ព្រះសង្ឃ​ធ្វើ​ពិធី​ឧទ្ទិស​កុសល​ដល់​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​៩

0:00 / 0:00

ពុទ្ធបរិស័ទ​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា រួម​ទាំង​ព្រះសង្ឃ បាន​រួម​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​លើក​ដំបូង​នៅ​លើ​ស្ពាន​មេគង្គ​ខែត្រ​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ។ ការ​ប្រារព្ធ​ពិធី​នេះ ផ្ដោត​សំខាន់​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវ​ជាតិ​លេខ​៩ និង​ពញ្ញាក់​ស្មារតី​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ពេល​ធ្វើ​ចរាចរណ៍។

ព្រះសង្ឃ​ចំនួន ២៨០​អង្គ​មក​ពី​វត្ត​នានា​ក្នុង​ខែត្រ​ស្ទឹងត្រែង បាន​និមន្ត​ដង្ហែ​រាប់បាត្រ និង​សូត្រ​ធម៌​លើ​ស្ពាន​មេគង្គ ផ្ដើម​ពី​ត្រើយ​ម្ខាង​នៃ​ក្រុង​ស្ទឹងត្រែង ឆ្ពោះ​ទៅ​ត្រើយ​ម្ខាង​នៃ​ស្រុក​ថាឡាបរិវ៉ាត់ ដែល​មាន​ពុទ្ធបរិស័ទ​ជាង ៥០០​នាក់​ចូលរួម​ពិធី​បុណ្យ​នេះ។ ពលរដ្ឋ​រំពឹង​ថា ពិធី​នេះ​ក៏​ជា​សញ្ញា​បង្ហាញ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដែល​ជា​ផ្នែក​មួយ​រួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

ពលរដ្ឋ​ចូលរួម​ពិធី​បុណ្យ លោក​យាយ គង់ ថេត វ័យ​ជាង ៧០​ឆ្នាំ កត់​សម្គាល់​ថា កន្លង​ទៅ​មាន​មនុស្ស​ស្លាប់ និង​របួស​ច្រើន​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៩ នៃ​ស្រុក​ថាឡាបរិវ៉ាត់ ជាពិសេស​នៅ​លើ​ស្ពាន​មេគង្គ។ បញ្ហា​នេះ ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​បាន​មូល​មតិ​គ្នា​ប្រារព្ធ​ពិធី​រាប់បាត្រ ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ដើម្បី​រំដោះ​គ្រោះ​ពលរដ្ឋ​ឲ្យ​ទទួល​បាន​សេចក្តី​សុខ​ចម្រើន៖ «គ្រោះថ្នាក់​ច្រើន ម៉្លោះ ​ហើយ​ចង់​ឲ្យ​សព​សត្វ​នៅ​កន្លែង​នេះ​បាន​សុខ​ចម្រើន កុំ​ឲ្យ​មាន​ងាប់​តាម​ផ្លូវ​ចរាចរណ៍ និង​តាម​ស្ពាន​តាម​អី »

ផ្លូវ​ជាតិ​លេខ​៩ ចាប់​ពី​ស្ពាន​មេគង្គ​រហូត​ដល់​ខែត្រ​ព្រះវិហារ មាន​ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ ត្រូវ​បាន​រដ្ឋាភិបាល​កសាង​ឡើង​នៅ​ឆ្នាំ​២០១១ និង​មាន​មនុស្ស​ធ្វើ​ដំណើរ​ច្រើន នៅ​គ្រា​ដែល​ស្ពាន​មេគង្គ​កសាង​រួច​នៅ​ឆ្នាំ​២០១៤។

ព្រះ​អនុគណ​ស្រុក​ថាឡាបរិវ៉ាត់ ព្រះតេជព្រះគុណ ពុធ យ៉ាំ មាន​ថេរ​ដីកា​ថា តាម​ការ​គ្រោង​ទុក ព្រះអង្គ​នឹង​ដឹកនាំ​ពុទ្ធបរិស័ទ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​មួយ​ឆ្នាំ​ម្តង ដើម្បី​បង្ហាញ​ឲ្យ​សាធារណជន និង​ពុទ្ធបរិស័ទ​យក​ចិត្ត​ទុក​ដាក់​គោរព​ច្បាប់​ចរាចរណ៍ និង​ធ្វើ​ដំណើរ​ដោយ​ប្រុង​ប្រយ័ត្ន។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា គោល​បំណង​សំខាន់​ដែល​ធ្វើ​ពិធី​បុណ្យ​នេះ ដើម្បី​ផ្សាយ​មេត្តាធម៌​ដល់​ពលរដ្ឋ​ឲ្យ​ទទួល​បាន​សុខ​ចម្រើន និង​ឧទ្ទិស​មគ្គផល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍៖ «អាត្មា​ប្រារព្ធ​ធ្វើ​នេះ គឺ​អាត្មា​ចេញ​ថវិកា​ខ្លួន​ឯង ដើម្បី​រៀបចំ​កម្មវិធី​នេះ​ឡើង ប្រយោជន៍​ឲ្យ​ពុទ្ធបរិស័ទ​បាន​សេចក្តី​សុខ​ទាំងអស់​គ្នា »

របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ថាឡាបរិវ៉ាត់ ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០១៤ មនុស្ស​ស្លាប់​លើ​ផ្លូវ​ជាតិ​លេខ​៩ ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ចំនួន ៣៦​នាក់ ក្នុង​នោះ​មាន ៦​នាក់​បាន​ស្លាប់​នៅ​លើ​ស្ពាន​មេគង្គ។

អធិការ​រង​ស្រុក​ថាឡាបរិវ៉ាត់ លោក អ៊ី លឿ មាន​ប្រសាសន៍​ថា នគរបាល​ស្រុក​ថាឡាបរិវ៉ាត់ ជាង ១០​នាក់ បាន​ដាក់​ពង្រាយ​កម្លាំង​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ក្នុង​ពិធី​នេះ។ លោក​ចាត់​ទុក​ពិធី​បុណ្យ​នេះ​មាន​សារសំខាន់ ដើម្បី​ដាស់​ស្មារតី​ពលរដ្ឋ ឬ​អ្នក​ដំណើរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា៖ «សម្រាប់​ធ្វើ​ដំណើរ​ចូលរួម​មាន​ការ​យល់​ដឹង គាត់​ឈប់​ឡាន​គាត់​សួរ​ដែរ ថា​កម្មវិធី​អី ? ហើយ​យើង​ក៏​បាន​បំភ្លឺ​គាត់​ដែរ ថា​យើង​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ »

កាល​ពី​ឆ្នាំ​២០១៥ មន្ត្រី​អាវុធហត្ថ​ខែត្រ​ស្ទឹងត្រែង ម្នាក់​បាន​ស្លាប់ នៅ​គ្រា​ដែល​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​នៅ​ពេល​យប់​បុក​គោយន្ត​ពលរដ្ឋ​ពី​ខាង​ក្រោយ។ នៅ​ឆ្នាំ​២០១៦ មាន​យុវជន ៦​នាក់​ក្នុង​នោះ​យុវតី ២​នាក់​បាន​ស្លាប់​នៅ​លើ​ស្ពាន​មេគង្គ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។