ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចង់​ឲ្យ​មាន​ក្រុមហ៊ុន​លើក​ដាក់​ទំនិញ​នៅ​កំពង់ផែ​កាន់​តែ​ច្រើន

ប្រធាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន បាន​អះអាង​ថា សេវា​លើក​ទំនិញ​ដាក់​កប៉ាល់ ឬ​នាវា​នៅ​តាម​កំពង់ផែ​នានា នៅ​ប្រទេស​កម្ពុជា មាន​តម្លៃ​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង។ ការ​យក​ថ្លៃ​ខ្ពស់​នេះ ដោយសារ​តែ​មាន​ក្រុមហ៊ុន​តែ​មួយ​គត់​ជា​អ្នក​ទទួល​ខុស​ត្រូវ និង​ជា​អ្នក​កំណត់​ថ្លៃ​លើក​ដាក់​ទំនិញ​នៅ​តាម​កប៉ាល់។

0:00 / 0:00

ក្រុមហ៊ុន​ដឹក​ជញ្ជូន ទាមទារ​ចង់​ឲ្យ​មាន​ក្រុមហ៊ុន​លើក​ដាក់​ទំនិញ​កាន់​តែ​ច្រើន​ទៀត ដើម្បី​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​រវាង​វិស័យ​ឯកជន លើ​ផ្នែក​ដឹក​ជញ្ជូន​តាម​នាវា​ឲ្យ​កាន់​តែ​ប្រសើរ។

អ្នក​វិនិយោគ​មួយ​ចំនួន ដែល​ចង់​បង្កើត​ក្រុមហ៊ុន​ផ្ដល់​សេវា​លើក​ដាក់​ទំនិញ​នៅ​តាម​កប៉ាល់ និង​នាវា​បរទេស សង្កេត​ឃើញ​ថា មាន​ការ​រើសអើង ឬ​មិន​អនុញ្ញាត​មិន​ឲ្យ​ក្រុមហ៊ុន​ប្រភេទ​នេះ​ច្រើន​ឡើយ នៅ​តាម​កំពង់ផែ​នានា​នៅ​ប្រទេស​កម្ពុជា។

បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​តែ​មួយ​ប៉ុណ្ណោះ​ដែល​ផ្ដល់​សេវា​លើក​ដាក់​ទំនិញ​នៅ​តាម​កប៉ាល់ នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ។ អ្នក​ដែល​ចង់​បង្កើត​សេវា​នេះ បាន​អះអាង​ទៀត​ថា ការ​វិនិយោគ​បន្ថែម​លើ​ការ​បង្កើត​ក្រុមហ៊ុន​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ​នេះ នឹង​បង្កើត​ឲ្យ​មាន​សេវាកម្ម​លើក​ដាក់​ទំនិញ​នៅ​តាម​កប៉ាល់​កាន់​តែ​ប្រសើរ និង​កាត់​បន្ថយ​តម្លៃ​ដឹក​ទំនិញ​បាន​ជា​អតិបរមា។

ប្រធាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ចំនួន បាន​រក​ឃើញ​ថា សេវា​ដឹក​ជញ្ជូន​ដឹក​ទំនិញ​នៅ​តាម​នាវា​នៅ​ប្រទេស​កម្ពុជា មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង។ ដើម្បី​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន​នៅ​តាម​នាវា រដ្ឋាភិបាល និង​អ្នក​ដែល​ពាក់ព័ន្ធ ត្រូវ​បង្កើត​ឲ្យ​មាន​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​លើក​ដាក់​ទំនិញ​នេះ​ឲ្យ​កាន់​តែ​ច្រើន ដើម្បី​បង្កើន​ភាព​ប្រកួត​ប្រជែង​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន​ទំនិញ​ជាដើម។

