ក្រុមប្រជាពលរដ្ឋនិងព្រះសង្ឃប្រមាណ ៣០០នាក់និងអង្គ បានប្រមូលផ្ដុំគ្នាកាលពីរសៀលថ្ងៃទី១៣ ធ្នូ កន្លងទៅ នៅបរិវេណវត្តបវេល ខេត្តបាត់ដំបង តវ៉ាប្រឆាំងនឹងសេចក្ដីសម្រេចរបស់មន្ត្រីសង្ឃខេត្ត ដែលឲ្យដកអតីតព្រះគ្រូសូត្រឆ្វេង និងស្ដាំចេញពីវត្ត។ ប្រជាពលរដ្ឋបញ្ជាក់ថា ការដកតំណែងនេះគឺជារឿងមួយអយុត្តិធម៌លើព្រះអង្គ។
ក្រុមប្រជាពលរដ្ឋតវ៉ានេះ កើតមានបន្ទាប់ពីអាជ្ញាធរមន្ត្រីធម្មការ និងមន្ត្រីសង្ឃស្រុកបវេល បាននាំកម្លាំងសមត្ថកិច្ចចុះទៅដកតំណែងអតីតគ្រូសូត្រឆ្វេងនិងស្ដាំចេញពីវត្តបវេល ហើយឲ្យព្រះអង្គទៅគង់នៅវត្តផ្សេងនៅស្រុកបាណន់ ខេត្តបាត់ដំបង វិញ។ បន្ទាប់ពីសំឡេងទូងស្គរភ្លាម ក្រុមប្រជាពលរដ្ឋរត់ឈូចុះឈូឡើងសំដៅទៅក្រុមសមត្ថកិច្ច ហើយស្រែកថា ការដកព្រះអង្គចេញពីវត្តនេះជារឿងអយុត្តិធម៌។
«សំឡេងស្រែក»
ក្រុមប្រជាពលរដ្ឋថ្លែងទាំងខឹងសម្បាថា អាជ្ញាធរនិងមន្ត្រីសង្ឃឃុបឃិតគ្នាដកតំណែងព្រះអង្គចេញពីវត្តបវេលនេះ ជាទង្វើមួយគ្មានហេតុផលទាល់តែសោះ គឺធ្វើឡើងទាំងបង្ខំដោយពុំមានការយល់ព្រមពីប្រជាពលរដ្ឋចំណុះជើងវត្តនោះឡើយ។ អ្នកភូមិនិយាយថា ការដឹកនាំក្នុងវត្តកន្លងមក អតីតព្រះគ្រូសូត្រឆ្វេងនិងគ្រូសូត្រស្ដាំពុំមានកំហុសអ្វីនោះទេ គឺព្រះអង្គតែងតែដឹកនាំប្រជាពលរដ្ឋឲ្យចេះគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនាមិនដែលខ្វះចន្លោះឡើយ ហើយព្រមទាំងសាងសង់ និងរៀបចំទីធ្លាវត្តអារាមឲ្យរីចំរើនជាបន្តបន្ទាប់ទៀតផង៖ «ខ្ញុំគាំទ្រព្រះអង្គថាជាមនុស្សល្អ មិនត្រូវដកចេញពីវត្តនោះទេ ព្រោះគេដកលោកនេះជារឿងមិនត្រឹមត្រូវឡើយ។ អ្នកដែលធ្វើខុសអាជ្ញាធរមិនដេញចេញបែរជាទៅដេញព្រះទៅវិញ ធ្វើដូចនេះពួកយើងខ្ញុំមិនសុខចិត្តជាដាច់ខាត»។
ក្រុមប្រជាពលរដ្ឋអះអាងថា ហេតុដែលមន្ត្រីសង្ឃស្រុកនិងអាជ្ញាធរពាក់ព័ន្ធដកព្រះអង្គចេញពីវត្តនេះ ជាគំនិតរបស់អាចារ្យវត្តបវេល ឈ្មោះលោក ហាច អ៊ឹប ក្នុងគោលចំណងដើម្បីងាយស្រួលក្ដោបក្ដាប់ថវិកាក្នុងវត្ត ពីព្រោះថា កន្លងមកព្រះសង្ឃទាំង២ព្រះអង្គនោះជាឆ្អឹងទទឹងកធ្វើឲ្យអាចារ្យវត្តពិបាកក្នុងការចាយវាយថវិកាវត្ត៖ «ដោយសារគណៈកម្មការស៊ីលុយវត្ត ដូចជាពួកយើងខ្ញុំអ៊ីចឹង អស់ប្រាក់ម្នាក់រាប់ពាន់ដុល្លារបរិច្ចាគជូនវត្តដើម្បីសាងសង់សំណង់ផ្សេងៗក្នុងវត្ត តែអាចារ្យវត្តយកទៅចាយវាយផ្ទាល់ខ្លួនអស់។ ដូចនេះក្នុងនាមខ្ញុំជាប្រជាពលរដ្ឋចំណុះជើងវត្តបវេល មិនឲ្យព្រះសង្ឃទាំង ២ព្រះអង្គចេញពីវត្តជាដាច់ខាត»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងលោក ហាច អ៊ឹប អាចារ្យវត្តបវេល ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះបានទេនៅថ្ងៃទី១៤ ធ្នូ។
