្របសម្រួល​រឿង​នេះ​បាន​ដែរ ពីព្រោះ​វា​គឺ​ជា​ភារកិច្ច​របស់​ថ្នាក់​ដឹក​នាំ​សង្ឃ។

ព្រះសង្ឃ​ទាំង​បី​អង្គ​ដែល​កំពុង​គង់​ស្នាក់​នៅ​ផ្ទះ​របស់​ញោម​ខ្លួន​នៅ​ក្បែរ​វត្ត​នោះ បញ្ជាក់​ថា ព្រះអង្គ​មិន​ចង់​ចូល​ទៅ​គង់​នៅ​ក្នុង​វត្ត​វិញ​ទេ ប៉ុន្តែ​គ្រាន់​តែ​ចង់​ឲ្យ​ព្រះចៅ​អធិការ​វត្ត​អង្គ​នោះ បំភ្លឺ​ពី​មូលហេតុ​នៃ​ការ​បណ្ដេញ​ព្រះសង្ឃ​ដែល​មិន​មាន​កំហុស​សោះ​ចេញ​ពី​វត្ត និង​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ព្រះអង្គ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ខេត្ត​កំពង់ធំ លោក ឈួម រុណ មាន​ប្រសាសន៍​ថា ប្រសិន​បើ​មាន​ពាក្យ​បណ្ដឹង​មក​ខាង​លីកាដូ នោះ លោក​នឹង​ចុះ​ស្រាវជ្រាវ​ជុំវិញ​បញ្ហា​នេះ។ លោក​ថា ប្រសិន​បើ​ការ​បណ្ដេញ​ព្រះសង្ឃ​ចេញ​ដោយ​គ្មាន​កំហុស​អ្វី​នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ជា​ការ​រើសអើង ប៉ុន្តែ​ប្រសិន​បើ​ព្រះសង្ឃ​ទាំង​នោះ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​ធម៌​វិន័យ​នោះ ខាង​មន្ត្រី​សង្ឃ និង​ខាង​ក្រសួង​ពាក់ព័ន្ធ ជា​អ្នក​ចាត់​វិធានការ​ចំពោះ​ព្រះសង្ឃ​ទាំង​នោះ​ទៅ​តាម​ពុទ្ធិ​វិន័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។