ប្រធាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ អិល.អេ វឺលវ៉ាយ ឡូជីសស្ទិច (LA World Wide Logistics) នៅ​តាម​កំពង់ផែ ព្រះសីហនុ លោក ហង់ សុបាលីយ៉ា មាន​ប្រសាសន៍​ថា សេវា​លើក​ដាក់​ទំនិញ​តាម​កប៉ាល់​មាន​តម្លៃ​ខ្ពស់ ដោយសារ​តែ​នៅ​កំពង់ផែ ព្រះសីហនុ មាន​ក្រុមហ៊ុន​តែ​មួយ​ជា​អ្នក​ទទួល​ខុស​ត្រូវ និង​កំណត់​ថ្លៃ​លើក​ដាក់​ទំនិញ ដោយ​គ្មាន​ការ​ប្រកួត​ប្រជែង​ពី​ក្រុមហ៊ុន​ដទៃ​ទៀត​ឡើយ។

លោក ហង់ សុបាលីយ៉ា មាន​ប្រសាសន៍​បន្ថែម​ថា បើ​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​ចាប់​យក​ទីផ្សារ​សេរី គួរ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុមហ៊ុន​ដទៃ​ទៀត​អាច​វិនិយោគ បង្កើត​ភ្នាក់ងារ​លើក​ដាក់​ទំនិញ​តាម​កប៉ាល់​ដោយ​គ្មាន​ការ​រារាំង​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់។

បន្ថែម​លើ​បញ្ហា​នេះ ប្រទេស​កម្ពុជា មាន​តែ​ភ្នាក់ងារ​កម្ពុជា នាវាចរណ៍​តែ​មួយ​គត់ ជា​ការ​វិនិយោគ​រវាង​ភាគី​រដ្ឋ និង​ឯកជន។ ក្រុមហ៊ុន​នេះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​លើក​ដាក់​ទំនិញ ដែល​ហៅ​ថា ភ្នាក់ងារ​កម្ពុជា នាវាចរណ៍ ដែល​ហៅ​កាត់ កាំសាប ដែល​បាន​បង្កើត​ឡើង​រយៈពេល ៣០​ឆ្នាំ​មក​ហើយ​នោះ។

អ្នក​គ្រប់គ្រង​ផ្នែក​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន ស៊ី.ដាប់បលយូ.ធី (CWT Commodity Cambodia) លោក យន់ ភិរុណ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា មាន​ភ្នាក់ងារ​តែ​មួយ​ដែល​រដ្ឋាភិបាល​បាន​បង្កើត​រវាង​វិស័យ​ឯកជន ដើម្បី​សហការ​ជាមួយ​កំពង់ផែ ដើម្បី​ទទួល​ខុស​ត្រូវ​លើក​ដាក់​ទំនិញ​ដែល​ចត​នៅ​កំពង់ផែ។ លោក​បញ្ជាក់​ថា កំណត់​ថ្លៃ គឺ​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​ប្រទេស​នានា​នៅ​លើ​ពិភពលោក។

លោក យន់ ភិរុណ បាន​បន្ថែម​ថា ក្រុមហ៊ុន​របស់​លោក​ជា​ក្រុមហ៊ុន​ដឹក​ទំនិញ​បន្ត​ទៅ​ឲ្យ​ភ្នាក់ងារ​លើក​ដាក់​ទំនិញ នៅ​តាម​កំពង់ផែ ព្រះសីហនុ ហើយ​ការ​កំណត់​ថ្លៃ​ដឹក​ទំនិញ​បន្ត គឺ​ជា​ការ​កំណត់​តាំង​ពី​សម័យ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះបាទ នរោត្តម ព្រះសីហនុ ក្នុង​ទសវត្សរ៍​ឆ្នាំ​៨០។

ក្រុមហ៊ុន​ដឹក​នាំ​ទំនិញ​បន្ត​ទៅ​កាន់​កំពង់ផែ ដែល​ហៅ​ថា ឡូជីសស្ទិច ហ្វរវឺតឌឺ (Logistic forwarders) បាន​រិះគន់​ថា ថ្លៃ​លើក​ដាក់​ទំនិញ​តាម​កប៉ាល់ និង​ថ្លៃ​ដឹក​ជញ្ជូន​បន្ត​មាន​តម្លៃ​ថ្លៃ​ជាង​ប្រទេស​ជិត​ខាង ដោយសារ​តែ​ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​តែ​មួយ​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​លើក​ដាក់​ទំនិញ​តាម​កប៉ាល់​ទាំង​នោះ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ភ្នាក់ងារ​កម្ពុជា នាវាចរណ៍ ដែល​ហៅ​កាត់​ថា កាំសាប លោក រស់ វណ្ណា មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​ច្រើន​ដែល​ធ្វើ​ការ​ជា​ភ្នាក់ងារ​លើក​ដាក់​ទំនិញ​នៅ​តាម​កំពង់ផែ​នានា​នៅ​ប្រទេស​កម្ពុជា។