ទោះយ៉ាងនេះក្ដី ប្រធានមន្ទីរធម្មការ និងសាសនាស្រុកបវេល លោក ណុប សុខា មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរពុំបានទៅដកហូតតំណែងព្រះសង្ឃចេញពីវត្តដូចការចោទប្រកាន់នោះទេ គឺគ្រាន់តែចុះទៅអនុវត្តតាមសេចក្ដីសម្រេចរបស់ព្រះគណៈសង្ឃខេត្ត ដើម្បីជៀសវាងកុំឲ្យកើតជម្លោះធ្វើឲ្យបែកបាក់សាមគ្គីគ្នារវាងប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងវត្តបវេលនៅថ្ងៃខាងមុខ៖ «បាទ! វាបង្កើតបញ្ហាទៅជាការកៀរគរពុទ្ធបរិស័ទពេក ធ្វើប្រកាន់បក្សពួក ហើយបើបណ្ដោយយូរៗទៅធ្វើឲ្យអស់តម្លៃព្រះពុទ្ធសាសនា ព្រោះសាសនាយើងត្រូវប្រមូលគ្នាធ្វើបុណ្យទាន បើយើងពាក់មុខដាក់គ្នាអ៊ីចឹងមិនមែនព្រះពុទ្ធសាសនាទេ»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា រឿងវិវាទក្នុងវត្តបវេលនេះ អាជ្ញាធរគ្មានសិទ្ធិអំណាចទៅដកហូតតំណែងព្រះអង្គចេញពីវត្តនោះទេ។ លោកបញ្ជាក់ថា ការដឹកនាំវត្តអារាមជាតួនាទីរបស់ព្រះសង្ឃ ចំណែកគណៈកម្មការអាចារ្យវត្តគួរដកខ្លួនឲ្យឆ្ងាយពីការគ្រប់គ្រងថវិការបស់វត្ត ដើម្បីកុំឲ្យប្រជាពលរដ្ឋអាក់អន់ស្រពន់ចិត្ត ហើយធ្វើឲ្យមានទំនាស់ក្នុងវត្តនៅពេលខាងមុខទៀត។
លោកបន្ថែមថា នៅក្នុងករណីទំនាស់នេះ ប្រសិនជាព្រះសង្ឃទាំង២ព្រះអង្គមានកំហុសមែននោះ ប្រជាពលរដ្ឋចំណុះជើងវត្តនឹងមិនទៅគាំទ្រព្រះអង្គឡើយ៖ «ខ្ញុំយល់ឃើញថា អាជ្ញាធរកុំលូកដៃជ្រៅពេក ហើយបើកផ្លូវឲ្យមានការចូលរួមពីពុទ្ធបរិស័ទធ្វើការជជែកគ្នារកដំណោះស្រាយ។ ម្យ៉ាងទៀត ការសាងសង់មិនត្រូវឲ្យបុគ្គលណាម្នាក់គ្រប់គ្រងតែឯកឯងនោះទេ គឺត្រូវបង្កើតជាគណៈកម្មការត្រួតពិនិត្យប្រសើរជាង ហើយអាចារ្យវត្តមិនត្រូវទៅជ្រៀតជ្រែកកិច្ចរបស់ព្រះសង្ឃទេ»។
កាលពីចុងឆ្នាំ២០១២ កន្លងទៅ វិវាទក្នុងវត្តបវេល ឃុំនិងស្រុកបវេល ខេត្តបាត់ដំបង បានផ្ទុះឡើងដោយការខ្វែងគំនិតគ្នាអំពីភាពមិនប្រក្រតីទៅលើការគ្រប់គ្រងថវិកាសាងសង់សំណង់ក្នុងវត្ត។ អ្នកភូមិអះអាងថា កាលណោះអាចារ្យវត្តបានចោទប្រកាន់ថា ព្រះអង្គគ្រូសូត្រឆ្វេងនិងស្ដាំធ្វើឲ្យបាត់ថវិកាវត្តប្រមាណជាង ១ម៉ឺនដុល្លារអាមេរិក។ ក្រុមប្រជាពលរដ្ឋនិងព្រះសង្ឃក្នុងវត្តបដិសេធចំពោះការចោទប្រកាន់របស់អាចារ្យវត្តនេះថា ជារឿងមិនពិតនោះឡើយ ដោយថា ការចោទប្រកាន់នេះ គ្រាន់តែជាលេសមួយរបស់អាចារ្យវត្តប៉ុណ្ណោះ ដើម្បីគេចពីការទទួលខុសត្រូវដែលខ្លួនប្រព្រឹត្តខុសកន្លងមក។ ដោយសារតែបញ្ហានេះ ធ្វើឲ្យប្រជាពលរដ្ឋចំណុះជើងវត្តនិងព្រះសង្ឃខឹងសម្បាហើយប្រមូលគ្នាតវ៉ាប្រឆាំងនឹងអាចារ្យវត្តបវេល ជាបន្តបន្ទាប់។ ក្រោយមកនៅថ្ងៃទី១៣ ធ្នូ អាជ្ញាធរស្រុកបវេល ដឹកនាំកម្លាំងសមត្ថកិច្ចពាក់ព័ន្ធប្រមាណជាង ១០នាក់ ចុះអនុវត្តសេចក្ដីសម្រេចរបស់ព្រះមេគណខេត្តបាត់ដំបង ដើម្បីដកអតីតព្រះគ្រូសូត្រឆ្វេងនិងស្ដាំចេញវត្តបវេល។ ចំណុចត្រង់នេះហើយទើបធ្វើប្រជាពលរដ្ឋនិងព្រះសង្ឃក្នុងវត្តងើបតវ៉ាជាថ្មីទាំងយប់ងងឹត ដោយថា អាជ្ញាធរដកព្រះអង្គចេញពីវត្តអារាមនេះ ជារឿងអយុត្តិធម៌ និងគ្មានហេតុនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