លោក រស់ វណ្ណា មាន​ប្រសាសន៍​បន្ថែម​ថា កិច្ចការ​របស់​ភ្នាក់ងារ​កម្ពុជា នាវាចរណ៍ ដែល​ហៅ​កាត់​ថា កាំសាប គឺ​ធ្វើ​ការ​ជា​អ្នក​តំណាង​ឲ្យ​ភ្នាក់ងារ​នាវា​បរទេស ដែល​ដឹក​ទំនិញ​ចត​នៅ​កំពង់ផែ ព្រះសីហនុ។ បច្ចុប្បន្ន នាវា​បាន​ដឹក​ទំនិញ​ឆ្លង​កាត់​កំពង់ផែ បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​រយៈពេល​ចុង​ក្រោយ​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ អគ្គនាយក​រង​នៃ​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ លោក ម៉ា ស៊ុនហួត មាន​ប្រសាសន៍​ថា តម្លៃ​ដឹក​ជញ្ជូន​តាម​នាវា​មាន​តម្លៃ​ខ្ពស់ គឺ​អាស្រ័យ​លើ​ទំហំ​របស់​កប៉ាល់​ដែល​ផ្ទុក​ទំនិញ​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា បាន​តិចតួច។ លោក​បញ្ជាក់​ទៀត​ថា ចំពោះ​ការ​លើក​ដាក់​ទំនិញ គឺ​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​ប្រទេស​ជិត​ខាង​ដែរ។

លោក ម៉ា ស៊ុនហួត មាន​ប្រសាសន៍​បន្ថែម​ថា ការ​កំណត់​ថ្លៃ​លើក​ដាក់​ទំនិញ​នៅ​កំពង់ផែ គឺ​ចេញ​ពី​ការ​ព្រមព្រៀង​របស់​ក្រុម​ប្រឹក្សា​របស់​កំពង់ផែ ព្រះសីហនុ។ ប៉ុន្តែ ការ​កំណត់​ថ្លៃ​លើ​ការ​ដឹក​ទំនិញ​ចេញ​ពី​កំពង់ផែ មិន​មែន​ជា​ការ​កំណត់​របស់​ក្រុម​ប្រឹក្សា​កំពង់ផែ ឡើយ។ លោក​បញ្ជាក់​ថា ភ្នាក់ងារ​កម្ពុជា នាវាចរណ៍ ដែល​ហៅ​កាត់​ថា កាំសាប ជា​អ្នក​ទទួល​ខុស​ត្រូវ​លើក​ដាក់​ទំនិញ​ដាក់​កប៉ាល់ ជា​ថ្នូរ​នឹង​តម្លៃ​សេវាកម្ម​ដែល​បាន​កំណត់​រួច​ជា​ស្រេច។

ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​ពន្យល់​ថា ការ​បើក​ឲ្យ​មាន​វិនិយោគ​ច្រើន​លើ​វិស័យ​ណា​មួយ នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ចំណេញ​ច្រើន។ វិស័យ​ឯកជន​ដែល​វិនិយោគ​ផលិត​ទំនិញ​ណា​មួយ បាន​ដើរ​តួនាទី​សំខាន់ ដើម្បី​ជួយ​ពន្លឿន​ការ​ធ្វើ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ជាតិ ប៉ុន្តែ​ទំនិញ​សាធារណៈ​សំខាន់​មួយ​ចំនួន​ដែល​ជា​តម្រូវ​ការ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដូច​ជា​ទឹក ភ្លើង ក៏​មិន​អាច​ឲ្យ​វិស័យ​ឯកជន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ឡើយ ដើម្បី​ជៀសវាង​ការ​ផ្ដាច់​មុខ និង​ឡើង​ថ្លៃ​តាម​ទំនើង​ចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។